យុវជន​​មួយ​រូប​ បាត់​បង់ជីវិតពេល​ព្យាយាម​ថត​ Selfie ជា​មួយ​ទឹកធ្លាក់

​យុវជន​មួយ​​រូប​​ឈ្មោះ​ Agung Reynaldi មាន​វ័យ​១៦​ឆ្នាំ និង​ជា​សិស្ស​វិទ្យាល័យ​មួយ​កន្លែង ដែល​​មក​ពី​​សង្កាត់​ Cengkareng នៃ​ទី​ក្រុង​ហ្សាកាតា​​ ប្រទេស​ឥណ្ឌូណេស៊ី​ បាន​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ចង់​ Selfie ជា​មួយ​ទឹកធ្លាក់។

 

យុវជន​​មួយ​រូប​ បាត់​បង់ជីវិតពេល​ព្យាយាម​ថត​ Selfie ជា​មួយ​ទឹកធ្លាក់

 

​​​ដំបូង​យុវជន​រូប​នេះ​ រួម​ទាំង​មិត្តភ័ក្ដិ​ដែល​មាន​គ្នា​៨​នាក់​ បាន​នាំ​គ្នា​​ទៅ​លេង​​រមណីយដ្ឋាន​​ទឹក​ធ្លាក់​​​នៅ​តំបន់​ Curug Ngumpet នៃ​ភូមិ​ Gunungsari ​ទីក្រុង​ Bogor។ ពេល​ទៅ​ដល់​ទីតាំង​កម្សាន្ត​នោះ​ ជន​រងគ្រោះ​​ដើរ​ចូល​ទៅ​ចំណុច​កណ្ដាល​នៃ​​​ទឹក​ធ្លាក់ ប៉ុន្តែ​គេ​បាន​រអិល​ជើង​រួច​ក៏​ដួល​ធ្លាក់​ចូល​ក្នុង​ទឹក ដោយ​​​ផ្នែក​ខាង​ក្រោម​នៃ​ទឹក​នោះ​​មាន​ដុំ​ថ្ម​ ​និង​ទឹក​កួច​ជា​ច្រើន​កន្លែង។ នេះ​បើ​តាម​សម្ដី​របស់​លោក​ Bagas Dody មេ​បញ្ជាការ​នៃ​ទីក្រុង​ Bogor។

 

តាម​សម្ដី​របស់​លោក​ Bagas បាន​ឲ្យ​ដឹង​ទៀត​ថា​ជន​រងគ្រោះ​បាន​ជាប់​នៅ​ក្នុង​កម្លាំង​នៃ​ទឹក​កួច​​​នៅ​​​ផ្ទៃ​ខាង​ក្រោម​ទឹក​ ហើយ​ខ្លួន​ប្រាណ​របស់​គេ​​ត្រូវ​បាន​គាប​ជាប់​នៅ​ចន្លោះ​ថ្ម​ ហេតុ​នេះ​​ទើប​គេ​មិន​អាច​​គេច​ចេញ​បាន។

 

​មាន​មិត្ត​​​របស់​ Agung ​​​ឈ្មោះ​ Muhamad Hidayat Rifky ព្យាយាម​ជួយ​សង្គ្រោះ​គេ​ដែរ​ ប៉ុន្តែ​ពេល​ចុះ​ទៅ​សង្គ្រោះ​​ Muhamad​ ត្រូវ​បាន​កម្លាំង​កួច​ទាញ​ចូល​ក្នុង​ទឹក​ ​រហូត​​ត្រូវ​ការ​​គេ​សង្គ្រោះ​ដូច​គ្នា។ ជា​ចុង​ក្រោយ​​គ្មាន​អ្វី​ដែល​​មិត្តភ័ក្ដិ​របស់​ Agung ទាំង​ឡាយ​អាច​ធ្វើ​បាន​ គឺ​មាន​តែ​សម្លឹង​មើល​កម្លាំង​ទឹក​ទាញ​ខ្លួន​ប្រាណ​របស់​ Agung ទៅ​​ក្នុង​ជ្រៅតែ​ប៉ុណ្ណោះ។

 

គួរ​រំលឹក​ថា​កាល​ពី​សប្ដាហ៍​មុន​​ក៏​មាន​ទេសចរ​ចិន​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ Selfie ដែល​ហេតុការណ៍​បាន​កើត​ឡើង​នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ដូច​គ្នា៕

 

ចុច​អាន៖ ទេសចរ​ចិន​មួយ​រូប​ស្លាប់​ដោយ​សារ​ឈរ​ Selfie នៅ​ក្បែរឆ្នេរ​​សមុទ្រ​កោះ​បាលី​

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង
ប្រភព៖ Coconuts​​​​​​​​​