សាលាក្ដី​ខ្មែរក្រហម​ស្ដាប់​សាក្សី​ជា​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម

សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ស្ដាប់​សាក្សី​ជា​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា មួយ​រូប អំពី​រឿងរ៉ាវ​ខ្មែរក្រហម​សម្លាប់​ជនជាតិ​ចាម ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ។ សាក្សី​រូប​នេះ​អះអាង​ថា លោក​បាន​ឃើញ​ឯកសារ​ដែល​ខ្មែរក្រហម​ចាត់​ទុក​ជនជាតិ​ចាម ថា​ជា​ខ្មាំង។

គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា គឺ​លោក សុះ កំរី ជម្រាប​អង្គ​ជំនុំជម្រះ​សាលាដំបូង​ថា ឯកសារ​នោះ​គឺ​លោក​បាន​ឃើញ​ដោយ​ចៃដន្យ ពេល​ដែល​នីរសារ​កម្មាភិបាល​​នៅ​ក្នុង​ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម យក​មក​ឱ្យ​លោក​មើល​ កាល​ពី​ឆ្នាំ​១៩៧៨៖ «កាល​ហ្នុង​តាម​ខ្ញុំ​ប៉ាន់ស្មាន ពណ៌ (សៀវភៅ) នោះ គឺ​ពណ៌​លឿង​ហ្នឹង​ហើយ។ ប៉ុន្តែ​មិន​បាន​ច្បាស់​មួយ​រយ​ភាគ​រយ​ទេ។ ការ​សរសេរ​ខាង​ដើម ក៏​ខ្ញុំ​មិន​បាន​ច្បាស់​ដែរ ហាក់​ដូច​ជា គ្រាន់​តែ​សរសេរ​ថា គម្រោង​នៃ​សហករណ៍​ជឿនលឿន​តែ​ប៉ុណ្ណឹង ហើយ​ក្នុង​ហ្នឹង​ខ្ញុំ​មិន​បាន​មើល​ច្រើន​ទេ គឺ​ខ្ញុំ​មើល​ត្រង់​សភាពការណ៍​ខ្មាំង​នោះ គឺ​មាន​បញ្ចូល​ជនជាតិ​ចាម ផង​ដែរ»

សាក្សី​ជា​ច្រើន​នាក់​កន្លង​មក​ឱ្យ​ដឹង​ថា ជនជាតិ​ចាម ដែល​ភាគ​ច្រើន​រស់​នៅ​ក្នុង​ខេត្ត​កំពង់ចាម ត្រូវ​បាន​ពួក​ខ្មែរក្រហម​សម្លាប់​រង្គាល បន្ទាប់​ពី​មាន​ការ​បះបោរ​នៅ​ភូមិ​ស្វាយឃ្លាំង និង​កោះផល ក្នុង​ស្រុក​ក្រូចឆ្មារ។ សាក្សី សុះ កំរី ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​ហេតុការណ៍​បះបោរ​នោះ​ទេ។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ជនជាតិ​ចាម នៅ​ឃុំ​ស្ពឺ ស្រុក​ចម្ការលើ មុន​ឆ្នាំ​១៩៧៥ ដែល​មាន​ចំនួន ១.២២៥​គ្រួសារ ត្រូវ​ពួក​ខ្មែរក្រហម​ជម្លៀស​ចេញ​ពី​ភូមិ​កំណើត ហើយ​ភាគ​ច្រើន​ត្រូវ​គេ​យក​ទៅ​សម្លាប់។ លោក​ថា ក្រោយ​របប​ខ្មែរក្រហម ជនជាតិ​ចាម នៅ​ឃុំ​ស្ពឺ​នោះ នៅ​សល់​តែ​ចំនួន ១៤៤ គ្រួសារ​ប៉ុណ្ណោះ។

សាក្សី សុះ កំរី ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលាដំបូង​កោះហៅ​ឱ្យ​មក​ផ្ដល់​សក្ខីកម្ម កាល​ពី​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ ខែ​មេសា ប៉ុន្តែ​លោក​មិន​ចូល​មក។ ការ​ដែល​លោក​មិន​ចូល​មក​ផ្ដល់​សក្ខីកម្ម​នេះ បាន​ធ្វើ​ឱ្យ​អង្គ​ជំនុំជម្រះ​សាលាដំបូង​លុប​ចោល​សវនាការ​រយៈ​ពេល ២​ថ្ងៃ ព្រោះ​តែ​មិន​មាន​សាក្សី​បម្រុង។ អង្គ​ជំនុំជម្រះ​ក៏​បាន​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​សាក្សី​រូប​នេះ។

វត្តមាន​របស់​លោក​ក្នុង​សវនាការ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា សាក្សី សុះ កំរី ប្រឈម​មុខ​ខ្លាំង​នឹង​ការ​ចោទ​សួរ​របស់​សហ​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ (Victor Koppe) អំពី​ហេតុផល​ដែល​លោក​មិន​ចូល​មក​ផ្ដល់​សក្ខីកម្ម​តាម​ការ​កោះហៅ​របស់​អង្គ​ជំនុំជម្រះ។

លោក សុះ កំរី ឆ្លើយ​តប​ថា ហេតុផល​ដែល​លោក​មិន​បាន​ចូល ព្រោះ​លោក​មាន​បញ្ហា​សុខភាព៖ «តែ​សំណួរ​សួរ​ថា ហេតុ​អ្វី​បាន​ជា​គណៈ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​នេះ ភ័យ​ខ្លាច​ក្រែង​ថា មាន​អំពើ​ហិង្សា​ណា​មួយ បើ​សិន​ណា​គេ​បង្ខំ​លោក​ឱ្យ​មក​ចូល​ផ្ដល់​សក្ខីកម្ម? ឆ្លើយ៖ នេះ​ជា​រឿង​ខុស​ហើយ ខ្ញុំ​អត់​មាន​យល់​អ៊ីចឹង​ទេ គឺ​ដូច​ជម្រាប​ថា ពាក់ព័ន្ធ​នឹង​សុខភាព​របស់​ខ្ញុំ»

ទាក់ទង​នឹង​បញ្ហា​សុខភាព​នេះ​ដែរ លោក សុះ កំរី បាន​បដិសេធ​ការ​ពិនិត្យ​ពី​ពេទ្យ​របស់​សាលាក្ដី​ខ្មែរក្រហម ដោយ​លោក​ចាត់​ទុក​ថា គ្មាន​ប្រយោជន៍។ លោក​ថា ជំងឺ​របស់​លោក​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ គឺ​លោក​ដឹង​ជាង​អ្នក​ដទៃ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ផ្ដល់​សក្ខីកម្ម​របស់​សាក្សី សុះ កំរី បាន​ចប់​ពេញលេញ​នៅ​ថ្ងៃ​ទី​៦ មេសា។ អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​បន្ត​សវនាការ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៧ មេសា ទៀត ដោយ​ស្ដាប់​សាក្សី​ដែល​មាន​លេខ​កូដ 2TCW-1011 ទាក់ទង​រឿងរ៉ាវ​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល ខេត្ត​មណ្ឌលគិរី​វិញ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។