អាកាសធាតុ​ដ៏​អាក្រក់ រលក​កម្តៅ​វាយប្រហារ​តំបន់​ខ្ពង់រាប

អាកាសធាតុ​ដ៏​អាក្រក់ រលក​កម្តៅ​វាយប្រហារ​តំបន់​ខ្ពង់រាប



ខេត្តមណ្ឌលគិរី ៖ អាកាសធាតុ​ក្តៅ​បាន​វាយប្រហារ​ខេត្តមណ្ឌលគិរី​ជាង​ពី​រស​ប្តា​ហ៍​មក​ហើយ ខណៈ​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ក៏​បាន​រង​នូវ​ការ​រំខាន​ពី​សីតុណ្ហភាព​ក្តៅ ដែល​ស្ទើរតែ​មិន​ធ្លាប់​កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។ អស់​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​ហើយ ខេត្តមណ្ឌលគិរី មិន​ដែល​មាន​សីតុណ្ហភាព​លើស​ពី​៣០​ទៅ​៣៥​អង្សា​ទេ តែ​នៅ​ឆ្នាំ​២០១៦​នេះ​ខេត្តមណ្ឌលគិរី បាន​រង​នូវ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ចាប់ពី​៣៨​ទៅ​៤០​អង្សា​នា​ពេល​ថ្ងៃ និង​នៅ​ពេល​យប់​ធ្លាក់​ចុះ​ត្រឹម​២៥​ទៅ​២៧​អង្សា ។

ការ​ប្រែប្រួល​អាកាសធាតុ​ខុស​ប្លែក​ពី​ធម្មតា​នេះ ត្រូវ​បាន​ក្រុម​អ្នកជំនាញ​បរិស្ថាន​និយាយ​ថា កត្តា​ចម្បង​ដែល​បណ្តាល​ឲ្យ​កើត​មាន​បាតុភូត​បែប​ខាងលើ គឺ​មក​ពី​ល្បឿន​នៃ​ការ​បាត់បង់​ព្រៃឈើ​មាន​សភាព​លឿន​ពេក ហើយ​ការ​បំផ្លាញ​ព្រៃឈើ​ដែល​ជា​ប្រភព​រក្សា​លំនឹង​ធម្មជាតិ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ជា​រៀងរាល់ថ្ងៃ ។ មណ្ឌលគិរី គឺជា​ខេត្ត​នៅ​ភូមិភាគ​ឦសាន ដែល​ល្បីល្បាញ​ពី​អាកាសធាតុ​ដ៏​សែន​ត្រជាក់ និង​សម្បូរ​តំបន់​ទេសភាព​ធម្មជាតិ​រាប់​មិន​អស់ តែ​បច្ចុប្បន្ន​ក៏​បាន​ក្លាយទៅជា​ទីវាល​ដ៏​ក្តៅ​ក្រោម​ពន្លឺព្រះអាទិត្យ ដោយសារ​តែ​ដី​ព្រៃឈើ​រាប់​សែន​ហិ​កតា ត្រូវ​គេ​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម ។

លោក វ៉ា​ន់ ទិ​ត្យ ដែល​បាន​មក​រស់នៅ​ខេត្តមណ្ឌលគិរី តាំងពី​ឆ្នាំ​១៩៨៤ បាន​ឲ្យ​ដឹង​ថា កាល​ឆ្នាំ​នោះ​(១៩៨៤)​គ្រួសារ​របស់​គាត់​បាន​ចាក​ចេញពី​ខេត្តស្វាយរៀង​ដែល​ជា​ស្រុក​កំណើត មក​រស់នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ កាល​មក​រស់នៅ​ទី​នេះ​ដំបូង គ្រួសារ​របស់​គាត់​ពិតជា​ពិបាក​ខ្លាំង​ណាស់ ព្រោះតែ​អាកាសធាតុ​នៅ​ខេត្ត​នេះ​ត្រជាក់​ខ្លាំង​ជាង​ស្រុក​កំណើត​របស់​គាត់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សូ​ម្បី​ពេល​ថ្ងៃ មិន​ថា​រដូវប្រាំង​ឬ​រដូវវស្សា​ទេ ស្ទើរ​រក​ថ្ងៃ​ហាល​ខោអាវ​មិន​បាន​ផង គឺ​មាន​ខ្យល់​សើម​ជា​និច្ច ។

មិន​ខុស​ពី​លោក វ៉ា​ន់ ទិ​ត្យ​នោះ​ទេ លោក ចាន់ បុត្រ បាន​រៀបរាប់​ឲ្យ​ដឹង​ថា គាត់​បាន​មក​រស់នៅ​ខេត្តមណ្ឌលគិរី​កាលពី​ឆ្នាំ​២០១២​។ ទោះបី​ឆ្នាំ​ដែល​គាត់​បាន​មក​រស់នៅ​ខេត្តមណ្ឌលគិរី អាកាសធាតុ​បាន​ប្រែប្រួល​បន្តិច​ពី​កាលដែល​លោក វ៉ា​ន់ ទិ​ត្យ មក​រស់នៅ​ដំបូង​ពិតមែន ប៉ុន្តែ​អាកាសធាតុ​នៅ​ខេត្ត​នេះ គឺ​ពិតជា​ចង់​ឲ្យ​រស់នៅ​ខ្លាំង​ណាស់ មិន​ដូច​សព្វថ្ងៃ​អាកាសធាតុ​កំពុង​អាក្រក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្តៅ​ស្ទើរ​ទ្រាំ​មិន​បាន ។ ចំណែក​សត្វ​ចិញ្ចឹម​នានា​ដូច​ជា ជ្រូក មាន់ ទា​...​ក៏​រង​នូវ​ជំងឺ​តម្កាត់​នានា ងាប់​ស្ទើរ​គ្មាន​សល់ ។

យោង​តាម​របាយការណ៍​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​បញ្ជាក់​ថា ព្រៃឈើ​ចម្រុះ​ដែល​ត្រូវ​គេ​កាប់​បំផ្លាញ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ មាន​ចំនួន​រាប់​សែន​ហិ​កតា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ព្រៃឈើ​ដែល​គេ​កាប់​ស្របច្បាប់​គឺ ជា​ប្រភេទ​ដី​ព្រៃ​ដែល​រាជរដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន​វិនិយោគ​សេដ្ឋកិច្ច​(​ដី​សម្បទាន​សេដ្ឋកិច្ច​)​ដែល​គេ​ចាត់​ទុក​ថា ជា​ដី​ព្រៃ​រេចរឹល តែ​ការ​ពិត​ដី​ព្រៃឈើ​សុទ្ធ​មិន​មានការ​រេចរឹល​នោះ​ឡើយ ។ ចំណែក​ព្រៃឈើ​ដែល​គេ​កាប់​មិន​ស្របច្បាប់ គឺជា​ប្រភេទ​ដី​ព្រៃ​ដែល​ត្រូវ​កាប់​បំផ្លាញ​ទន្ទ្រាន​យក​ដី​ដោយ​ជនខិលខូច និង​ការ​រំលោភ​យក​ពី​អ្នកមាន​អំណាច​មួយ​ចំនួន ។

បម្រែបម្រួល​អាកាសធាតុ​ដ៏​ឆាប់រហ័ស​បែប​នេះ គឺជា​សញ្ញា​អវិជ្ជមាន​ដ៏​អាក្រក់​ដល់​ប្រជា​កសិករ​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​ធម្មជាតិ ព្រោះ​របៀប​ធ្វើស្រែ​ចម្ការ​របស់​ពួក​គាត់ គឺ​ធ្វើស្រែ​ប្រវាស់​មេឃ ។ ពលរដ្ឋ​ដែល​រស់នៅ​ស្រុក​កែវ​សីមា ស្រុក​កោះ​ញែក ស្រុក​ពេ​ជ្រា​ដា បាន​និយាយ​ទាំងអស់​សង្ឃឹមថា ចម្ការ​ម្រេច ចម្ការ​ស្វាយ ចម្ការ​ស្វាយចន្ទី ចម្ការ​ដំឡូង​មី​...​របស់​គាត់​កំពុង​ប្រឈម​ការ​បាត់បង់ បើ​មេឃ​នៅ​តែ​ក្តៅ​ខ្លាំង ហើយ​មិន​មាន​ភ្លៀង​កក់ខែ​ទេ​នោះ ។ ជាក់ស្តែង ចម្ការ​ម្រេច​មួយ​ចំនួន​ក្នុង​ខេត្តមណ្ឌលគិរី បាន​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​តែ​ម្ចាស់​មិន​អាច​ផ្គត់ផ្គង់​ទឹកបាន​គ្រប់គ្រាន់ ចំណែក​ចម្ការ​ស្វាយ ចម្ការ​ស្វាយចន្ទី​ខ្លះ ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​ស្មៅ រាលដាល​ឆេះ​ទាំង​ដំណាំ​ក្នុង​ចម្ការ​ទៀត​...​។

