ទាស់​គ្នា​ថ្ងៃ​រៀប​ការ កូនកំលោះ​ក្លាយជា​អ្នកទោស

ទាស់​គ្នា​ថ្ងៃ​រៀប​ការ កូនកំលោះ​ក្លាយជា​អ្នកទោស



ខេត្តតាកែវ ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​កូនកំលោះ​ខាន​ផ្សំ​ដំណេក បន្ទាប់​ពី​ផ្ទុះ​ជម្លោះ​ពេល​រាំ​ធុងបាស់​ក្នុង​មង្គលការ​របស់​ខ្លួន ។ បុរស​៤​នាក់​រួម​នឹង​កូនកំលោះ​ផង​បាន​ត្រូវ​នគរបាល​ស្រុក​ទ្រាំង​ចាប់ខ្លួន​ភ្លាម​ៗ​វ៉ៃ​ខ្នោះដៃ រួច​កសាង​សំណុំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ក្រោយ​ពី​ភាគី​កូនកំលោះ​និង​ភាគី​កូនក្រមុំ​បាន​បង្ក​ហិង្សា​វាយតប់​គ្នា ដោយ​យក​កៅអី​ជ័រ​វាយ​គ្នា​ពេល​កំពុង​រាំ​ធុងបាស់​បែកបាក់​ខ្ទេចខ្ទី ។

ក្នុង​ជម្លោះ​នេះ ភាគី​ខាង​កូនក្រមុំ​ត្រូវ​ភាគី​ខាង​កូនកំលោះ​វាយ​របួស​៣​នាក់ ចំណែក​ភាគី​ខាង​កូនកំលោះ​ដែល​មាន​សា​ម៉ី​ខ្លួន​ចូលរួម​ផង​នោះ ក៏​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣ ខែមេសា វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច នៅ​ភូមិ​តា​រ៉េ​ន​ជោ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ។

លោក ប៉ិច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង បានឱ្យ​ដឹង​ថា ជន​ដែល​នគរបាល​ចាប់ខ្លួន​មាន ៖ ១-​ឈ្មោះ ជូ រឹម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ជា​កូនកំលោះ​, ២-​ឈ្មោះ ទ្រី វីត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជ្រ​លើង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​, ៣-​ឈ្មោះ ឆេ​ង ឆេ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អណ្ដូង ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​, ៤-​ឈ្មោះ ទួន ស៊ី​ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ឃុំ​ចំការអណ្ដូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ចំណែក​អ្នក​រង​របួស​មាន​ចំនួន​៣​នាក់​គឺ​១-​ឈ្មោះ កៅ សុខុម ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ២-​ឈ្មោះ សយ ហួ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៣-​ឈ្មោះ វ៉ា​ត់ រ៉ាត់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​អធិការរង​បន្ត​ថា មុន​ពេល​កើតហេតុ​នៅ​ក្នុងភូមិ ឃុំ​ខាងលើ មាន​រៀបចំ​ពិធី​មង្គលការ​នៅផ្ទះ​ឈ្មោះ ឃុន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ភាគី​ខាង​កូនកំលោះ​មក​ពី​ខេត្តកំពង់ចាម លុះដល់​វេលា​ល្ងាច​មានការ​រៀបចំ​ទទួលភ្ញៀវ​ជប់លៀង​ពិធី​មង្គលការ​នេះ ។  នា​ល្ងាច​នោះ​ដែរ ភាគី​ខាង​កូនក្រមុំ​និង​ភ្ញៀវ​ខាង​កូនកំលោះ បាន​រួម​គ្នា​រៀបចំ​តុ​ដាក់​ធ្វើ​ជា​កន្លែង​រាំ​លេង​ទាំងអស់​គ្នា ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច រាំ​បាន​តែ​៣​ទៅ​៤​បទ ស្រាប់តែ​វាយ​គ្នា​ប្រាវ​កៅអី​ហោះ​ពេញ​រោងការ ឯ​ភ្ញៀវ​ដែល​កំពុង​អង្គុយ​ស៊ីផឹក​រត់​ចែក​ជើង​គ្នា​លែង​ហ៊ាន​នៅ​ទៀត ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​កូនក្រមុំ​ខាត​និយាយ​លែង​ចេញ ។

ជន​ទាំង​៤​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន ក្នុង​រាត្រី​ត្រូវ​ផ្សំ​ដំណេក​នោះ មាន​ទាំង​កូនកំលោះ​ផង សារភាព​ប្រាប់​នគរបាល​ថា ពួក​គេ​ពិតជា​បាន​យក​កៅអី​វាយ​ភាគី​ជម្លោះ​ឱ្យ​រង​របួស​ប្រាកដ​មែន ។ អ្នក​ទាំង​៤​នាក់ ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ។

ប៉ូលិស​និយាយ​ថា ចាំ​ដល់​រួច​ទោស​ចាំ​ផ្សំ​ដំណេក​តាម​ក្រោយ​ក៏​បាន​ដែរ ធ្វើ​ម៉េច​បើ​អ្នកឯង​បង្ក​ហិង្សា​យ៉ា​ង​នេះ ហាក់ដូច​ស្រុក​ទេស​អត់​ច្បាប់ ៕