រដ្ឋ​​​មន្ត្រី​​​ដែល​​​ ‘ ស្ទក់​​​ខ្លាំង​​​​​​​’ ចេញ​​​ពី​​​ក្រសួង​​​មួយ​​​​​​ចូល​​​ក្រសួង​​​មួយ​ទៀត​​​​

រដ្ឋ​​​មន្ត្រី​​​ចំនួន​​​ពីរ​​​រូប​​​ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​បាន​​​បន្ទោស​​​ជា​​​សាធារណៈ​​​​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ចំពោះ​​​ការ​​​ងារ​​​ “ស្ទក់​​​ខ្លាំង​​​” ​របស់​​​ពួក​​​គាត់​​​​​​ បានផ្ទេរ​​​តំណែង​​​របស់​​​ខ្លួន​​​ទៅ​​​ឲ្យ​​​អ្នក​​​ជំនួស​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​ពិធី​​​ផ្ទេរតំណែង​​​ចំនួន​​​ពីរ​​​​ដែល​ធ្វើឡើង​នៅ​​​​​​រាជ​ធានី​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ ជា​​​ផ្នែក​​​នៃ​​​ការ​​​រុះ​​​រើ​​​គណៈ​​​រដ្ឋ​​​​​​មន្ត្រី​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​សភា​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​។

នៅ​​​ក្នុង​​​សុន្ទរកថា​​​ដែល​​​ធ្វើ​​​ឲ្យ​​​លោក អ៊ុក​​​រ៉ាប៊ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​កសិកម្ម និង​​​លោក ​ត្រាំ ​អីុវតឹក​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន​​​អាម៉ាស់​​​មុខ​​​កាល​​​ពី​​​ចុង​​​ខែ​​​កុម្ភៈ​​​​​​នោះ​លោក ហ៊ុន សែន បាន​​​ដាក់​​​ចំណាត់​​​ថ្នាក់​​​ ​”F” ដោយ​មិន​​​ផ្លូវ​​​ការ​​​លើ​​​ពួក​​​​​​គាត់​​​ទាំង​​​ពីរ​​​​ចំពោះ​​​អ្វី​​​ដែល​​​លោក​​​ហៅ​​​ថា ជា​​​ការ​​​បំពេញ​​​ការ​​​ងារ​​​ដ៏​​​ស្ទក់​​​ ហើយ​​​លោក​​​បាន​​​ព្រលយ​​​ពាក្យ​​​ថា នឹង​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​។

លោក ស៊ុន ចាន់​​​ថុល (ឆ្វេង) ទទួល​​​ត្រា​​​​​​ក្រសួង​​​សាធារណការ​​​​​​ និង​​​ដឹក​​​ជញ្ជូន​​​នៅ​​​ក្នុង​​​ពិធី​​​ផ្ទេរ​​​តំណែង​​​ដែល​​​ធ្វើ​​​ឡើងនៅ​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ​​​ ស៊ីវ ចាន់ណា/​​​ឌឹ ខេមបូឌា ដេលី

លោក ស៊ុន ចាន់​​​ថុល (ឆ្វេង) ទទួល​​​ត្រា​​​​​​ក្រសួង​​​សាធារណការ​​​​​​ និង​​​ដឹក​​​ជញ្ជូន​​​នៅ​​​ក្នុង​​​ពិធី​​​ផ្ទេរ​​​តំណែង​​​ដែល​​​ធ្វើ​​​ឡើងនៅ​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ។ រូបថតៈ​​​ ស៊ីវ ចាន់ណា/​​​ឌឹ ខេមបូឌា ដេលី

នៅ​​​ឯ​​​ក្រសួង​​​កសិកម្ម​​​កាល​​​ពី​​​ម្សិល​មិញ ​លោក​​​ អ៊ុក រ៉ាប៊ុន ទំនង​​​ជា​​​ព្យាយាម​​​ជា​​​លើក​​​ចុង​​​ក្រោយ​​​ដើម្បី​​​ស្រោច​​​ស្រង់​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​ខ្លួន​​​ដោយ​​​បន្ទោស​​​លើ​​​អាកាស​​​ធាតុ​​​មិន​​​អំណោយ​​​ផល​​​ថា ជា​​​មូល​​​ហេតុ​​​ដែល​​​ធ្វើ​​​ឲ្យ​​​វិស័យ​​​កសិកម្ម​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជាក់​​​ស្តែង​​​ នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ យើង​​​មាន​​​​​​គ្រោះ​​​ធម្មជាតិ​​​ហើយ​​​វា​​​បាន​​​ប៉ះពាល់​​​ដល់​​​ការ​​​បង្ក​​​បង្កើន​​​ផល​​​យ៉ាង​​​ខ្លាំង​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា វិស័យ​​​កសិកម្ម​​​នៅ​​​តែ​​​មាន​​​ការ​​​រីក​​​ចម្រើន​​​ ហើយ​​​យើង​​​ផលិត​​​​​​​​​បាន​​​​​​[ស្រូវ​​​]ជាង​​​​​​៩,៣៣លាន​​​តោន ហើយ​​​បាន​​​​​សល់​អង្ករ​​​ជិត​​​៣លាន​​​តោន​​​សម្រាប់​​​នាំ​​​ចេញ​​​”។

កម្ពុជា​​​ផលិត​​​បាន​​ស្រូវ​​​​ជាង​​​៩លាន​​​តោន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ក៏​​​ពិត​​​មែន​​​ ប៉ុន្តែ នាំ​​​ចេញ​​​អង្ករ​​​បាន​​​​​មិនដល់​​​៥៤០​​​.០០០​​​តោន​​​ផង​​​ ពោល​​​គឺ​​​តិច​​​ជាង​​​គោល​​​ដៅ​​​១លាន​​​តោន​​​ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដាក់​​​ចេញ​​​ឆ្ងាយ​​​ណាស់​​​។

​​​លោក អ៊ុក​​​ រ៉ាប៊ុន ត្រូវ​​​បាន​​​ប្តូរ​​​ឲ្យ​​​ទៅ​​​កាន់​​​​​​ក្រសួង​​​អភិវឌ្ឍន៍​​​ជន​​​បទ​​​វិញ​​​។ អ្នក​​​ដែល​​​ជំនួស​​​​​​​លោក​​​នៅ​​​ក្រសួង​​​កសិកម្ម​​​គឺ​​​លោក វេង ​សាខុន ​ដែល​​​ធ្លាប់​​​បម្រើ​​​ការ​​​ជា​​​រដ្ឋលេខាធិការ​​​នៅ​​​ក្រសួង​​​ធនធាន​​​ទឹក​​​។

នៅ​​​ឯ​​​ក្រសួង​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន​​​ លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី ប៊ិន ឈិន បាន​​​ធ្វើ​​​ជា​​​អធិបតីនៅ​ក្នុង​​​ពិធី​​​ផ្ទេរ​​​​​​តំណែង​​​របស់​​​លោក​​​​​​ ​​​ត្រាំ អីុវតឹក ដែល​​​នឹង​​​ផ្លាស់​​​ទៅ​​​ក្រសួង​​​ប្រៃសណីយ៍​​​ និង​​​ទូរគមនាគមន៍​​​នោះ ទៅ​​​ឲ្យ​​​លោក ស៊ុន ចាន់​​​ថុល​​​ ដែល​​​ធ្លាប់​​​​គ្រប់​​​គ្រង​​​ក្រសួង​​​ពាណិជ្ជកម្ម​​​។

លោក​​​បាន​​​ដាស់​​​តឿន​​​ លោក ស៊ុន​​​ ចាន់​ថុល ​និង​​​រដ្ឋ​​​មន្ត្រី​​​ផ្សេង​​​ៗ​​​ទៀតទាំងអស់​ឲ្យ​​​​ខិត​​​ខំ​​ធ្វើ​​​ការ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ក្រសួង​​​របស់​​​ខ្លួន​​​បាន​​​ប្រសើរ​​​ឡើង​​​ បើ​​​ពុំ​​​ដូច្នោះ​​​ទេ​​​នឹង​​​ប្រឈម​​​ការ​​​បាត់​​​បង់​​​​​សំឡេង​​​ភាគ​​​ច្រើន​​​សម្រាប់​​​គណបក្ស​​​ប្រជា​ជន​​​​​កម្ពុជា​​​​​នៅក្នុង​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​​​​​​រាស្ត្រ​​​ឆ្នាំ​​​២០១៨ ដោយ​​​ក្រើន​​​រំឭក​​​​ពួក​​​គាត់​អំពី​​​ការ​​​បោះ​​​ឆ្នោត​​​ក្នុង​​​ឆ្នាំ​​​២០១៣ ដែល​​​គណ​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ស្ទើរ​​​តែ​​​ចាញ់​​​ឆ្នោត​​​នោះ។ ​​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​អាណត្តិ​​​​​នេះ​​​ គេបានធ្វើ​ឲ្យ​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ធ្លាក់​​​ពី​​​៩០ ឬ​​​៨៥​​​អាសនៈ​​​មក​​​ត្រឹម​​​៦៨​​​អាសនៈ​​​ ​​​ហេតុ​​​ដូច្នេះ​​​សូម​​​កុំ​​​បណ្តោយ​​​ឲ្យ​​​ពួក​​​គេ​​​ធ្វើ​ឲ្យ​​​​យើង​​​​​​ធ្លាក់​ម្តងទៀត​​​​ដល់​​​៦១​​​អាសនៈ​​​។ ខ្ញុំ​​​សូម​​​​​​​ណែនាំ​​​ដល់​​​ក្រសួង​​​ទាំង​​​អស់​​​”៕ស៊ុយឈាង​​​​​​​​​​

 

The post រដ្ឋ​​​មន្ត្រី​​​ដែល​​​ ‘ ស្ទក់​​​ខ្លាំង​​​​​​​’ ចេញ​​​ពី​​​ក្រសួង​​​មួយ​​​​​​ចូល​​​ក្រសួង​​​មួយ​ទៀត​​​​ appeared first on ខេមបូឌា ដេលី.