ក្រុម​ស្ទាវ​ប្រុស​ស្រី​ ២២​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ និង​ដកហូត ​ដាវ​សាំ​ម៉ូ​រ៉ៃ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ចាប ឌី​ណា ប្រធាន​គណៈកម្មការ​ផ្សារ​កណ្តាល​បាន​ចុះ​យុទ្ធនាការ​ប្រមូល​ក្រុម​ស្ទាវ​ប្រុស​ស្រី​ដែល​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​យប់ និង​មានការ​សង្ស័យ​លួច​ប្រើប្រាស់​ថ្នាំ​ញៀន ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន​២២​នាក់​ស្រី​១១​នាក់ ព្រមទាំង​ដកហូត​ដាវ​សាំ​ម៉ូ​រ៉ៃ នៅ​កែង​ផ្លូវ​លេខ​៥​នឹង​១៤៤​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ ។

លោក ចាប ឌី​ណា ប្រធាន​គណៈកម្មការ​ផ្សារ​កណ្តាល​បាន​ឲ្យ​ដឹង​ថា យោង​តាម​បទបញ្ជា​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​នៅ​រសៀល​ថ្ងៃ​០៦ ខែមេសា ឆ្នាំ​២០១៦​ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១ និង​កម្លាំង​សន្តិសុខ​ផ្សារ​កណ្តាល​បាន​ចុះ​យុទ្ធនាការ​ប្រមូល​ក្រុម​ស្ទាវ​ប្រុស​ស្រី​ដែល​ស្នាក់​នៅ​អនាធិបតេយ្យ​តាម​ចំណុច​កែង​ផ្លូវ​លេខ​៥​នឹង​១៤៤​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​ចំនួន​២២​នាក់​ក្នុង​នោះ​ស្រី​១១​នាក់ ហើយ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន ដាវ​សាំ​ម៉ូ​រ៉ៃ ញញួរ​និង​សម្ភារ​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

លោក​ប្រធាន​ផ្សារ​កណ្តាល ចាប ឌី​ណា ក៏​បាន​រម្លឹក​ថា កន្លង​មក​គណៈកម្មការ​ផ្សារ​កណ្តាល​តែងតែ​ចុះ​យុទ្ធនាការ​ប្រមូល​ជនអនាថា និង​ក្រុម​ក្មេង​ស្ទាវ​ដែល​ស្នាក់​នៅ​អ​នា​ធិ​តេ​យ្យ​តាម​ដងផ្លូវ​ជុំវិញ​ផ្សារ​ជា​ប្រចាំ និង​ប្រគល់​ទៅ​សាលា​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត