ជំពាក់​ប្រាក់​ដឹង​ឮ​តែ​អ្នក​ឲ្យ​​ និង​អ្នក​ខ្ចី ​គ្មាន​សាក្សី​ពី​ឃុំ​សង្កាត់ អាច​ទុក​ចិត្ត​បាន​អត់? ​

ជា​ការ​អនុវត្ត​ត​ៗ​គ្នា​ជា​យូរ​មក​ហើយ ប្រជាជន​ខ្មែរ​ច្រើន​តែ​ដឹង​លឺ​តែ​គ្នា​ឯង​រវាង​អ្នក​ខ្ចី​ប្រាក់ ​និង​អ្នក​ឲ្យ​ខ្ចី ដោយ​គេ​គ្រាន់​ធ្វើ​លិខិត​បញ្ជាក់ ដោយ​មិន​មាន​សាក្សី​ពី​ឃុំ​សង្កាត់​អ្វី​ឡើយ។ តែ​នៅ​ពេល​មាន​ជម្លោះ លិខិត​នោះ​អាច​យក​ជា​ការ​បាន​ឬ​ទេ?​

ជាក់​ស្ដែង អ្នក​ស្រី ហ៊ូ រស់​នៅ​ច្បារ​អំពៅ​ជា​អ្នក​ចង​ការ​រយៈពេល​ជាង​៥​ឆ្នាំ​មក​ហើយ។ នៅ​ពេល​នរណា​ម្នាក់​ចង់​មក​ខ្ចី​ប្រាក់ គឺ​ធ្វើ​ត្រឹម​លិខិត​ស្នាម​ជា​លាយ​លក្ខ​អក្សរ ដោយ​សំអាង​​​ស្នាម​មេ​ដៃ​រវាង​អ្នក​ខ្ចី​និង​អ្នក​ទទួល​​ជា​ភស្តុតាង​ប៉ុណ្ណោះ​ ដោយ​មិន​បាន​ដឹង​លឺ​ពី​អាជ្ញាធរ ឬ​ឃុំ​សង្កាត់​អ្វី​ឡើយ។

អ្នក​ស្រី​ថា តាម​ពិត​ក៏​ចង់​ឲ្យ​មាន​សាក្សី​ជា​មេ​ឃុំ​ចៅ​សង្កាត់​ដឹង​លឺ​ដែរ តែ​ពេល​ខ្លះ​គិត​ថា​ធ្វើ​បែប​នេះ​ត្រូវ​ប្រើ​ពេល​យូរ។ ក្រៅ​ពី​មាន​លិខិត​ស្នាម អ្នក​ស្រី​នៅ​យក​របស់​បញ្ចាំ​ពី​អ្នក​ខ្ចី​ប្រាក់​នោះ​ទៀត ដើម្បី​ឲ្យ​កក់​ក្ដៅ​ក្នុង​ចិត្ត ព្រោះ​បើ​គេ​មិន​សង​ក៏​បាន​របស់​នោះ​ទុក​កាត់​កង​ខ្លះ​ដែរ។ “តាំង​ពី​ដើម​មក​ធ្វើ​តែ​បែប​នេះ ហើយ​កន្លង​មក​ធ្លាប់​ឲ្យ​គេ​ខ្ចី​ច្រើន​ដង​ហើយ​ក៏​អនុវត្ត​បែប​នេះ​ដែរ”។

តែ​យ៉ាង​ណា ស្ត្រី​អាយុ​ខ្ទង់ ​៤០​ឆ្នាំ​រូប​នេះ​ថា ការ​ឲ្យ​ខ្ចី​ប្រាក់​ដោយ​វិធី​នេះ​ គឺ​ពិត​ជា​ភ័យ​ខ្លាច​មាន​ការ​បោក​បញ្ឆោត​ពិត​មែន ប៉ុន្តែ​ដើម្បី​សុវត្ថិភាព អ្នក​ស្រី​ថា​មុន​ឲ្យ​ខ្ចី​ប្រាក់​គេ គឺ​អ្នក​ស្រី​មើល​មនុស្ស​ណាស់ ទាល់​តែ​ស្គាល់​អាសយដ្ឋាន​គេ​ច្បាស់ ចរិត​គេ​ល្អ​ទើប​ហ៊ាន​ឲ្យ​ប្រាក់​ខ្ចី។​

បើ​តាម មេ​ធា​វី អ៊ូ អេ​ឡែន បាន​ប្រាប់​ថា កិច្ច​សន្យា​ខ្ចី​ប្រាក់ សំដៅ​ទៅ​លើ​កិច្ច​សន្យា​មួយ ដែល​អ្នក​ឲ្យ​ខ្ចី​មាន​កាតព្វកិច្ច​ប្រគល់​ប្រាក់ ​ដែល​ឲ្យ​ខ្ចី​ក្នុង​អំឡុង​ពេល ​ដែល​ត្រូវ​បាន​កំណត់​ណា​មួយ​ទៅ​ឲ្យ​អ្នក​ខ្ចី ហើយ​បន្ទាប់​ពី​អំឡុង​ពេល​នោះ​បាន​កន្លង​ផុត អ្នក​ខ្ចី​មាន​ករណីយកិច្ច​សង​ប្រាក់​។ ម្យ៉ាង​ទៀត កិច្ច​សន្យា​ខ្ចី​ប្រាក់​អាច​ត្រូវ​បង្កើត​ឡើង ដោយ​ការ​ព្រម​ព្រៀង​រវាង​អ្នក​ឲ្យ​ខ្ចី និង​អ្នក​ខ្ចី​តែ​ប៉ុណ្ណោះ។

 

យោង​តាម​លក្ខខណ្ឌ​ខាង​លើ​នេះ កិច្ច​សន្យា​ខ្ចី​ប្រាក់​មួយ​អាច​កើត​ឡើង​បាន ដោយ​មិន​បាច់​មាន​ការ​ដឹង​លឺ​ពី​អ្នក ដទៃ ឬ​អាជ្ញាធរ ដែន​ដី (មេ​ឃុំ ចៅ​សង្កាត់)។ ប៉ុន្តែ ចំពោះ​ការ​អនុវត្ត​មួយ​ចំនួន អ្នកឲ្យខ្ចី តែង​តែ​តម្រូវ​ឲ្យ​មាន​សាក្សី ដើម្បី​ការពារ​នៅ​ពេល​ដែល​អ្នក​ខ្ចី​ប្រកែក​ថា ​មិន​បាន​ខ្ចី​ប្រាក់​ពី​ខ្លួន។ ជាពិសេស អ្នក​ឲ្យ​ខ្ចី​ខ្លះ ក៏​តម្រូវ​ឲ្យ​មាន អាជ្ញាធរ​ដែន​ដី (មេឃុំ ចៅសង្កាត់) ធ្វើ​ជា​សាក្សី ដើម្បី​បញ្ជាក់​ពី​ទី​លំ​នៅ​របស់​ខ្លួន បំណុល​ជាដើម។ ការ​ធ្វើ​បែប​នេះ គឺ​មិន​ជា​ក្រប​ខណ្ឌ​នៃ​ច្បាប់​នោះ​ទេ ប៉ុន្តែ​អាច​ជួយ​ធានា​កិច្ច​សន្យា​ខ្ចី​ប្រាក់ និង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ចួន៕

អត្ថបទ៖ លឹម សុ​នា
ប្រភព៖ sabay

  • ជំពាក់​ប្រាក់​ដឹង​ឮ​តែ​អ្នក​ឲ្យ​​ និង​អ្នក​ខ្ចី ​គ្មាន​សាក្សី​ពី​ឃុំ​សង្កាត់ អាច​ទុក​ចិត្ត​បាន​អត់? ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:ចំនេះដឹង
Tags: