អ្នកភូមិ​នៅក្បែរ​បារាយណ៍ទឹកថ្លា​កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​

​សៀមរាប​៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទឹក​វិល ក្រុង​សៀមរាប ក្បែរ​បារាយណ៍ទឹកថ្លា កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រាស់​ប្រាស់​។ ពលរដ្ឋ​លើក​ហេតុផល​ថា ដោយសារ​បារាយណ៍​គោក​រីង​ទឹក និង​មូលហេតុ​ទី​២ ដោយសារ​អណ្តូងទឹក​ស្អាត​របស់រ​ដ្ឋា​ករ​ទឹក​ស្វយ័ត​ខេត្តសៀមរាប​។

​ធ្លាប់មាន​មោទនភាព ដែល​បានរស់នៅ​ក្បែរ​តំបន់​ទឹក​នោះ (​បារាយណ៍ទឹកថ្លា​) ប៉ុន្តែ​អ្វីៗ​ត្រូវបាន​ប្រែប្រួល​ខុសពី​ការគិត​។ នេះ​ជា​សំដី​របស់​ពលរដ្ឋ​រស់​នៅជាប់​បារាយណ៍​តូចៗ ដែល​បង្ហូរ​ពី​ទឹក​បារាយណ៍​ធំ (​បារាយណ៍ទឹកថ្លា​) ដែល​សព្វថ្ងៃ​ពួកគាត់​កំពុង​ប្រឈមមុខ​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់ និង​កំពុង​ប្រើប្រាស់​ដោយ​សន្សំសំចៃ​បំផុត​។​

​ទាំង​អណ្តូងទឹក​ជីក និង​អណ្តូង​ស្ត​ប់ របស់​អ្នកភូមិ​រស់នៅ​តំបន់​បារាយណ៍ មាន​ភូមិ​ប្រិ​យ៍ និង​ភូមិ​ទឹកថ្លា ឃុំ​ទឹក​វិល សុទ្ធសឹង​កំពុង​ខ្សោះ​ទឹក​។ អ្នកភូមិ​និយាយថា បញ្ហា​នេះ​កើតឡើង​តាំងពី​ខែមីនា​មកហើយ​។ មិនទាន់មាន​ដំណោះស្រាយ​ពី​ខាង​អាជ្ញាធរ​នៅឡើយ ខណៈដែល​អ្នកភូមិ​សព្វថ្ងៃ កំពុង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ និង​ខ្លះទៀត បាន​ទៅសុំ​ទឹក​ពី​អណ្តូងទឹក​អ្នក​ក្បែរ​ខាង ព្រោះ​អណ្តូង​របស់ខ្លួន គ្មាន​ទឹក​នោះ​។​
អ្នកភូមិ​នៅក្បែរ​បារាយណ៍ទឹកថ្លា​កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​

​លោក ឃួន សឿង ពលរដ្ឋ​រស់នៅ​ភូមិ​ប្រិ​យ៍​ថ្មី បាន​ឲ្យ​ដឹងថា អណ្តូងទឹក​លោក​មានទឹក​តិចតួច និង​មិនអាច​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុង​គ្រួសារ​បានឡើយ​។ អណ្តូងទឹក​ជម្រៅ​១៦​ម៉ែត្រ​របស់លោក សឿង អាច​បូម​បាន​នៅពេល​ព្រឹក និង​ខ្សោះ​នៅពេល​ល្ងាច ហើយ​ការ​បូម​ក៏​មិន​ងាយស្រួល​ដូចពេលមុនៗ​ដែរ គឺ​តឹង មិន​ងាយ​ចេញ​ទឹក​។ នេះ​បើតាម​ការអះអាង​របស់​លោក សឿង​។​
អ្នកភូមិ​នៅក្បែរ​បារាយណ៍ទឹកថ្លា​កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​

​មិន​ខុសពី​លោក សឿង ដែរ ពលរដ្ឋ​នៅ​ភូមិ​ប្រិ​យ៍​ថ្មី​នោះដែរ លោកស្រី លុច យេន ក៏​កំពុង​ត្អូញត្អែរ​ពី​រឿង​ខ្វះ​ទឹក​នេះដែរ​។ លោកស្រី យេន បន្តថា ផលដំណាំ​លោកស្រី ត្រូវបាន​ស្វិត​ក្រៀម​អស់ ព្រោះ​គ្មាន​ទឹក ហើយ​ការប្រើប្រាស់ ក៏​ខុស​ពីមុន​ដែរ​។ លោកស្រី យេន បាន​យក​សម្ភារ​រោងការ​របស់លោក​ស្រី ទៅ​បោក​និង​លាង​សំអាត​នៅផ្ទះ​អ្នក​ស្គាល់ ដែលមាន​ទឹក​។ លោកស្រី យេន បាន​លើកយក​ការ​រីង​ទឹក​បារាយណ៍ទឹកថ្លា និង​ការបុក​អណ្តូង​ទឹកស្អាត​ដែលមាន​ជម្រៅ​ជ្រៅៗ​នៅក្នុង​ភូមិ ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​អណ្តូងទឹក​លោកស្រី​ខ្សោះ​ទឹក​។

​សូម​ស្តាប់​សំឡេង​របស់​ប្រជាពលរដ្ឋ​

​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង អះអាងថា លោក​មិនទាន់​បានដឹង​ពី​បញ្ហា​នេះ​ទេ ដោយ​លោក​អ​បញ្ជាក់ថា អ្នកភូមិ​ក្នុង​តំបន់​ខាងលើ គឺ​ហូរហៀរ​នឹង​ការប្រើប្រាស់​ទឹក ព្រោះ​នៅជាប់​នឹង​ទឹក​បារាយណ៍ទឹកថ្លា​។ យ៉ាងណា​លោក ឃឹម ប៊ុន​សុង បញ្ជាក់ថា លោក​នឹង​ចាត់​ឲ្យ​ខាង​ធនធានទឹក ដើម្បី​ចុះទៅ​មើល​ភូមិសាស្ត្រ​ខាងលើ ដែល​កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​នោះ​។ លោក​អភិបាល​បញ្ជាក់ថា នេះ​ជា​រឿង​ធម្មតា ដែល​តែង​កើតឡើង​ក្នុង​រដូវប្រាំង​។​

​សូម​ស្តាប់​សំឡេង​របស់លោក ឃឹម ប៊ុន​សុង​

​គួរ​បញ្ជាក់ថា តាម​ការបញ្ជាក់​របស់​ប្រជាពលរដ្ឋ រាល់​ឆ្នាំ​អណ្តូងទឹក​របស់​ពួកគេ តែងមាន​បញ្ហា​ខ្សោះ​ទឹក​នេះ ចាប់ពី​ខែឧសភា​ឡើងទៅ ដែល​ខុសពី​ឆ្នាំនេះ គឺ​បានចាប់ផ្តើម​តាំងពី​មីនា​ទៅ​។ អ្នកភូមិ​បារម្ភ​ថា ទៅ​ខែ​ខាងមុខ គឺ​ខែឧសភា ពួកគេ​នឹងមាន​បញ្ហា​រិត​តែ​ខ្លាំង​ចំពោះ​ការ​គ្មាន​ទឹក​ប្រើប្រាស់​នេះ​៕
អ្នកភូមិ​នៅក្បែរ​បារាយណ៍ទឹកថ្លា​កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​

អ្នកភូមិ​នៅក្បែរ​បារាយណ៍ទឹកថ្លា​កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​