Sam ​៖ កែវ សុខផេង ​ត្រូវ​ការ​ពេល​ច្រើន​ទៀត ទើប​ត្រលប់​រក​ទម្រង់​លេង​ដើម​បាន

លោក Sam Schweingruber ​អ្នក​ចាត់ការ​ទូទៅ​ក្រុម​ភ្នំពេញ​ក្រោន​បាន​បញ្ជាក់​​ថា​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​ត្រូវ​ការ​ពេល​វេលា​ហ្វឹកហាត់​ច្រើន​បន្ថែម​ទៀត ទើប​រូបគេ​អាច​ត្រលប់​ទៅ​រក​ទម្រង់​លេង​ដើម​វិញ​បាន ព្រោះ​របួស​ជា​ច្រើន​ខែ​​បាន​បណ្ដាល​ឱ្យ​កីឡាករ​បាត់បង់​ទំនុក​ចិត្ត និង​ទម្រង់​លេង​ខ្លះ។

 

Sam ​៖ កែវ សុខផេង ​ត្រូវ​ការ​ពេល​ច្រើន​ទៀត ទើប​ត្រលប់​រក​ទម្រង់​លេង​ដើម​បាន

 លោក Sam Schweingruber

 

ជ័យជម្នះ​លើ​ក្រុម​វេស្ទើន ៥-០ ​ក្នុង​ពាន​រង្វាន់ Hun Sen Cup 2016 ​កាល​ពី​ម្សិលមិញ​នេះ ​ក្រុម​ភ្នំពេញ​ក្រោន​បាន​ដាក់​កីឡាករ​វ័យ​ក្មេង​ច្រើន ឱ្យ​បង្ហាញ​សមត្ថភាព ​ហើយ​កីឡាករ កែវ សុខផេង ​ដែល​ទើប​តែ​ជា​ពី​របួស​​ប្រេះ​ឆ្អឹង​កែង​ជើង​ក៏​មាន​វត្តមាន​ក្នុង​ប្រកួត​នេះ​ដែរ។ ត្បិត​មិន​អាច​រក​គ្រាប់​បាល់​បាន តែ​សុខ​ផេង ត្រូវ​បាន​លោក Sam ​មើល​ឃើញ​ថា ​រូបគេ​នៅ​តែ​លេង​ល្អ​ដដែល គ្រាន់​តែ​មិន​ទាន់​ឈាន​ដល់​ចំណុច​កំពូល​ដូច​កាល​ពី​មុន​ប៉ុណ្ណោះ។

 

“គាត់​នៅ​តែ​លេង​ល្អ គាត់​ជា​កីឡាករ​ឆ្លាត ប៉ុន្តែ​យើង​ត្រូវ​ការ​ពេល​ច្រើន​ទៀត ដើម្បី​ស្វែងរក​ទម្រង់​លេង​ដែល​ល្អ​បំផុត​របស់​គាត់​មក​វិញ។ យើង​ត្រូវ​តែ​ខំ​ហ្វឹកហាត់​បន្ថែម​ទៀត ព្រោះ​នៅ​មាន​ប្រកួត​សំខាន់​ៗ​ច្រើន ដូចជា​ថ្ងៃ​សៅរ៍​នេះ​ជាមួយ​ក្រុម​ទ័ព​ជា​ដើម”។ សម្ដី​របស់ Sam ។

 

ភ្នំពេញ​ក្រោន​រំពឹង​ថា​ នឹង​ធ្វើ​បាន​ល្អ​ក្នុង​ពាន​រង្វាន់ Hun Sen Cup ​ក៏​ដូចជា​លីគ​កំពូល​កម្ពុជា បន្ទាប់​ពី​កីឡាករ​សំខាន់​ៗ​របស់​ខ្លួន​ជា​សះស្បើយ​ពី​របួស​វិញ ព្រោះ​ប៉ុន្មាន​ប្រកួត​កន្លង​មក​នេះ​ក្នុង​ពាន​លីគ​កំពូល​កម្ពុជា ពួកគេ​ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ ដោយ​៤​ប្រកួត​កន្លង​មក​នេះ​ឈ្នះ​បាន​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ ក្រៅ​ពី​នេះ​ស្មើ​ពីរ​និង​ចាញ់​មួយ៕

 

Sam ​៖ កែវ សុខផេង ​ត្រូវ​ការ​ពេល​ច្រើន​ទៀត ទើប​ត្រលប់​រក​ទម្រង់​លេង​ដើម​បានកែវ សុខផេង ចូល​លេង​ក្នុង​តង់​ទី​ពីរ ម្សិល​មិញ

 

 Sam ​៖ កែវ សុខផេង ​ត្រូវ​ការ​ពេល​ច្រើន​ទៀត ទើប​ត្រលប់​រក​ទម្រង់​លេង​ដើម​បានកែវ សុខផេង ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​ប៉ះ​ប៊្រុយណេ

 

អត្ថបទ៖ មុន្នី រម្យ