ច្បាស់​ជា​ស្អុយ​មិន​ខាន​បើ​មិន​យក​របស់ 15យ៉ាងនេះ​ចេញពី​ទូទឹកកក​

កុំ​គិតថា អាហារ​គ្រប់​ប្រភេទ​នឹង​រក្សាទុក​បានយូរ​យ៉ាង​មាន​សុវត្ថិភាព​នៅពេល​ទុក​ក្នុង​ទូទឹកកក​ឱ្យសោះ ព្រោះ​មិន​ដូច្នោះ​ទេ​អ្នក​អាចនឹង​បាត់បង់​វា​តាំងពី​នៅ​មិនទាន់បាន​ប្រើ​វា​ផង ហើយ​ថែមទាំង​មិន​រួចថ្លៃ​ប្រាក់​ដែល​បាន​ទិញ​វា​មក​នោះ​ទៀតផង។ ឡា​រ៉ែ​ន ជឿថា ពេលនេះបងៗស្ត្រី​មេផ្ទះ​ច្បាស់​ជា​ចង់ដឹង​ហើយ​ថា តើ​អាហារ​ទាំង15យ៉ាងដែល​មិនគួរ​រក្សាទុក​ក្នុង​ទូទឹកកក​នោះ​មាន​អ្វី​ខ្លះទៅ? បើ​ត្រៀមខ្លួនរួចហើយ សូម​តាមដាន​ដូចតទៅ ៖

    1. កាហ្វេ
នៅពេលដែល​កាហ្វេ​មានគុណ​សម្បត្តិ​ក្នុងការ​បឺត​ក្លិន​ស្រាប់ហើយ​នោះ យើង​មិនគួរ​រក្សាទុក​កាហ្វេ មិនថាតែ​ប្រភេទ​ម្សៅ ឬ​គ្រាប់នៅក្នុង​ទូទឹកកក​ឡើយ ព្រោះ​កាហ្វេ​នឹង​បឺត​យក​ក្លិន​ពី​អាហារ​ដែល​នៅជុំវិញ​នោះ ធ្វើឱ្យ​ខូច​រសជាតិ និង​ខូច​ក្លិនក្រអូប​ឈ្ងុយ​ដោយ​បរិយាយ។ ឡា​រ៉ែ​ន សូម​ណែ​នាំឱ្យ​រក្សាទុក​នៅក្នុង​ដប​កែវ​ដែលមាន​គម្រប​បិទជិត​ណែន ក្នុង​សីតុណ្ហភាព​ធម្មតា​ប្រសើរ​ជាង បើ​មិន​ចង់ឱ្យ​រសជាតិរបស់​កាហ្វេ​ប្រែប្រួល​នោះ។

    2. ផ្លែ​ចេក
មិនមែន​ថា យក​ផ្លែ​ចេក​ទៅ​ក្លាស​សេ​ក្នុង​ទូទឹកកក​មិនបាន​នោះទេ តែបើ​ថា​ចង់​ធ្វើ​មែនទែន​នោះ​ក៏​គួរតែ​ស្គា​ល់ពី​វិធី​ដែល​ត្រឹម​ត្រូវជាមុន​សិន​ដែរ ដោយ​ជ្រើសរើស​រក្សាទុក​ក្នុង​ទូទឹកកក​ចំពោះតែ​ចេក​ខ្ចីឬ​ផ្លែ​ចេក​ដែលមាន​សម្បក​ពណ៌​បៃតង​បាន​ហើយ ព្រោះ​វា​នឹង​ជួយពន្យារពេល​មិនឱ្យ​ចេកឆាប់​ទុំ តែបើ​យក​ចេកទុំ​ល្មម​ញ៉ាំ​ទៅ​រក្សាទុកក្នុង​ទូទឹកកក​វិញ​នោះ ធានាថា ពី​សម្បក​ពណ៌​លឿង​ស្រស់​នោះ នឹងក្លាយទៅជា​ពណ៌​ខ្មៅ​ស្រគាំ ហើយ​ពេល​បក​ចេញ សាច់​ចេក​នឹង​ទន់រឡិករឡាក់​មិនគួរ​ឱ្យ​ចង់​ទទួលទាន​មិន​ខាន។

    3. ប្រេងឆា
អ្នកណាៗក៏​ដឹង​ច្បាស់​ស្រាប់​ទៅហើយ​ថា មិនគួរ​រក្សាទុក​ប្រេងឆានៅក្នុង​ទូទឹកកក​ទេ ព្រោះ​វា​នឹងធ្វើ​ឱ្យ​កក​ក្លាយជា​កករ​ខាប់ តែ​ក៏​អាច​នឹង​មាន​បងៗ​ស្ត្រី​​មេផ្ទះ​ខ្លះ​ដែល​យល់​ខុស​គិតថា​ប្រេងឆា​ដែល​នាំចូលពី​បរទេស​ដូចជា ប្រេង​ម្កាក់​ជាដើម ត្រូវតែ​រក្សាទុក​ក្នុង​ទូទឹកកក ដូច្នេះ ឡា​រ៉ែ​ន សូម​ដាស់តឿន​ថា មិនគួរ​ធ្វើ​បែប​ជាដាច់ខាត មិន​ដូច្នោះ​ទេយើង​អាច​នឹងត្រូវ​ខាត​ពេល​កម្តៅ​វា​ឱ្យ​ត្រឡប់មក​ដូចដើម​វិញ​មិន​ខានហើយ​ថែមទាំង​មិនដឹង​ទៀតផង​ថា ប្រេង​ម្កាក់​ដែល​យកទៅ​កម្តៅ​ហើយនោះ គុណភាព​របស់​វា​នៅ​ដូចដើម ឬ​យ៉ាងណា​នោះឡើយ។

    4. មើម​ខ្ញី
មិនចាំបាច់​ភ្ញាក់ផ្អើល​ឡើយ បើបងៗស្ត្រី​មេផ្ទះ​យក​មើម​ខ្ញី​ទៅ​ទុកនៅក្នុង​ទូទឹកកក ហើយ​ដល់ពេល​ត្រូវ​ការប្រើ ក៏​ទៅ​បើក​យកមក​ស្រាប់តែ​ឃើញថា វា​ឡើង​ស្វិត​ជ្រួញ​លែងមាន​សាច់​អស់​ទៅហើយ នោះគឺអាច​ដោយសារតែ​ភាព​ត្រជាក់​បាន​បឺត​យក​សំណើម​ចេញពី​មើម​ខ្ញីអស់រលីង​ហ្នឹងឯង សូម្បីតែ​បកសម្បក​ក៏​ពិបាក​បក​ដែរ តែបើ​ចាំបាច់ត្រូវតែ​ក្លាស​សេ​ទុក​ក្នុង​ទូទឹកកក​នោះ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​បកសម្បក​ចេញ ហើយ​ខ្ចប់​នឹង​ក្រដាស ឬ​ដាក់​ក្នុង​ប្រអប់​ជ័រ មុននឹង​យកទៅ​រក្សាទុក​ក្នុង​ទូទឹកកក។

    5. មើម​ខ្ទឹមបារាំង
សូម​ប្រាប់​ទៅ​ចុះ​ថា អ្នកណា​យក​មើម​ខ្ទឹមបារាំង​ទៅ​ទុក​នៅក្នុងទូទឹកកក​នោះ សូម​ប្រញាប់​យកចេញ​ជាបន្ទាន់ មិន​ដូច្នោះ​ទេ​អាហារគ្រប់យ៉ាង​ក្នុង​ទូទឹកកក​នឹងមាន​តែ​ក្លិន​ខ្ទឹមបារាំង​ពេញ​ហ្នឹង​ទាំងអស់ក្រៅពីនោះ ចំហាយ​ត្រជាក់​ក្នុង​ទូទឹកកក​នឹងធ្វើ​ឱ្យ​សាច់​ខាងក្នុង​មើមខ្ទឹមបារាំង​ដាច់​រយាក​ចេញពី​គ្នា​ឡើង​ទន់ តែបើ​ចង់​រក្សាទុក​ក្នុង​ទូ​ទឹកកក​មែន​នោះ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​ខ្ចប់​ដោយ​ក្រដាស​កាសែត ឬផ្លា​ស្ទិ​ក​ខ្ចប់​អាហារ ឬ​ដាក់​ក្នុង​ប្រអប់​ផ្លា​ស្ទិ​ក មុននឹង​យកទៅ​ទុក​នៅក្នុង​ទូទឹកកក។

