នាយ​ឧ​ត្ត​ម​សេនីយ៍​ជំរុញ​អាវុធហត្ថ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ

នាយ​ឧ​ត្ត​ម​សេនីយ៍​ជំរុញ​អាវុធហត្ថ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ



ស្ទឹងត្រែង​ ៖​ ក្នុង​ពិធី​បំពាក់​ឋានន្តរសក្ដិ​ផ្លាស់ប្តូរ​មុខដំណែង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​នា​រសៀល​ថ្ងៃទី​០៥​ ខែមេសា ​ឆ្នាំ​២០១៦​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ស៊ិន សុ​ផាន្នី​ មេបញ្ជាការ​រង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ជំរុញ​ឲ្យ​នាយទាហាន ពលទាហាន​ទាំងអស់​ត្រូវ​ពង្រឹង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការ​ចរាចរណ៍​គ្រឿងញៀន​ចូល​ពី​ប្រទេសជិតខាង​។

នាយ​ឧ​ត្ត​ម​សេនីយ៍​ស៊ិន សុ​ផាន្នី​មេបញ្ជាការ​រង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ជំរុញ​ឲ្យកម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវ​រួមចំណែក​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដទៃទៀត​យក​ចិត្ត​ទុកដាក់​ស្រាវជ្រាវ​បង្កា​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ដូច​ជាការ​ប្លន់​ប្រដាប់អាវុធ ចាប់​មនុស្ស​ជំរិត​ទារ​ប្រាក់ ការជួញដូរ​មនុស្ស អំពើ​ឃាតកម្ម​ការជួញដូរ​គ្រឿង​ញៀន ក្មេង​ទំនើង និង​បង្ក​របួសស្នាម​ជាដើម ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន មានការ​ភ័យខ្លាច នេះ​គឺជា​ភារៈកិច្ច​ដែលមាន​បញ្ញា​ត្តិ​ក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​ត្រូវ​យកចិត្តទុកដាក់ ត្រួតពិនិត្យ​បទល្មើស​ដែល​បាន​កើតឡើង ក្នុងភូមិ​សាស្ត្រ​ដែល​យើង​ទទួលខុសត្រូវ​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ត​ទៀត​ថា​សូម​អស់លោក​មេត្តា​យកចិត្តទុកដាក់​លើ​ការ​លំហូរ​ចូល​នៅ​បទល្មើស​គ្រឿងញៀន​ដោយ​ពីមុន​ការជួញដូរ​គ្រឿងញៀន​ចូល​តាម​ទិស​ខេត្តបន្ទាយមានជ័យ​ប៉ោយប៉ែត តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពួក​ឧក្រិដ្ឋ​បាន​បង្វែរ​ទិស​ការ​ជួញដូរ​គ្រឿងញៀន ចូលមក​តាម​ច្រកព្រំដែន​កម្ពុជា ឡាវ ជាពិសេស​ខេត្តស្ទឹងត្រែង ជា​គោលដៅ​ទីមួយ​នៃ​ការ​លំហូរ​ចូល​គ្រឿងញៀន ដូច្នេះ​ទាមទារ​អោយ​អាវុធហត្ថ​ដែលមាន​តួនាទី ស្រាវជ្រាវ​បទល្មើស​ម្ចាស់ការ ឲ្យបាន​ខ្លាំងក្លា​បំផុត។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀង វ៉ាន់ឌី បាន​មានប្រសាសន៍ថា​ក្រៅពី​កិច្ចប្រតិបត្តិការ​ខាងលើ​កម្លាំង​កងរាជអាវុធហត្ថ បាន​ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពេល​ជួប​គ្រោះមហន្តរាយ ដោយ​គ្រោះធម្មជាតិ គ្រោះថ្នាក់​ចរាចរ បង្ក្រាប​ក្មេង​អន្ធពាល ការ​ចរាចរ​គ្រឿង​ញៀង ប្រើប្រាស់​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត ហើយក៏​មានការ​ខ្លួន​ជនសង្ស័យ ក្នុងករណី​ខាងលើ​នេះ បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផងដែរ។

លោក​ជា ថា​វរិ​ទ្ធ​ អភិបាល​បាល​រង​ខេត្ត​ក៏បាន​សំដែង​នៅ​ការ​កោតសរសើរ ដល់​មន្ត្រី​កង​រាជ​ហត្ថ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង បំពេញ​ភារៈកិច្ច​បាន​ល្អ​ជូន​ដល់​អង្គភាព ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ហើយ​ការ​កិច្ច​ចំពោះ​មុខ​នេះ មន្ត្រី​អាវុធហត្ថ​ដែលមាន​តួនាទី​មុខដំណែង​ដែល​ទើប​តែងតាំង​ទាំ​អស់​ត្រូវ​សហការ​ឱ្យ​កាន់តែ​រឹងមាំ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ជំនាញ​ពាក់ព័ន្ធ ធ្វើ​យ៉ាងណា​បំពេញ​កាតព្វកិច្ច​ការពា​រ​សន្តិសុខ​សណ្តាប់ធ្នាប់ សុ​វត្ថិភាព​ជូន​ប្រជាពលរដ្ឋ អោយបាន​ល្អប្រសើរ ជាពិសេស គឺ​នៅពេល​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ប៉ុ​ន្មាន​ថ្ងៃ​ខាងមុខនេះ៕