ខឹង​ចាប់ទូហ្គេម ដេញបាញ់ និងវាយ សន្តិសុខ​ខណ្ឌ ២នាក់​​របួស​

រាជ​​ធានី​​ភ្នំ​ពេញ ៖ កម្លាំង​​សន្តិសុខ​របស់​សាលា​ខណ្ឌ​ពោធិ៍​​សែន​ជ័យ​​២​​នាក់ បាន​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​​ទាំង​២​​នាក់ ដឹក​ទូ​ហ្គេ​ម​ដែល​ចាប់​បាន​ចេញពី​ទីតាំង​ល្បែង​ហ្គេ​ម​មួយ​​កន្លែង ដើម្បី​នាំ​យក​ទៅ​ក្សា​ទុក​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ត្រូវ​​បាន​ជន​អន្ធ​ពាល​​១​​ក្រុម ​​ដែល​គេ​សង្ស័យ​ថា ​ជា​បក្សពួក​ផ្ទះ​បទល្មើស​ល្បែង​ហ្គេ​ម​មួយ​នោះ​ រួម​និង​១​ក្រុម​ទៀត​​ចេញពី ភោជ​នីយ​ដ្ឋាន «ក្រុង​ខ្មែរ» ​មាន​​កាំភ្លើង​ផង មាន​​គ្នា​ប្រមាណ​ជាង​​១០​​នាក់ ស្ទាក់​ដេញ​បាញ់​ និង​វាយ​នៅ​ពាក់កណ្ដាល​ផ្លូវ​ ។

ហេតុ​ការ​ណ៍​​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​យប់​ថ្ងៃ​ទី០​៥ ​មេសា ​២០១៦ ស្ថិតនៅ​ចំណុច​មុខ​ភោជនីយដ្ឋាន ​«​ក្រុង​ខ្មែរ​»​ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ខាងក្រោយ​សួន​កុមារ​​ពោធិ៍​ចិន​តុង ក្នុង​ភូមិ​តា​​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ជន​រង​​គ្រោះ​ឈ្មោះ​ឈាន លាប អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រំដួល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន ជ័យ រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្ដូក​ស្ដឹង និង​ម្នាក់​ទៀត​ឈ្មោះ​ខែ​ម សំឡូត អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុង ខេត្តតាកែវ រង​របួសធ្ងន់​បែក​មុខ​បែក​មាត់​ ។

តាម​ប្រភព​​ព័​​​ត៌​មាន​បានឱ្យ​​ដឹង​​​ថា នៅ​​មុន​ពេល​កើតហេតុ កម្លាំង​សន្តិសុខ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​​ដោយ​លោក​ឃឹម ស៊ុន សូ​ដា ដែល​​ជា​​អភិបាល​រង​​ខណ្ឌ បាន​ចុះ​ទៅ​បង្ក្រាប ​និង​ចាប់​ទីតាំង​ល្បែងហ្គេ​ម​មួយ​កន្លែង​នោះ ស្ថិត​ក្នុងភូមិ​តា​ងួ​ន ដែល​ជា​ល្បែងស៊ីសង​ចំ​តួ​ និង​កំពុង​ពង្វក់ស្មារតី​ក្មេង​ៗ ជា​ពិសេស សិស្សសាលា​ឲ្យ​ភ្លេច​ការ​រៀនសូត្រ​ផង​ដែរ ​។

នៅ​ក្នុង​ពេល​នោះ កម្លាំង​ក៏​បាន​ដកហូត​បានទូ​ហ្គេ​ម​មួយ​ចំនួន ហើយ​បាន​ដឹក​តាម​រថយន្ត​សាលា​ខណ្ឌ យក​ទៅ​រក្សា​ទុក​ដោយ​ជន​រង​គ្រោះ​ទាំង២​នាក់​ ​ជា​អ្នកបើកបរ​រថយន្ត ម្យ៉ាងទៀត​នៅ​ពេល​នោះ កម្លាំង​សន្តិសុខ​បាន​បែកខ្ញែក​គ្នា​អស់ អត់​ជុំ​គ្នា​ឡើយ​ ។

លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​​មុខ​ភោជនីយដ្ឋាន «​ក្រុង​ខ្មែរ​» ​ស្រាប់តែ​មាន​ជន​អន្ធពាល​​១​ក្រុម មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង ប្រដាប់​ដោយ​ដំបង​ដែល​បំពង់​ទីប​ក្នុង​ដៃ និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង បាន​ស្ទាក់​មុខ​រថយន្ត​សន្តិសុខ​។

