កូរ៉េ​ខាងជើង​បោះ​ក្រដាសប្រាក់​100​យន់​ក្លែងក្លាយ​ចរាចរ​ពេញ​ប្រទេស​ចិន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ធនាគារ​មួយ​នៅ​ក្រុង Shaoxing ខេត្ត Zhejiang បាន​រក​ឃើញ​ក្រដាសប្រាក់​ចិន​១០០​យន់​ក្លែងក្លាយ​គំរូ​ថ្មី ។ វា​ត្រូវ​បាន​គេ​រាយការណ៍​ថា ប្រទេស​កូរ៉េ​ខាងជើង​ជា​អ្នក​ផលិត​ក្រដាសប្រាក់​នេះ ហើយ​បាន​ហូរ​ចូល​មក​ប្រទេស​ចិន និង​បាន​ចរាចរ​ពាសពេញ​ប្រទេស ។ ក្រដាសប្រាក់​ក្លែងក្លាយ​នេះ គឺ​ដូច​គ្នា​ទាំងស្រុង​ទៅ​នឹង​ក្រដាសប្រាក់​១០០​យន់​ពិតប្រាកដ ដែល​យើង​មិន​អាច​មើល​ដឹង​ដោយ​ភ្នែក​បាន​ឡើយ សូ​ម្បី​តែ​ម៉ាស៊ីន​ត្រួតពិនិត្យ​ធម្មតា ក៏​មិនដឹង​ដែរ ។

យោង​តាម​សេចក្ដីរាយការណ៍​របស់ CCTV កាលពី​ថ្ងៃ​ទី​២៨ មីនា​ថា កាលពី​ថ្ងៃ​ទី​២២ មីនា អតិថិជន​ម្នាក់​បាន​ទៅ​កាន់​សាខា​ធនាគារ Keyan Dushan នៅ​ខេត្ត Shaoxing ដើម្បី​ពិនិត្យ​លុយ​ចំនួន​១៩.០០០​យន់ ។ ខណៈ​ដែល​បេឡាករ​កំពុង​រាប់​លុយ​ដោយ​ម៉ាស៊ីន​នោះ ស្រាប់តែ​ម៉ាស៊ីន​បាន​រោ​ទិ៍​ឡើង ដោយ​បាន​រក​ឃើញ​ក្រដាសប្រាក់​១០០​យន់​ក្លែងក្លាយ​ផលិត​នៅ​ក្នុង​ឆ្នាំ​២០១៥​គំរូ​ថ្មី ដែល​មាន​លេខ​កូដ QA36414810 ។

ក្រដាសប្រាក់​ក្លែងក្លាយ​នេះ​មាន​សភាព​ទន់​ខុស​ពី​ក្រដាសប្រាក់​ពិតប្រាកដ ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ចាប់​បាន ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​បណ្ដាញ​ព័ត៌មាន​របស់​ចិន​បាន​ផ្សព្វផ្សាយ​ពី​បញ្ហា​ហិរញ្ញវត្ថុ​ថ្មី​នេះ ដើម្បី​ប្រមូល​ក្រដាសប្រាក់​១០០​យន់​ក្លែងក្លាយ​ទាំងនោះ ។

យោង​តាម​កាសែត Zhaoxian Daily បាន​ស្រង់​សម្ដី​លោក Lu ជា​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ ដែល​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ៖ « នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ចិន​បាន​រក​ឃើញ​ក្រដាសប្រាក់​១០០​យន់​ក្លែងក្លាយ​ផលិត​ក្នុង​ឆ្នាំ​២០១៥ គំរូ​ថ្មី​។ តំបន់​ជាប់​ព្រំដែន​កូរ៉េ​ខាងជើង បាន​ចរាចរ​លុយ​ក្លែងក្លាយ​ទាំងនេះ​យ៉ាងច្រើន ហើយ​លុយ​ទាំងនេះ​អាច​ហូរ​ចូល​ពី​ប្រទេស​កូរ៉េ​ខាងជើង ។ វា​ត្រូវ​បាន​គេ​រាយការណ៍​ថា កូរ៉េ​ខាងជើង​ជា​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ខាង​ផលិត​លុយ​ក្លែងក្លាយ ស្ទើរតែ​ដូច​គ្នា​ទាំងស្រុង​ជាមួយ​ក្រដាសប្រាក់​ពិតប្រាកដ ដែល​គេ​ហៅ​ថា « Counterfeit Plus » ហើយ​ជា​ទូទៅ គឺ​ហូរ​ចូល​ទៅ​ប្រទេស​ចិនតា​មរយៈ​ភ្ញៀវ​ទេសចរ និង​អ្នកជំនួញ​កូរ៉េ​ខាងជើង » ។

កូរ៉េ​ខាងជើង​មិន​ត្រឹមតែ​ផលិត​ក្រដាសប្រាក់​ក្លែងក្លាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផលិត​នូវ​រូបិយប័ណ្ណ និង​ប្រាក់​យន់​ចិន​ក្លែងក្លាយ​ទៀត​ផង ។ នេះ​បើ​តាម​ប្រភព​បាន​បញ្ជាក់ ។
លោក Lu ក៏​បាន​លើក​ឡើង​ទៀត​ថា ៖ « នៅ​ក្នុង​ឆ្នាំ​២០១១ ការិយាល័យ​សន្ដិសុខ​សាធារណរដ្ឋ​ម៉ុង​ហ្គោ​លី Dalian បាន​ប្រកាស​តាម​រយៈ​គេហទំព័រ​ព័ត៌មាន​ផ្លូវការ​របស់​ខ្លួន​ថា បាន​រក​ឃើញ​ក្រដាសប្រាក់​កូរ៉េ​ខាងជើង​ក្លែងក្លាយ​ស៊េរី​ថ្មី​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​បាន​ចរាចរ​នៅ​ខេត្ត Shahekou, Tongzhou, Haimen និង​តំបន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ក៏​បាន​រក​ឃើញ​ដែរ » ។

សេចក្ដី​ប្រកាស​ក៏​បាន​ឲ្យ​ដឹង​ថា ក្រដាសប្រាក់​កូរ៉េ​ខាងជើង​ក្លែងក្លាយ គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ក្រដាសប្រាក់​ក្លែងក្លាយ​របស់​តៃវ៉ាន់ ។ ក្រដាសប្រាក់​ក្លែងក្លាយ​ទាំងនោះ​មាន​កម្រិត​ដូច​គ្នា​ខ្ពស់ ដែល​ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុង​ការ​ពិនិត្យ​ដោយ​ភ្នែក ហើយ​សូ​ម្បី​តែ​ម៉ាស៊ីន​ត្រួតពិនិត្យ​ក៏​ពិបាក​ដែរ ។ ពេល​នេះ​លុយ​ក្លែងក្លាយ​ទាំងនោះ​មួយ​ចំនួន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន​អេ​ធី​អឹ​ម​របស់​ធនាគារ​ផង​ដែរ ៕