ស្ត្រី​ខ្មែរ​៤​នាក់​ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ឃុំខ្លួន​អស់​ជាង​មួយ​សប្តាហ៍

ស្ត្រី​ខ្មែរ​៤​នាក់​ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ឃុំខ្លួន​អស់​ជាង​មួយ​សប្តាហ៍



តាកែវ ៖ មានការ​ដោះលែង​ស្ត្រី​ខ្មែរ​៤​នាក់ ​ដែល​ជា​កូន​ប្រពន្ធ​របស់​អ្នកមាន​មុខមាត់​នៅ​ក្នុង​ខេត្ត​តាកែវ បន្ទាប់ពី​ទា​ហ៊ាន​ព្រំដែន​វៀតណាម​ចាប់​យក​ទៅ​ឃុំខ្លួន​អស់​រយៈពេល​៩​ថ្ងៃ​មក​ហើយ ក្រោម​បទចោទប្រកាន់​លួច​ចូល​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​និង​នាំ​លុយ​ឆ្លងដែន​ច្រើន​សន្ធឹក​សន្ធាប់​នោះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​សម្រេច​ដោះលែង​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃអង្គារ៍​ទី៥ ខែមេសា ឆ្នាំ២០១៦ នេះ បន្ទាប់ពី​មានការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​និង​ពី​មន្ត្រី​នគរ​បាល​ជាន់ខ្ពស់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ។

បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរ​បាល​ខេត្តតាកែវ​ដែល​ផ្ញើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​ទាំង​៤​នាក់​ដែល​ជា​កូន​ប្រពន្ធ​អ្នកមាន​មុខមាត់​រស់នៅ​ក្នុង​ខេត្តតាកែវ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​អាន​យ៉ាង​របស់​វៀតណាម​សម្រេច​ដោះលែង​ជា​បណ្ដោះអាសន្ន​។ ហើយ​ពួកគាត់​ទាំង​៤​នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល។

របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​បាន​បន្ត​ថា បើ​ទោះបី​ជា​ត្រូវ​បាន​ដោះលែង​យ៉ាងណាក៏ដោយ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ដែល​មាន​លុយ​ជិត​១​ពាន់​លាន​ដុង​ និង​សម្ភារៈ​ជា​គ្រឿងអលង្ការ​មួយ​ចំនួនទៀត​នោះ អាជ្ញាធរ​វៀតណាម​មិនបាន​ប្រគល់​ឲ្យ​ស្ត្រី​ទាំង​៤​នាក់​ខាងលើ​នៅឡើយ​ទេ ដោយ​អាជ្ញាធរ​វៀតណាម​រង់ចាំ​ការ​បញ្ចប់​នីតិ​វិធី​រួចរាល់​សិន​ ទើប​ប្រគល់​ឲ្យ​នៅ​ពេល​ក្រោយ។

តាម​សម្តី​សមត្ថកិច្ច​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន​ដែល​ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ស្ត្រី​ខ្មែរ​ទាំង​៤​នាក់ ​ខាងលើ គឺ​មកពី​ស្ត្រី​ទាំង​៤​នាក់​នោះ​បាន​នាំ​លុយ​ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាម​ក្នុង​ចំនួន​ច្រើន​លើសលប់​ពោល​គឺ​គេ​បាន​ឆែក​ឃើញ​លុយ​ចំនួន​ប្រមាណ​១​ពាន់​លាន​ដុង ដែល​ស្មើ​នឹង​៥​ម៉ឺន​ដុល្លារ និង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត​។ ហើយ​បើ​តាម​ច្បាប់​វៀតណាម​ គឺ​គេ​អនុញ្ញាត​ឲ្យ​នាំ​លុយ​ចូល​ស្រុក​គេ ​តែ​១​រយ​លាន​ដុង ស្មើ​និង​៥​ពាន់​ដុល្លារ​តែប៉ុណ្ណោះ ហើយ​អ្នក​នាំ​លុយ​ចូល​នេះ​ទៀតសោត​ត្រូវ​តែ​មាន​លិខិតឆ្លងដែន​និង​ត្រូវតែ​ជូនដំណឹង​ដល់​គយ​វៀតណាម​ជាមុន​ផងដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា ស្ត្រី​ខ្មែរ​ទាំង​៤​នាក់​ដែល​ជា​កូន​ប្រពន្ធ​អ្នកមាន​មុខមាត់​នៅក្នុង​ខេត្តតាកែវ ខាងលើ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃ អាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១៦ នៅ​ចំណុច​ច្រកទ្វារ​ទឹក​កំពង់​ក្រសាំង យាន​ដុង ស្រុក​អាង​ភូ បន្ទាប់ពី​ពួកគេ​ទាំង​៤​នាក់​ បាន​ធ្វើ​ដំណើរ​តាម​ទូក​ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម​ដោយមាន​គ្រឿងអលង្ការ​និង​លុយ​ដុង​មួយ​ចំនួនធំ​ខុស​ និង ​ច្បាប់​របស់​ប្រទេស​វៀតណាម​៕