ប្រ​ភ​ព​ដដែល​​បន្ត​ថា ខណៈនោះ​ជន​រង​គ្រោះ​បាន​ឈប់​រថយន្ត​ហើយ​បាន​ចុះ​ទៅ ប្រុង​សួរនាំ​ប៉ុន្តែ​មិន​ទាន់​បាន​សួរ​ផង ក៏​ត្រូវ​បាន​ជន​អន្ធពាល​ទាំងនោះ វាយ​បណ្ដាល​ឱ្យ​ដួល​សន្លប់​ម្នាក់​និង​បែន​មុខ​បែក​មាត់​ម្នាក់យ៉ាងធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះ​ ជនពាល​បាន​ស្រែក​ខ្លាំង​ៗ​ថា ខ្លាច​អី​មេ​ធំ​អញ​នៅ​នឹង​ដែរ គ្មាន​អាណា​ហ៊ាន​ទេ ការ​ស្រែក​បែប​នេះ គឺ​មេ​​ធំ​សំដៅ​ទៅ​ក្រុម​អ្នក​នៅ​ក្នុង​ភោជនីយដ្ឋាន «​ក្រុង​ខ្មែរ​»​ដែល​​មាន​កាំភ្លើង​ ។

ក្រោយ​ពេល​អ្នក​ខាងក្រៅ​មានរឿង​បែប​នេះ ខាង​អ្នក​នៅ​ក្នុងភោជនីយដ្ឋាន​នោះ បាន​ចេញ​ទៅ​ជួយ ​និង​បានដក​កាំភ្លើងខ្លី​បាញ​សំដៅ​រថ​យន្ត​សន្តិសុខ​ចំនួន​២​គ្រាប់ តែ​មិន​បណ្តាល​ឲ្យ​ត្រូវ​ន​ណា​ម្នាក់​ឡើយ បន្ទាប់​មក ក្រុម​ខ្មាន់កាំភ្លើង​បាន​វាយ​រថយន្ត​សាលា​ខណ្ឌ បណ្តាលឱ្យ​​ខូច​រថយន្ត​ចំនួន​២​គ្រឿង ដោយ​មួយ​គ្រឿង​បែក​កញ្ចក់​នឹង​មួយ​គ្រឿង​ទៀត ​ក្រ​ពិត​កាប៊ី​ន រួច​ជនពាល​ខាងលើ បាន​គេច​ខ្លួន​​បាត់​​ស្រមោល​ ។

ប្រភព​ដដែល​បាន​បន្ត​ថា នេះ​ជា​ការ​បំពាន​យ៉ាងធ្ងន់ធ្ងរ លើ​កម្លាំង​សន្តិសុខ ក្នុង​ពេល​កំពុង​បំពេញ​ការ ងារ​ពី​សំណាក់​ក្រុម​ជនពាល ដែល​សង្ស័យ​ថា ដៃជើង​ផ្ទះ​បើក​ល្បែង​ហ្គេ​ម និង​ភោជនីយដ្ឋាន ក្រុង​ខ្មែរ​នោះ ហើយ​ក្រុម​ជនពាល​ទាំងនោះ ទំនង​ត្រូវ​បាន​អាជ្ញាធរ និងសមត្ថកិច្ច​ស្គាល់អត្តសញ្ញាណ​អស់ហើយ​ដែរ ប៉ុន្តែ​មិន​បាន​តាម​ចាប់ខ្លួន​នោះ​ទេ ព្រោះ​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ លោក​អភិ​បាល​ខណ្ឌ​និង លោក​អធិការ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ហើយ មាន​តំណាង​ជន​បង្ក​ទាំងនោះ បាន​ចេញ​មុខ​ធ្វើការ សម្រុះសម្រួល​គ្នា ដោយ​សុំ​ឲ្យ​រង់ចាំ ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ហើយ​មាន​មជ្ឈដ្ឋាន​ជា​ច្រើន​កំពុង រង់ចាំ​មើល ថា​តើ​ជន​រង​គ្រោះ បាន​ទទួល​នូវ​ភាព​យុត្តិធម៌​ឬ​អត់​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត