តាំងពី​រៀប​ការ​រួច​មួយ​យប់​​៦-៧ដង ​នាង​ប្តឹង​សុំ​លែង

តាំងពី​រៀប​ការ​រួច​មួយ​យប់​​៦-៧ដង ​នាង​ប្តឹង​សុំ​លែង



ខេត្តបាត់ដំបង ៖ រឿង​រ៉ា​វ​ស្នេហា​ថ្មោងថ្មី​ដៃគូ​អាពាហ៍ពិពាហ៍ ពិតជា​មនុស្ស​គ្រប់​គ្នា​យល់​ថា ផ្អែមល្ហែម​ហើយ​មើលទៅ ។ ការ​ពិត​មិន​ខុស​នោះ​ទេ តែ​ក៏​មិន​ត្រូវ​មើល​រំលង​ជ្រុង​មួយ​ដែរ ដែល​នាង​កូនក្រមុំ​ពេល​ក្លាយជា​ភរិយា​ស្របច្បាប់​ទៅ​ហើយ​នោះ បាន​ក្លាយទៅជា​ទាសី​ស្នេហា ខណៈ​ប្តី​របស់​នាង​គិតតែ​ឡើង​ចុះ​ៗ រក​ដេក​ពួន​មិន​បាន និង​បាន​ធ្វើ​ឱ្យ​រាល់​រាត្រី​ទឹកឃ្មុំ​ក្លាយជា​រាត្រី​ពិសពុល​ទៅ​វិញ ។ តើ​គូស្នេហ៍​គ្រប់​រូប​នឹង​មាន​អារម្មណ៍​បែប​ណា ចំពោះ​ទិដ្ឋភាព​ដែល​កើតឡើង​នេះ ។ ជាក់ស្តែង​នារី​ម្នាក់​ដែល​ទើប​រៀប​ការ​ថ្មីថ្មោង បាន​បង្ខំចិត្ត​ស្វែងរក​អន្តរា​គម​ន៍​​ពី​សមត្ថកិច្ច​ឲ្យ​ជួយ​រក​ដំណោះស្រាយ ក្នុង​ករណី​ដែល​នាង​មិន​អាច​ទ្រាំទ្រ​បាន ដោយសារ​ស្វាមី​របស់​នាង​បង្ខំ​រួម​ភេទ ហួសហេតុ​ពេក ហួស​ពី​សត្វ​ធាតុ ។ តាម​ការ​ទម្លាយ​ឱ្យ​ដឹង​ដោយ​មិន​លាក់លៀម ត្រូវ​បាន​នាង​បន្លុយ​ថា ក្នុង​មួយ​យប់​គឺ​ចាប់ពី​៦​ទៅ​៧​ដង សូ​ម្បី​នាង​សុំ​ងើប​ទៅ​បត់ជើងតូច ក៏​ស្វាមី​ល្មោភកាម​រូប​នេះ​មិន​អនុញ្ញាត​ដែរ ។

នាង ឈឿ​ង ឆាយ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ដែល​ជា​សាមីខ្លួន បាន​រៀបរាប់​ប្រាប់​អំពី​ភាព​ឃោរឃៅ​របស់​ស្វាមី​នាង ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​៦ មេ​សា ថា ស្វាមី​របស់​នាង​ឈ្មោះ ហួត សល់ អាយុ​២៧​ឆ្នាំ បាន​រៀប​ការ​ជាមួយ​នាង​នៅ​ថ្ងៃ​ទី​១៣ មីនា កន្លង​ទៅ​ថ្មី​ៗ​នេះ ។ ប៉ុន្តែ​ស្វាមី​ដែល​ពោរពេញ​ថាមពល​សិច​នេះ បាន​បង្ខំ​រួម​ភេទ​ជាមួយ​នាង​ស្ទើរ​គ្មាន​ពេល​សម្រាក​ទេ ។

នាង​ឆាយ បាន​ទម្លាយ​នូវ​រឿង​អាថ៌​កំបាំង​ក្នុង​បន្ទប់ ដោយ​គ្មាន​ការ​លាក់បាំង​ឡើយ​ព្រោះ​ដល់ក​ហើយ​ថា ព្រោះតែ​នាង​មិន​អាច​ស៊ូទ្រាំ​នឹង​ទារុណកម្ម​ផ្លូវភេទ​ក្នុង​មួយ​យប់​ៗ ស្វាមី​នាង​បង្ខំ​រួម​ភេទ​ចាប់ពី​៦​ទៅ​៧​ដង សូ​ម្បី​នាង​សុំ​ងើប​ទៅ​បត់ជើងតូច​ក្នុង​បន្ទប់ទឹក​ក៏​លោក​ប្ដី​ល្មោភ​សិច​រូប​នេះ​មិន​ឱ្យទៅ​ដែរ ។ នាង​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវចិត្ត និង​ផ្លូវភេទ រហូត​នាង​ត្រូវ​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ​ប្រាប់​ថា នាង​មាន​រលាក​ប្រដាប់​ភេទ និង​ស្បូន​ធ្ងន់ធ្ងរ​ទៀត​ផង ។

នាង​ឈឿ​ង ឆាយ បាន​និយាយ​ថា ចាប់តាំងពី​ថ្ងៃ​រៀប​ការ​រហូត​ដល់​ថ្ងៃ​ទី​២២ មីនា ស្វាមី​នាង​បង្ខំ​រួម​ភេទ​គ្មាន​ពេល​សម្រាក​ទេ ស្ទើរ​រាល់​យប់ ធ្វើ​ឲ្យ​នាង​ទ្រាំ​មិន​បាន​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ជុំវិញ​បញ្ហា​នេះ ។ ប៉ុន្តែ​បែរជា​ស្វាមី​នាង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​នាង​ចំនួន​៣០០០​ដុល្លារ​ទៅ​វិញ នាង​ពិតជា​មានការ​ឈឺចាប់​មែនទែន ។ នាង​បាន​បញ្ជាក់​ថា ក្រោយ​ពី​នាង​ទៅ​ប្ដឹង​មន្ដ្រី​ប៉ុស្ដិ៍​ឱ្យ​ជួយ​រក​ដំណោះស្រាយ មិន​ទាន់​មាន​លទ្ធផល​បែប​ណា​ផង ស្រាប់តែ​ប៉ុន្មាន​ថ្ងៃក្រោយ ស្វាមី​ដែល​អាង​ខ្សែ​អាងខ្នង​នេះ រត់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្ដឹង​បក​នាង​វិញ ទាមទារ​សំណង​ពី​នាង​ចំនួន​៥.០០០​ដុល្លារ ហើយ​សមត្ថកិច្ច​បាន​ចេញ​ដីការ​កោះហៅ​នាង​ឱ្យ​ចូល​ទី​បំភ្លឺ​នៅ​ថ្ងៃ​ទី​១១ មេ​សា ខាង​មុខ​នេះ ។

​អ្នក​យក​ព័ត៌​មាន​យើង​​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហួត សល់ ជា​ស្វាមី​ដែល​រង​ការ​ចោទប្រកាន់​ពី​ភរិយា​ថ្មីថ្មោង​នេះ​បាន​ភ្លាម​ៗ​ទេ នៅ​រសៀល​ថ្ងៃ​ទី​៦ មេ​សា​នេះ ។ រីឯ​លោក ប៉ន់ វ​ណ្ណា​រ៉ា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​ផ្នែក ដែល​ទទួល​ពាក្យបណ្ដឹង​ពី​លោក ហួត សល់ ក៏​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ដែរ ។ ប៉ុន្ដែ​នាង ឈឿ​ង ឆាយ បាន​បញ្ជាក់​ថា នាង​មិន​អាច​បង់​សំណង​ទៅ​ឱ្យ​ស្វាមី​ល្មោភ​សិច​ហួសហេតុ​នេះ​បាន​ទេ ព្រោះ​នាង​កំពុង​ទទួល​រង​គ្រោះ​រហូត​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ស្វាមី​រូប​នេះ​គ្រប់​បែប​យ៉ាង ។

ការ​បង្ខំ​រួម​ភេទ​របស់​ស្វាមី​នាង ធ្វើ​ឱ្យ​នាង​មាន​ស្នាម​របួស​ធ្ងន់ធ្ងរ​ត្រង់​ផ្លូវភេទ មាន​ទាំង​សំបុត្រ​ធ្វើ​កោសល្យវិច័យ​របស់​គ្រូពេទ្យ​ទៀត​ផង​។ នាង​បញ្ជាក់​ថា នាង​នឹង​ប្ដឹង​ទៅ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នានា ដើម្បី​សុំ​អន្ដរាគមន៍​តាម​ផ្លូវច្បាប់ ព្រោះ​ពុំ​អាច​រួមរស់​បាន​ទៀត​ទេ ជាមួយ​ស្វាមី​បែប​នេះ ៕