ពី​ពេល​នេះ​ទៅ រឹត​បន្តឹង​ថែម​ទៀត សុវត្ថិភាព​ធ្វើ​ដំណើរ​ តាម​.​ដ​ចម្លង

ខេត្ត​ក្រចេះ ៖ ​ដើម្បី​​លើកកម្ពស់​សុវត្ថិភាព​ ក្នុង​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវទឹក មាន​ដូច​ជា​តាម​ដ​ចម្លង​​ទូក និង​មធ្យោបាយ​ផ្សេង​ៗ​ទៀត ត្រូវ​​​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក រួម​សហការ​ជាមួយ​មន្ទីរ​ជំនាញ​សាធារណៈការ​ខេត្ត ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ដ.​ចម្លង​នៅ​ទូ​ទាំងខេត្ត លើ​លក្ខណៈ​បច្ចេកទេស​ជលយាន និង​វិធី​ការពារ​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​​​បញ្ចៀស​​ពី​ហានិភ័យ ។

ក្នុង​សកម្មភាព​នៃការ​ចុះ​អប់រំ និង​ពិនិត្យ​លើ​លក្ខណៈ​បច្ចេកទេស​ជលយាន​នៅ​គ្រប់កំពង់ដចម្លង​នៅ​ទូ​ទាំង​ខេត្ត ដែល​បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​ទី​៥ មេ​សា នាយការិយាល័យ​ចរាចរណ៍​ផ្លូវទឹក លោក​វរសេនីយ៍ទោ អ៊ុំ សុភាព បាន​លើក​ឡើង​ថា អនុវត្ត​តាម​ការ​ណែ នាំ​​របស់​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត​លើ​ទិស​ដៅ​ផែនការ​រឹត​បន្តឹង​ និង​លើកកម្ពស់​​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវទឹក​-​ផ្លូវ​​គោក ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ​គឺ​កម្លាំង​ជំនាញ​បាន​ចុះ​​​ណែនាំ​​ដល់​ម្ចាស់​ដ​​ចម្លង​គ្រប់កន្លែង​ក្នុង​ខេត្ត លើ​វិធានការ​​ការពារ​សុវត្ថិ​ភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ ចៀសវាង​កុំ​ឱ្យ​​មាន​បញ្ហា​​គ្រោះថ្នាក់ ​។

លោកនាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវទឹក​​បញ្ជាក់​ថា កន្លង​មក បើ​ទោះបីជា​មានការ​ចុះ​អប់រំ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​​សារ​លើ​លក្ខណៈ​បច្ចេកទេស​​ជលយាន និង​សម្ភារ​​សុវត្ថិភាព​សង្គ្រោះ ដូច​ជា​ពោង និង​អាវ​ពោង ក៏​ដូច​ជា​ការ​ផ្ទុក​លើស​ចំណុះ តែ​ម្ចាស់​អាជីវ​កម្ម​ដ​​ចម្លង​ស្ទើរ​គ្រប់កន្លែង គឺ​នៅ​មិន​ទាន់​បាន​អនុវត្ត​ឱ្យ​បាន​ហ្មត់ចត់ ដូច​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នៅឡើយ​ទេ ។

លោក​ថា បើ​ទោះបីជា​ការ​ធ្វើ​អាជីវកម្ម​ដ​ចម្លង​នៅ​ខេត្តក្រចេះ នៅ​មិន​ទាន់​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ ដូច​ជា​ការ​លិចលង់ បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​យ៉ាងណា​ក្តី តែ​អាជ្ញាធរ​នៅ​តែ​មាន​វិធានការ​ចុះ​រឹត​បន្តឹង​លើ​សុវត្ថិភាព​ធ្វើ​ដំណើរទៅ​មក ដើម្បី បង្ការ​​នៅ​រាល់​គ្រោះថ្នាក់​ដែល​កើតឡើង​ជាយថាហេតុ ។

ជាមួយ និង​សកម្មភាព​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំដល់​គ្រប់​ម្ចាស់​ទូកដ​ចម្លង​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​បាន​សម្តែង​ការ​សាទរ​ចំពោះ​​វិធាន​ការ​របស់​ស្នងការដ្ឋាន​នគរបាលខេត្ត ដោយ​ពួក​គាត់​បាន​ចាត់​ទុក​ថា ពួក​គាត់​មិន​មានការ​ព្រួយបារម្ភ​ទៅ​លើ​សុ​វត្ថ​ភាព​ដូច កាល​ពី​មុន​​នោះ​ទេ តែ​សុំ​ឱ្យ​​សមត្ថកិច្ច ក៏​ដូច​ជា​អាជ្ញាធរ​បន្ត​ការ​ណែនាំ​ដល់​ម្ចាស់​ដចម្លង​ទាំងអស់ និង​អ្នក​ធ្វើ​ដំណើរ​បន្ត​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជា​រៀង​រហូត ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា ហើយ​រួម​គ្នា​ការពារ​នូវ​សុវត្ថិភាព​ជា​ចម្បង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត