សេតវិមាន​នឹង​យក​មូលនិធិ​អ៊ីបូឡា​ទៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Zika

សេតវិមាន​នឹង​យក​មូលនិធិ​អ៊ីបូឡា​ទៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Zika

នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ការ​រីករាលដាល​ជំងឺ​ លោក Thomas Frieden ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​ Zika ដែល​មាន​រយៈពេល​មួយ​ថ្ងៃ កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Atlanta។

ក្រុម​មន្រ្តី​ជាន់​ខ្ពស់​សេតវិមាន​និយាយ​ថា ​រដ្ឋបាល​របស់​លោក​អូបាម៉ា​នឹង​យកថវិកា​ជិត​៦រយលាន​ដុល្លារ​ភាគ​ច្រើន​មក​ពី​ថវិកា​សម្រាប់​ជំងឺ​អ៊ីបូឡា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​រាលដាល​នៃ​មេរោគ Zika។

លោក Shaun Donovan នាយក​ការិយាល័យ​ចាត់​ចែង​ថវិកា​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា «ថវិកា​ទាំង​នេះ ​មិន​ល្មម​គ្រប់​គ្រាន់​ដើម្បី​គាំទ្រ​ការ​ឆ្លើយ​តប​ដ៏​ធំ​មួយ​ប្រឆាំង​នឹង​មេរោគ Zika ទេ ​ហើយ​អាច​ដោះ​ស្រាយ​បណ្តោះ​អាសន្ន​ដល់​អ្វី​ដែល​គេ​ត្រូវ​ការ​រហូត​ទាល់​សភា​ធ្វើ​ទៅ​តាម​សំណើ​ប្រាក់​បន្ថែម​ជា​បន្ទាន់​របស់​រដ្ឋបាល‍​នេះ»។

សេតវិមាន​បាន​បញ្ជូន​សំណើ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​១​ពាន់​៩រយ​លាន​ដុល្លារទៅ​សភា​កាល​ពី​ខែ​កុម្ភៈឆ្នាំ​នេះ។

កាល​ពី​ថ្ងៃ​ពុធ មន្រ្តី​សេតវិមាន ​បាន​ព្រមាន​ថា ​ដោយ​គ្មាន​ថវិកា​ សហរដ្ឋ​អាមេរិក​អាច​នឹង​គ្មាន​លទ្ធភាព​ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​ឲ្យ​បាន​ត្រឹម​ត្រូវ​ដល់​មេរោគ Zika ​ដែល​រួមមាន​ការអូសបន្លាយ​ក្នុង​ការ​ត្រួត​ពិ​និត្យ​សត្វ​មូស​ និង​ការថែទាំ ​ការ​វិភាគ​ជំងឺ​ និង​ការ​បង្កើត​ថ្នាំ​វ៉ាក់​សាំង​ចាក់​ការពារ។

លោកស្រី Sylvia Burwell រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​ និង​សេវាកម្ម​មនុស្ស ​និយាយ​ថា «ការ​ខំ​ប្រឹងប្រែង​ទាំងអស់​នេះ ចាំ​បាច់​បន្ត ​ហើយ​ពួកគេ ​មិន​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ភ្លាមៗ​ទេ។​ យើង​ប្រឈម​បញ្ហា​សុខភាព​សាកលលោក​ពិត​ប្រាកដ​គឺ​មេរោគ​អ៊ីបូឡានិង Zika។ យើង ​មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​រក្សា​ទុក​មួយ ​ហើយ​ច្រាន​ចោល​មួយ​ទេ‍»។

លោកស្រី Burwell បាន​មាន​ប្រសាសន៍​ទៀត​ថា ឥឡូវនេះ ​មាន​ករណី​មេរោគ​ Zika ចំនួន​៦៧២ករណី​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​រួម​មាន​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ចំនួន​៦៤​នាក់។​ មេរោគ Zika ​មួយ​ករណី​ត្រូវ​បាន​បញ្ជាក់​ថា​ កើត​មាន​នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ៕