    6. ផ្លែ​ល្ពៅ
ការថែរក្សា​ផ្លែ​ល្ពៅ​ទុក​នៅក្នុង​ទូទឹកកក​រយៈពេល​យូរ​នឹងធ្វើ​ឱ្យទាំង​សំណើម រសជាតិ​ផ្អែម និង​ភាព​ស្អិតរ​មួ​ត​ដែលជា​គុណសម្បត្តិដ៏​ល្អ​ឯក​របស់​ផ្លែ​ល្ពៅ​រលាយ​បាត់អស់ ដូច្នេះ ឡា​រ៉ែ​ន សូម​ណែនាំឱ្យបងៗស្ត្រី​មេផ្ទះ​ទិញ​មក​ល្មមតែ​ធ្វើ​ញ៉ាំ​បាន​ហើយ តែ​បើសិនជា​នៅសល់ គួរ​រក្សាទុក​នៅក្នុង​ក​ន្លែ​ង​មាន​ខ្យល់​ចេញចូល​ល្អប្រសើរ​ជាង។

    7. មើម​ខ្ទឹមស
សូម​ប្រញាប់​យក​ខ្ទឹមស​ចេញពី​ទូទឹកកក​ជាបន្ទាន់ កុំ​ច្រឡំ​ធ្វើតាមជំនឿ​បែបខុសៗដែលថា ត្រូវ​រក្សាទុក​មើម​ខ្ទឹមស​នៅក្នុង​ទូទឹកកក ដើម្បីការពារ​កុំឱ្យ​មើម​ខ្ទឹមស​ស្អុយ​ទៀត​អី ព្រោះ​ការពិតទៅ សីតុណ្ហភាពនៅក្នុង​ទូទឹកកក​គឺជា​អ្នកជំរុញ​ឱ្យ​ឆាប់​មានប្រតិកម្ម​ដែល​ធ្វើឱ្យ​មើមខ្ទឹមស​ដុះ​ផ្សិត និង​ឡើង​ជាំ​រហូត​លែង​អាច​នាំយកមក​ធ្វើជា​អាហារតទៅទៀតបាន។

    8. ផ្លែ​ប៉េងប៉ោះ
ដូចដែល​យើង​ដឹង​ច្បាស់​ហើយ​ថា ផ្លែ​ប៉េងប៉ោះ​ហាក់ដូចជា​ឆាប់ខូច​ខ្លាំងណាស់ ប៉ះ​រាង​ធ្ងន់​ដៃ​តែ​បន្តិច​ក៏​ទ្រុឌ​ជាំ​ដល់​សាច់​ក្នុង​បាត់ទៅហើយ។ ដូចគ្នា​នោះដែរ បើ​យើង​ទុក​ផ្លែ​ប៉េងប៉ោះ​នៅក្នុង​ទូទឹកកក​ដែលមាន​សីតុណ្ហភាព​ក្រោម​សូន្យ​នោះ នឹងធ្វើ​ឱ្យ​សាច់ទន់ៗរបស់​ផ្លែ​ប៉េងប៉ោះ​ស្វិត​ជ្រីវជ្រួញ និង​មាន​សភាព​ទន់​រលួយ​ក្លាយជា​ទឹក​នៅ​ទីបំផុតជាមិនខាន។

    9. ទឹកឃ្មុំ
ដោយ​រសជាតិ​ដ៏​ផ្អែម​ក្រអូប​ត្រជាក់ចិត្ត​របស់​ទឹកឃ្មុំ ធ្វើឱ្យ​យើងនឹក​គិតតែ​ឯកឯង​ថា ត្រូវតែ​រក្សាទុក​នៅក្នុង​ទូទឹកកក​ដើម្បី​ការពារ​ពីស្រមោច និង​សត្វល្អិត​ផ្សេងៗ តែ​ការពិត​វិញ វិធី​នេះ​នឹង​រឹតតែ​បន្ថែមភាព​ផ្អែម​ឱ្យ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត ព្រោះ​កើតចេញពី​ការដែលទឹកឃ្មុំ​ចាប់​គ្រាប់​គ្នា​ឡើង​ក្រាម និង​ឡើង​ស្វិត​ជាប់​គ្នា​ធ្វើឱ្យ​ពិបាក​ដួសដូច្នេះ​គ្រាន់តែ​រក្សាទុក​នៅក្នុង​ដប​កែវ បិទ​គម្រប​ឱ្យ​ជិត​ណែន និង​ដាក់លើ​ខ្នង​ទូ​ក៏​គ្រប់គ្រាន់​ទៅហើយ។

     10. ផ្លែ​ម៉ឺ​ឡុង(Melon)
ផ្លែ​ម៉ឺ​ឡុងត្រជាក់ៗ ផ្អែមៗ កំពុង​ក្លាយ​ជាទី​និយម​ក្នុងចំណោមអ្នក​ស្រឡាញ់​សុខភាព ព្រោះ​ក្រៅពី​ធ្វើឱ្យមាន​អារម្មណ៍​ថា​ស្រស់ថ្លាហើយ​នោះ នៅមាន​កាក​សរសៃ​ដែល​ជួយ​ឱ្យ​ប្រព័ន្ធ​បន្ទោបង់​ធ្វើការបានល្អ​ទៀតផង តែ​ដឹង​ឬទេ​ថា ការយក​ផ្លែ​ម៉ឺ​ឡុង​ទៅ​ទុក​ក្នុង​ទូទឹកកកនឹងធ្វើ​ឱ្យ​យើង​មិន​បានទទួល​ប្រយោជន៍​ដូចដែល​យើង​គិត​នោះទេព្រោះ​ភាព​ត្រជាក់​នឹង​ចូលទៅ​បំផ្លាញ​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈរហូត​អស់រលីង ស៊ូ​រក្សាទុក​នៅក្រៅ​ទូទឹកកក​ដើម្បី​ឱ្យបាន​សារធាតុអាហារ​គ្រប់​ចំនួន​វិញ​ល្អ​ជាង។

11. គ្រឿងគ្រៅ​ស្ល​ស្លុកស្រស់ៗ
តាមរយៈ​កម្មវិធី​ធ្វើ​ម្ហូបអាហារ​របស់​ប្រទេសក្រៅ​ដែល​យើងតែង​ឃើញ​នៅក្នុង​ទូរទស្សន៍​ជា​ញឹកញាប់​នោះ យើង​សង្កេតឃើញថាឆេ​ហ្វ(មេ​ចុងភៅ)និយម​បេះ​បន្លែ​ស្លឹកផ្សេងៗពី​ដើម​ដែល​ដាំ​នៅក្នុងផើង​មក​ផ្សំ​ជា​ម្ហូបអាហារភ្លាមៗ ព្រោះ​បើ​យើង​យក​ស្លឹក​គ្រឿងគ្រៅស្រស់ៗដូចជា ជី​វ៉ាន់ស៊ុយ ស្លឹក​ម្រះព្រៅ ជី​នាងវង ឬ​សូម្បីតែ​ស្លឹក​ខ្ទឹមក៏ដោយ ទៅ​ទុក​ក្នុង​ទូទឹកកក​នោះ នឹងធ្វើ​ឱ្យ​វា​ស្ងួត​ក្រៀមក្រោះ​រហូតបាត់បង់​អស់ទាំង​រស​ជាតិ ក្លិន និង​សារធាតុ​​អាហារ​ថែម​ទៀតផង។

    12. នំប៉័ង
មិនមែន​ថា ការ​ទុក​នំប៉័ង​នៅក្នុង​ទូទឹកកក​ជា​រឿង​ដែល​មិនគួរ​ធ្វើ​នោះទេ ព្រោះ​បើ​ចាំបាច់​ត្រូវ​ទុក​ដើម្បី​ត្រៀម​ធ្វើ​នំ​ស៊ែ​ន​វិច ឬ​តាមរូបមន្ត​អាហារ​ផ្សេងៗ​នោះ ​អាច​លើកលែង​បាន តែបើ​មិន​ស្ថិតក្នុងករណី​ទាំង2នេះ​ទេ ឡា​រ៉ែ​ន សូម​ណែ​នាំឱ្យ​រក្សាទុក​ក្នុង​ក្រៅ​ទូទឹកកកវិញ​ប្រសើរ​ជាង មិន​ដូច្នោះ​ទេ សាច់ និង​រសជាតិ​របស់​នំ​ប៉័ង​នឹង​ឡើងរឹង​រហូត​សឹងតែ​មិន​ចង់​ចាប់​យកមក​ទទួលទាន​នាំ​តែ​ខូច​អារម្មណ៍ទៀតផង។

