រយៈពេល​ជាង​២០​ឆ្នាំ​ដូច​គ្នា​ យួន​ប្តូរ​នាយក​រដ្ឋមន្ត្រី​៤​នាក់​ រីឯ​ខ្មែរ​នាយក​រដ្ឋមន្ត្រី​មិន​ប្តូរ​ មាន​តែ​ម្នាក់​គឺ​បុរស​ខ្លាំង​

​សារព័ត៌មាន​បរទេស​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​លោក​ Nguyen​ Xuan​ Phuc​ អាយុ​៦១​ឆ្នាំ​ បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ នឹង​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បន្តវេន​ពី​លោក​ Nguyen​ Tan​ Dung​ អាយុ​៦៦​ឆ្នាំ​ ដែល​បាន​កាន់កាប់​តំណែង​អស់​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​(២០០៦-២០១៦)​ ។​

​លោក​ Nguyen​ Tan​ Dung​ បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​វៀតណាម​បន្តវេន​ពី​លោក​ Phan​ Van​ Khai​ អាយុ​៨២​ឆ្នាំ​ ដែល​កាន់​តំណែង​អស់​រយៈពេល​០៩​ឆ្នាំ​(១៩៩៧-២០០៦)​ បន្តវេន​ពី​លោក​ Vo​ Van​ Kiet​ (​មរណភាព​ក្នុង​អាយុ​៨៦​ឆ្នាំ​)​ កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​វៀតណាម​អស់​រយៈពេល​០៥​ឆ្នាំ​ (១៩៩២-១៩៩៧)​ ។​ ពោល​គឺ​ ក្នុង​រយៈពេល​ប្រមាណ​២៤​ឆ្នាំ​ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្ត្រី​អស់​ចំនួន​៤​នាក់​ហើយ​ ។​

​ដោយឡែក​ នៅ​ប្រទេស​កម្ពុជា​វិញ​ ចាប់តាំងពី​បង្កើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នា​ឆ្នាំ​១៩៩៣​មក​ កម្ពុជា​មាន​អ្នកដឹកនាំ​ប្រទេស​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់​គត់​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ។​

​គួរ​រំលឹក​ជូន​ថា​ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ Phan​ Van​ Khai​ ជា​ភាគី​ហត្ថលេខី​ចុះហត្ថលេខា​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ នា​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ នៅ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ដ៏​ចម្រូងចម្រាស​ និង​បាន​បន្ត​អនុវត្តន៍​បោះបង្គោល​ព្រំដែន​គោក​ខ្មែរ​-​យួន​យ៉ាង​សកម្ម​ ក្រោម​សន្ធឹក​នៃ​ការ​រិះគន់​ និង​ការ​ព្រួយបារម្ភ​ ក្នុង​អាណត្តិ​លោក​ Nguyen​ Tan​ Dung​ ជា​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ខណៈ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ឆ្នាំ​១៩៨៥​ គឺ​បុរស​ខ្លាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ តំណាង​ឲ្យ​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ បាន​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​១៩៨៥​ នៅ​រដ្ឋធានី​ភ្នំពេញ​ ជាមួយ​លោក​ Nguyen​ Co​ Thach​ ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ តំណាង​ឲ្យ​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ៕​

រយៈពេល​ជាង​២០​ឆ្នាំ​ដូច​គ្នា​ យួន​ប្តូរ​នាយក​រដ្ឋមន្ត្រី​៤​នាក់​ រីឯ​ខ្មែរ​នាយក​រដ្ឋមន្ត្រី​មិន​ប្តូរ​ មាន​តែ​ម្នាក់​គឺ​បុរស​ខ្លាំង​

Related