ប្រជា​កសិករ​បាន​សម្តែង​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ថា ប្រសិនបើ​នៅ​ក្នុង​ខែមេសា​នេះ​មិន​មាន​ភ្លៀង​កក់ខែ ឬ​នៅ​ក្នុង​ខែមិថុនា មិន​មាន​ភ្លៀង​ធ្លាក់​ទេ​នោះ ពួក​គាត់​ច្បាស់​ជា​មិន​អាច​ដាំ​ដុះ​ដំណាំ​បាន​ទេ ហើយ​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ពិតជា​ជួប​ការ​លំបាក​ជាក់​ជា​មិន​ខាន ។ សូ​ម្បី​បឹង អូរ និង​ត្រពាំង​មួយ​ចំនួន មិន​ដែល​មាន​ប្រវត្តិ​រីងស្ងួត​សោះ តែ​នៅ​ឆ្នាំ​នេះ​អូរ ត្រពាំង បឹង​ទាំងនោះ​បាន​រីងស្ងួត​អស់​ទៅ​ហើយ ។

យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​រង​នូវ​បាតុភូត El Nino (​ក្តៅ​)​រហូត​ដល់​ចុងខែ​មិថុនា ។ ឥទ្ធិពល​នៃ​បាតុភូត El Nino នេះ អាច​នឹង​បង្ក​ឲ្យ​រដូវវស្សា​មក​ដល់​យឺត ហើយ​នៅ​ដើមរដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​តិច មាន​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​កើត​មាន​ឡើង​ច្រើន កម្រិត​សីតុណ្ហភាព​អតិបរមា​កើនឡើង អាកាសធាតុ​ក្តៅ​ហួតហែង ។

ស្ថានភាព​អាកាសធាតុ​បែប​នេះ​នឹង​កើត​មាន​ចាប់ពី​ខែកុម្ភៈ​រហូត​ដល់​ចុងខែ​មិថុនា ឆ្នាំ​២០១៦​។ កត្តា​ទាំងនេះ​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​របស់​យើង​ប្រឈម​នឹង​កង្វះ​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​តាម​តំបន់​មួយ​ចំនួន ។​រហូត​ដល់​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០១៦ ទើប​បាតុភូត​ថ្មី La Nina (​ត្រជាក់​) មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ហើយ​ភ្លៀង​ក៏​ចាប់ផ្តើម​ធ្លាក់​នា​ពេល​នោះ​ដែរ ។

ការ​កើនឡើង​នូវ​កម្តៅ​ខុស​ពី​ធម្មតា​នេះ មិនមែន​កើត​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ សូ​ម្បី​ប្រទេស​នានា​នៅ​លើ​ពិភពលោក ជា​ពិសេស​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍ ក៏​កំពុង​រង​នូវ​វិបត្តិ​នៃ​ការ​កើនឡើង​កម្តៅ​ជាស​កល​នេះ​ដែរ ។ ក្រុម​អង្គការ​នានា ដែល​ធ្វើការ​លើ​វិស័យ​ការពារ​បរិស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ក៏​ដូច​ជា​ការ​ព្រមាន​ជា​ញឹកញាប់ ចំពោះ​ការ​បំផ្លាញ​ស្រទាប់​បរិយាកាស ដែល​បណ្តាល​មក​ពី​សកម្មភាព​របស់​មនុស្ស​ប្រចាំ​ថ្ងៃ ឲ្យ​ងាក​មក​ចូលរួម​កាត់​បន្ថយ​នូវ​ការ​បំផ្លាញ​នានា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​បរិស្ថាន ជា​ពិសេស​បាន​ធ្វើ​ឲ្យ​ភព​ផែនដី​ទាំងមូល​រង​នូវ​ការ​កើន​កម្តៅ​ខ្លាំង​ឡើង​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ដំណោះស្រាយ​តែ​មួយ​គត់ គឺ​មនុ​សុ្ស​ជាតិ​នៅ​លើ​ពិភពលោក ត្រូវ​រួម​គ្នា​ថែរក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ បង្កើន​សកម្មភាព​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​តាម​បែប​បំផ្លាញ មក​ជា​ការ​ប្រើប្រាស់​ក្នុង​ទម្រង់​សន្សំ​សំចៃ ដើម្បី​ធានា​ដល់​ការ​ការពារ​បរិយាកាស បរិស្ថាន ៕