ហេតុ​អ្វី​​បាល់ទាត់​បឋម​សិក្សា​ស្វាយជ្រំ​ឈ្នះ​ជើង​ឯក​ថ្នាក់​ខេត្ត​ស្ទើរ​រាល់​ឆ្នាំ​? ​

ក្រុម​បាល់ទាត់​សាលា​បឋម​សិក្សា​ និង​អនុវិទ្យាល័យ​ស្វាយ​ជ្រំ​ ក្នុង​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​​បាន​ឈ្នះ​ជើង​ឯក​​ក្នុង​ការ​ប្រកួត​ថ្នាក់​ខេត្ត​ស្ទើរ​រាល់​ឆ្នាំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តំបន់​មួយ​នេះ​សំបូរ​កីឡាករ​ជាប់​ជម្រើស​ជាតិ​ និង​លេង​តាម​ក្លឹប​នានា​ជា​ច្រើន។

 

សូម​ស្តាប់​ការ​លើក​ឡើង​របស់​លោក សុន សំបូរ​

លោក សុន សំបូរ អតីត​នាយក​សាលា​បឋម​សិក្សា​​ស្វាយជ្រំ​ និង​ជា​អ្នក​ដឹក​នាំ​ក្រុម​កីឡា​ស្វាយជ្រំ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ខេត្ត​​បាន​ឲ្យ​ដឹង​ថា​ អំណោយ​ផល​ដ៏​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​​ក្រុម​បាល់ទាត់​សាលា​បឋម​សិក្សា​ស្វាយ​ជ្រំ ក៏​ដូច​ជា​​ក្រុម​បាល់ទាត់​អនុវិទ្យាល័យ​​ស្វាយជ្រំ​​ទទួល​បាន​ចំណាត់​ថ្នាក់​​ល្អ​ស្ទើរ​រាល់​ឆ្នាំ​គឺ​​​មក​ពី​មាន​ទី​លាន​បាល់​ទាត់​ដែល​បាន​បន្សល់​តាំង​ពី​ដូន​តា​យូរ​ហើយ។

 

ហេតុ​អ្វី​​បាល់ទាត់​បឋម​សិក្សា​ស្វាយជ្រំ​ឈ្នះ​ជើង​ឯក​ថ្នាក់​ខេត្ត​ស្ទើរ​រាល់​ឆ្នាំ​? ​

ទី​លាន​បាល់ទាត់​ស្វាយជ្រំ

 

លោក​​ថា​ ​និយាយ​រួម​ក្នុង​ខេត្ត​កណ្តាល​គឺ​មាន​តែ​​សាលា​បឋម​សិក្សា​ស្វាយ​ជ្រំ​ហ្នឹង​ដែល​មាន​តារាង​បាល់ទាត់​មុន​គេ​ និង​យូរ​លង​ណាស់​មក​ហើយ។ ​ចាស់​ៗ​ពី​ដើម​បាន​បន្សល់​ទុក​រហូត​ដល់​សម័យ​កាល​នេះ​ដែល​យុវជន​នៅ​ឃុំ​ស្វាយជ្រំ​មាន​កន្លែង​លេង​បាល់​ និង​បាន​ក្លាយ​ជា​ថ្នាល​សម្រាប់​បណ្តុះបណ្តាល​កីឡា​ករ​បាល់ទាត់​ដ៏​សំខាន់​បំផុត។

 

លោក​ សុន សំបូរ​ បាន​បញ្ជាក់​ថា​ ​តាំង​ពី​សម័យ​មុន​​នៅ​សាលា​បឋម​សិក្សា​ស្វាយជ្រំ​នេះ​ក៏​មាន​ក្រុម​បាល់ទាត់​ខ្លាំង​ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​នៅ​តែ​ខ្លាំង។ ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ​ដូច​ជា​​ឆ្នាំ​២០១០-២០១១, ២០១២-២០១៣, និង​២០១៤-២០១៥ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ថ្នាក់​ខេត្ត និង​ឆ្នាំ​ផ្សេង​ទៀត​ទទួល​បាន​ចំណាត់​ថ្នាក់២ ឬ​លេខ​៣។ ចំណែក​ក្រុម​អនុវិទ្យាល័យ​វិញ​​តាំង​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១០ ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ថ្នាក់​ខេត្ត និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​សម្រាប់​ការ​ប្រកួត​ពាន​មិត្តភាព​៧​មករា ក្នុង​ឆ្នាំ​២០០៩ និង​លេខ​១​ពាន​​អភិវឌ្ឍ​ 7NG ក្នុង​ឆ្នាំ​២០១៦។

 

ទោះ​​ជា​យ៉ាង​ណា ក្នុង​នាម​លោក​​ជា​អ្នក​ដឹក​នាំ​ក្រុម​ចូល​រួម​ការ​ប្រកួត​​ហាក់​អស់​ទឹក​​ចិត្ត​ក្នុង​ការ​ដឹក​នាំ​ចូល​រួម​ការ​ប្រកួត​បន្ត​​ទៀត។​ ​​ក្រុម​ដែល​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ត្រូវ​ចូល​រួម​ការ​ប្រកួត​ថ្នាក់​ជាតិ​ទូទាំង​ប្រទេស​ ប៉ុន្តែ​គេ​មិន​​ឲ្យ​ក្រុម​លេខ​១​​ចូល​រួម​ប្រកួត​ទេ គេ​បែរ​ជា​យក​ក្រុម​លេខ​២ ឬ​លេខ​៣​ទៅ​វិញ។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុម​បាល់ទាត់​ស្វាយជ្រំ​ឈឺ​ចាប់​កន្លង​មក។

 

ហេតុ​អ្វី​​បាល់ទាត់​បឋម​សិក្សា​ស្វាយជ្រំ​ឈ្នះ​ជើង​ឯក​ថ្នាក់​ខេត្ត​ស្ទើរ​រាល់​ឆ្នាំ​? ​

កីឡាករ​បាល់ទាត់ និង​ព្រះ​ចៅ​អធិការ​វត្ត​ស្វាយជ្រំ

 

លោក​ថា ​ក្រុម​​ផ្សេង​​ថា ក្រុម​បាល់ទាត់​បឋម​សិក្សា​ស្វាយជ្រំ​​របស់​លោក​យក​កីឡាករ​កម្រិត​អនុវិទ្យាល័យ​ទៅ​ប្រកួត​ថ្នាក់​​កម្រិត​ ប៉ុន្តែ​មិន​ដូច​អ្វី​ដែល​គេ​​ចោទ​នោះ​ទេ។ តាម​ពិត​ក្រុម​បាល់ទាត់បឋម​សិក្សា​ និង​អនុវិទ្យាល័យ​បាន​ហ្វឹកហាត់​ជា​មួយ​គ្នា​ ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្រុម​បឋម​​ក៏​មាន​កម្រិត​សមត្ថភាព​ខ្លាំង​ប្រហាក់​ប្រហែល​នឹង​អនុវិទ្យាល័យ​ដែរ។

 

បច្ចុប្បន្ន​នេះ​ទី​លាន​បាល់ទាត់​ស្វាយជ្រំ​កំពុង​ត្រូវ​បាន​ព្រះ​តេជគុណ​ ព្រះ​សិរី​សម្មតិវង្ស​ លន់ សុគន្ធា​ ព្រះ​រាជា​គណៈ​ថ្នាក់​ត្រី​ ព្រះ​ធម្ម​ធម៌​គណ​ខេត្ត​កណ្តាល​ និង​​ជា​ព្រះ​អនុគណ​ស្រុក​ខ្សាច់​កណ្តាល​ ព្រម​ទាំង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ស្វាយ​ជ្រំ​​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​​​​ជួសជុល​​ឲ្យ​ក្លាយ​ជា​ទីលាន​​ស្តង់ដារ​មួយ​ដើម្បី​​ប្រយោជន៍​ដល់​សង្គម​កីឡា៕

 

ចុច​អាន៖ ចៅ​អធិការ​វត្ត​ស្វាយ​ជ្រំ​បង្ហាញ​ពី​ការ​កសាង​កីឡដ្ឋាន​ស្វាយជ្រំ

ចុច​អាន៖ ស្វាយជ្រំ​ជា​​ថ្នាល​បណ្តុះ​បណ្តាល​កីឡាករ​បាល់ទាត់

អត្ថបទ៖​ ជាន​ ចាន់រ៉ា​