    13. ផ្លែ​ប៊័រ (អា​វ៉ូ​ខា​ដូ)
កញ្ញាៗណា​ដែល​ចូលចិត្ត​ទទួលទាន​ផ្លែ​ប៊័រ​សូមជ្រាប! ហាមយក​ផ្លែ​ប៊័រ ឬ​អា​វ៉ូ​ខា​ដូ​ដែល​ទើបតែ​ទិញ​មកពីផ្សារថ្មីៗទៅ​ទុក​នៅក្នុងទូទឹកកក​ជាដាច់ខាត តែ​គួរ​ទុកដាក់​នៅក្នុង​កន្លែង​ដែលមាន​សី​តុ​ណ្ហភាពប្រក្រតី គឺ​ល្អ​ណាស់​ទៅហើយ ព្រោះ​ទូទឹកកក​នឹងធ្វើ​ឱ្យ​ផ្លែ​ប៊័រ​ឡើងរឹង ចត់ និង​បាត់អស់​រសជាតិ​ដែល​យើង​ចង់បាន​អស់​ជាមិនខាន។

  14. ផ្លែឈើ​ណា​ដែលមាន​សាច់​ទន់ និង​ឆាប់​ទុំ
ចំណុច​នេះ​ចូលក្នុង​ជំពូក​ហេតុផល​ដូចគ្នា​នឹង​ផ្លែ​ប៉េងប៉ោះ និង​ផ្លែ​ម៉ឺ​ឡុង​ដែរ ដូច្នេះ​គ្រាន់តែ​រក្សាទុក​ផ្លែឈើ​សាច់​ទន់ ដូចជា គី​វីភៀស ស្វាយ-ល- នៅក្នុង​ដប​កែវ ឬ​កញ្ច្រែងស្អាតៗទៅបាន​ហើយប្រសើរ​ជាង​ទុកឱ្យ​ស្អុយ​ចោល​នៅក្នុង​ទូទឹកកក។

    15. មើមដំឡូង​បារាំង
ទោះជា​ផល​អាក្រក់​របស់​ការយក​មើមដំឡូង​បារាំង​ទៅ​ទុកនៅក្នុង​ទូទឹកកក​អាច​នឹងមិន​ស្មើនឹង​ផ្លែ​ប៉េង​បោះ​ក៏ពិតមែន  តែ​ចំហាយត្រជាក់ និង​សីតុណ្ហភាព​ក្នុង​ទូទឹកកក​នឹង​ទៅ​បំផ្លាញ​ជាតិ​ម្សៅ​ដែលមាននៅ​ក្នុង​សាច់​មើមដំឡូង​បារាំង​រហូត​រសជាតិផ្អែមៗរលាយបាត់អស់រលីង ថែមទាំង​សាច់​របស់​វា​មិន​ស្រួយ​ស្រស់ ហើយ​លែង​ឆ្ងាញ់ទៀតផង។

បើ​អ្នកណា​ដែល​ទើបតែ​នឹក​ឃើញថា មាន​របស់​អស់​ទាំងនេះ​នៅក្នុង​ទូទឹកកក ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យប្រញាប់​យកចេញ និង​កុំ​ភ្លេចខ្លួនយកទៅ​ទុក​ក្នុង​ទូទឹកកក​ទៀត​ជាដាច់ខាត ដើម្បីឱ្យ​អាហារ​ទាំងនោះនៅ​ស្រស់​ថ្មី និង​មាន​សារធាតុ​អាហារ​នៅ​គង់វង្ស​គ្រប់​ចំនួន​ដដែល៕

ប្រភព៖ lareine

  • ច្បាស់​ជា​ស្អុយ​មិន​ខាន​បើ​មិន​យក​របស់ 15យ៉ាងនេះ​ចេញពី​ទូទឹកកក​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:ចំនេះដឹង
Tags: