ញាក់សាច់! គ្រូពេទ្យ វះពោះ អ្នកជំងឺ ដើម្បីដាក់ផ្សាំ ព្យាបាលម្រាមដៃដែលដាច់!

ប្រេស៊ីល៖ កាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យប្រេស៊ីល បានប្រើវិធីសាស្រ្តម្យ៉ាង ជួយសង្គ្រោះបុរសអាយុ៤២ឆ្នាំម្នាក់ តាមរយៈការវះពោះដាក់បញ្ចូលដៃរបស់បុរសនោះចូលទៅក្នុងពោះតែម្តង ដោយសារតែរូបគាត់ បានដាច់ម្រាមដៃនៅក្នុងគ្រោះថ្នាក់មួយរួចមក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសរងគ្រោះ មានឈ្មោះថា Carlos Mariotti គឺជាអ្នកកាន់ផ្នែកម៉ាស៊ីនម្នាក់ ដែលបានបាត់បង់ម្រាមដៃ ចំនួន២ រួមទាំងរលាត់ស្បែក ដៃខាងឆ្វេងទៀតផង បន្ទាប់ពីជួបគ្រោះថ្នាក់ នៅកន្លែងធ្វើការ។

លោកវេជ្ជបណ្ឌិត Boris Brandao ដែលធ្វើប្រតិបត្តិការវះកាត់នេះ បានរៀបរាប់ថា របួសបែបនេះ គឺជាករណី នៃជំងឺម្យ៉ាង ដែលហៅថា «Degloving» ដែលស្បែក ត្រូវបានរបករលាត់ពីដៃ ដោយសារតែរបួស បណ្តាលឲ្យឆ្អឹង និងសរសៃ បង្ហាញចេញមកក្រៅ តែម្តង។ ដើម្បីរក្សាជាលិការរស់ និងដើម្បីការពារ ពីការឆ្លងមេរោគ ក្រុមគ្រូពេទ្យ នៅឯមន្ទីរពេទ្យ Santa Otília Hospital ក្នុងប្រទេសប្រេស៊ីល បានសម្រេចចិត្ត ដាក់ដៃនោះ ទៅក្នុងពោះ របស់បុរសរងគ្រោះ ហើយប្រើស្បែក ដើម្បីគ្របដណ្តប់វា តែម្តង។

គួរបញ្ជាក់ផងដែរថា ការធ្វើបែបនេះ នឹងត្រូវចំណាយពេល ប្រមាណជា ៦សប្តាហ៍ ដើម្បីអនុញ្ញាតឲ្យវា ដុះជាលិកា និង សរសៃថ្មី។

ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យ បានប្រាប់លោក Mariotti ឲ្យកម្រើកដៃរបស់គាត់ ដើម្បីការពារវា កុំឲ្យរឹងថ្កល់ ជាប់នៅក្នុងនោះ។ លោក Mariotti បាននិយាយថា «វាពិតជាមានអារម្មណ៍ ចម្លែកខ្លាំងណាស់... ព្យាយាមកម្រើកម្រាមដៃ នៅក្នុងរាង្គកាយរបស់ខ្ញុំ»។

យ៉ាងណាមិញ លោក Mariotti នឹងទទួលបាន ការពិនិត្យប្រចាំសប្តាហ៍ ដើម្បីត្រួតពិនិត្យ ដំណើរជាសះស្បើយ នៃរបួសដៃនោះ ប៉ុន្តែលោក Mariotti នឹងមិនទទួលបាន ដៃដែលជាសះស្បើយ ១០០ភាគរយឡើយ ពោលគឺដៃឆ្វេង​របស់គាត់ មិនអាចធ្វើចលនា បានពេញលេញឡើយ។

ទោះបីជាយ៉ាងណា លោក Mariotti បានឲ្យដឹងថា «ខ្ញុំពិតជា ត្រេកអរខ្លាំងណាស់ ពីព្រោះយ៉ាងហោចណាស់ ខ្ញុំនឹងនៅតែអាច កាន់សមស្លាបព្រា ក្តាប់ចង្កូតរថយន្ត និងស្លៀកពាក់ ដោយខ្លួនឯងបាន ដោយមិនចាំបាច់ ពឹងពាក់គេដែរ»៕

ប្រភព ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត