រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ឆៃ ឱន​សំពះ​យ៉ាង​ទាប ញញឹម​រីករាយ
ឆៃ​៖ ជំរាបសួ​រពុក​មេ​ភូមិ​! ជំរាបសួរ​អ្នក​ម៉ែ​!
សា​ម៉​ន​+​ផៃ​៖ អឺ​អាយុ​វែង ! សុខ​សប្បាយ​!

ឆែម ឆៃ ទ្រើ​ក ត្រុយ ឡើង​មក​ដល់​លើ  ផ្ទះ ។ សា​ម៉​ន និង​ផៃ នាំ​គ្នា​ទៅ​អង្គុយ​នៅ​កៅអី​វែង នៅ​យ៉​មុខ​ផ្ទះ
ផៃ​៖ អឺ​! អា​ម៉ា​ប់​! រក​មើល​ទឹក​ត្រជាក់​មក​ជូន​លោក​មេឃុំ​ផង ! សំងំ​ធ្វើ​អីហ្នឹង ! ភ្ញៀវ​មក​ដល់​ហើយ ! នៅ​ស្ងាត់ជ្រៀប​បាត់​មាត់​ឈឹង​អីចឹង​!

ឆែម និង​ឆៃ ចូល​មក​អង្គុយ​ទល់មុខ​សា​ម៉​ន​។ ទ្រើ​ក និង​ត្រុយ ឈរ​របៀប​ឱនលំទោន​ពីក្រោយ​ខ្នង​នាយ​ឆៃ
ឆែម​៖ លោក​ប្អូន​មេ​ភូមិ​! សុខ​សប្បាយ​ទាំងអស់​គ្នា​ទេ​ហី្អ ?
សា​ម៉​ន​៖ អូ​! ខ្ញុំ​សុខ​សប្បាយ​ធម្មតា​ទេ លោក​មេឃុំ​! ហើយ​ថ្ងៃនេះ​នឹង​ឃើញ​យ៉ាងម៉េច​បានជា​លើក​កូន លើក​ក្មួយ​មក​ដល់​ផ្ទះ​ខ្ញុំ​ច្រើន​ម្ល៉េះ​! ខ្ញុំ​កំពុង​តែ​ឆ្ងល់​ហើយ !
ឆៃ​ញ​ញឺ​ម​ញញែម កេះ​ឆែម
ឆៃ​៖ ពុក​! និយាយ​ទៅ​ពុក !

ម៉ា​ប់​លើក​ទឹក​មក​ឲ្យ​គ្រប់​គ្នា​។ ម៉ា​ប់​លើក​កែវ​ដាក់​ម្តង​មួយ​ៗ យកដៃ​បក់​បណ្តើរ
ម៉ា​ប់​៖ ទឹក​ក្តៅ​ៗ ! ប្រយ័ត្ន​រលាកមាត់ សូម​ប្រកាស​មុន​ឲ្យ​ហើយ ! អ៊ុំ​មេឃុំ​! ថ្ងៃនេះ​ផ្ទះ​ខ្ញុំ​ខ្វះ​ទឹកកក មាន​តែ​ទឹក​ក្តៅ​ទេ​! ប្រយ័ត្ន​បន្តិច​បាទ !
ឆែម​៖ អឺ​! អរគុណ​ហើយ​! អា​ម៉ា​ប់ !

កែវ​លបមើល​ពីក្រោយ​មាត់ទ្វា មើលទៅ​ក្រុម​ឆៃ រួច​គេច​ចូល​ទៅ​ក្នុង​បន្ទប់​គេង​វិញ
ដូរ​ទីតាំង​៖
នៅ​ក្នុង​បន្ទប់​ម្លិះ ។  ម្លិះ​កំពុង​អង្គុយ​នៅ​កៅអី​ក្បែរ​មាត់​បង្អួច ប៉ាក់​កូន​កន្សែងដៃ ។ កែវ​ចូល​មក​ដល់​ញញឹម អង្គុយ​ចុះ​ទល់មុខ​ម្លិះ
កែវ​៖ នែ៎​! អូន​ម្លិះ​! អ​ន្ទិ​ត​ឆៃ​ថ្ងៃនេះ សង្ហា​អស់ទាស់​ហើយ ! មានអី​គ្រាន់បើ​ដែរ​តើ​! គ្រាន់តែ​ផ្លា​កដៃ​គប់​ក្បាល​បែក​ឯណោះ ! នាំ​ឪ​មក​ដល់​ផ្ទះ​បែប​នេះ ច្បាស់​ជា​មក​ស្ដីដណ្តឹង​អូន​ម្លិះ​ហើយ​! ម្លិះ​គិត​យ៉ាងម៉េច​ដែរ ? កូន​តែ​មួយ​របស់​លោក​មេឃុំ មាន​មាស មាន​ប្រាក់ សាក​សម​នឹង​អូន​ម្លិះ​ដែរ​តើ !

ម្លិះ​អង្គុយ​ប៉ាក់​កូនកន្សែង​ធ្វើ​ព្រងើយ
ម្លិះ ៖ មាសប្រាក់ មិន​អាច​លើក​តម្លៃ​មនុស្ស​បាន​ទេ បង​កែវ !

ដូរ​ទីតាំង​៖
នៅ​យ៉​មុខ​ផ្ទះ ។ ឆៃ​ធ្វើ​ភ្នែក​លេ​ម​លើ​ម អើត​រក​មើល​ម្លិះ ពេល​សា​ម៉​ន​មើល​មុខ​ចំ ឆៃ​សើច​បន្លប់​ធ្វើ​មុខ​អេះ​អុញ រួច​ស្រវា​លើក​កែវ​ទឹក​មក​ផឹក​ប៉ះ​ចំ​ទឹក​ក្តៅ​ស្រែក ព្រួសទឹក​ចេញ ទទឹក​ពេញ​ខ្លួន​សា​ម៉​ន​។ សា​ម៉​ន​បើកភ្នែក​ធំ​ៗ ឆៃ​ស្រវា​ទាញ​ក្រ​វ៉ា​ត់ករ​ទៅ​ជូត​ទឹក​លើ​ខ្លួន​សា​ម៉​ន     
ឆៃ​៖ សុំ​ទោស​! ពុក​មេ​ភូមិ​! សុំ​ទោស​ៗ !

ឆែម​ទះ​ក្បាល​ឆៃ​តិច​ៗ
ឆែម ៖ យី​កូន​នេះ​វ៉ើ​យ​! យ៉ាងម៉េច​មក​ដល់​ផ្ទះ​ក្មួយ​ម្លិះ​ហើយ​! អរ​ពេក​នៅ​មិន​សុខ​ហី ! ខ្ញុំ​មិន​ចង់​និយាយ​កាច់​កុង​វែង​ឆ្ងាយ​ស្អី​ទេ​លោក​ប្អូន​មេ​ភូមិ ដែល​ខ្ញុំ​មកនេះ​គឺ​ចង់​មក​សាកសួរ​សុំ​ផ្លូវ​ដើរ​ជណ្តើរ​ឡើង ចង់​ចូល​ចែចូវ​ស្តីដណ្តឹង​ក្មួយ​ភួង​ម្លិះ​ឲ្យ​អា​ឆៃ​កូន​ខ្ញុំ​ហ្នឹង​ណា ! តើ​ប្អូន​មេ​ភូមិ អ្នក​ឆៃ​គិត​យ៉ាងម៉េច​ដែរ ! អា​ឆៃ​កូនប្រុស​ខ្ញុំ វា​ពេញចិត្ត​ពេញ​ថ្លើម​ក្មួយ​ម្លិះ​ខ្លាំង​ណាស់​! ហើយ​ខ្ញុំ​ក៏​គិត​ថា​ពូជពង្សវង្សត្រកូល​យើង​ទាំង​ពីរ​គឺ​សាក​សម​គ្នា​បំផុត​ហើយ ! លោក​ប្អូន​មានកូន​ស្រី​តែ​មួយ ហើយ​ខ្ញុំ​មានកូន​ប្រុស​តែ​មួយ​ដូច​គ្នា ទ្រព្យសម្បត្តិ​យើង​ក៏​មិន​ខ្វះ​ដូច​គ្នា បើ​កូន​ៗ​យើង​បានជា​គូ​នឹង​គ្នា​នោះ គេ​នឹង​រស់នៅ​ស្រណុក​សុក​ស្រួល​អស់​មួយ​ជីវិត​ហើយ !

មីង​ផៃ និង សា​ម៉​ន ងាក់​មើល​មុខ​គ្នា​បន្តិច
ផៃ​៖ ជំរាប​បង​មេឃុំ តាម​ត្រង់​ចុះ ! ខ្ញុំ​ចិញ្ចឹម​កូន​មក​មិនមែន​ទុក​សម្រាប់​មើល​មុខ​ទេ​! ដល់​កាល​ដល់​វ័យ​ត្រូ​វា​មាន​គូ​ហើយ ! ខ្ញុំ​ក៏​ចង់​ទុកដាក់​គេ​ឲ្យ​រួចរាល់​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ទុក​វា​រើស​កូនប្រសារ​មិន​មើល​លើ​ទ្រព្យសម្បត្តិ​ទេ !

សា​ម៉​ន​ធ្វើ​មុខ​មឺ​ង​ម៉ាត់ ងាក់​មើល​ឆៃ​ពីលើ​ដល់​ក្រោម
សា​ម៉​ន​៖ ខ្ញុំ​រើស​កូនប្រសារ​នៅ​លើ​គំនិត​កំណើត​ចំណេះ​ចេះ​ដឹង ការ​ប្រព្រឹត្ត​ខ្លួន​ជា​មនុស្ស​ល្អ ហើយ​ក៏​ត្រូវ​មានទ្រព្យ​សម្បត្តិ​រួម​ផ្សំ​ថែម​ទៀត​! និយាយ​ឲ្យ​ចំ​ទៅ​គឺ​ត្រូវ​មាន​គ្រប់លក្ខណៈ​ទាំង​បួន​យ៉ាង រូបសម្បត្តិ​ចរិយា​សម្បត្តិ គុណសម្បត្តិ និង​សច្ចធម៌ ! អ្នក​ដែល​មាន​គ្រប់លក្ខណៈ​ទាំង​បួន​ទើប​អាច​ធ្វើ​ជា​កូនប្រសារ​របស់ខ្ញុំ​បាន ព្រោះ​ខ្ញុំ​មានកូន​ស្រី​តែ​ម្នាក់ ហើយ​ខ្ញុំ​ក៏​ចិញ្ចឹម​គេ និង​អប់រំ​គេ​មក​បាន​យ៉ាង​ល្អ​បំផុត ! បើ​និយាយ​ពី​ចរិយា​ជា​កុ​ល​ស្ត្រី កូន​ភួង​ម្លិះ​របស់ខ្ញុំ​គ្មាន​ខ្វះចន្លោះ​ត្រង់​ណា​នោះ​ទេ !

ឆែម​ងក់ក្បាល​តិច​ៗ ញញឹម
ឆែម​៖ មែនហើយ ! ខ្ញុំ​ក៏​ទទួលស្គាល់​ដែរ ថា​ក្មួយ​ភួង​ម្លិះ​ជា​កុលធីតា​ល្អ​គ្រប់លក្ខណៈ​មិន​ខុស​ពី​នារី​សម័យ​ថ្មី​ខ្លះ​ដែល​ឆើតឆាយ​ជឿនលឿន ព្រោះតែ​ហេតុនេះ​ហើយ​បាន​ជ​ខ្ញុំ​ពេញចិត្ត​ហើយ​ចូល​មក​ស្ដីដណ្ដឹង​តាម​ទម្លាប់​ប្រពៃណី​យើង ! មិន​ថា​ប្អូន​មេ​ភូមិ​តម្រូវ​ថ្លៃ​បណ្ណាការ​ប៉ុន្មាន​ទេ ខ្ញុំ​នឹង​ជូន​ម៉ា​ពេញចិត្ត​តែ​ម្តង !

ក្រុម​អរុណ​កំពុង​សម​លេងភ្លេង​បទ​ថ្មី​ជាមួយ​គ្នា ។ រ៉េ​ត ជិះ​កង់​ចូល​មក​យ៉ាង​លឿន លើកដៃ​ម្ខាង​ស្រែក​បណ្តើរ
រ៉េ​ត​៖ បង​រុណ​ៗ ! មាន​ដំណឹង​ថ្មី​ទាន់​ហេតុការណ៍​មក​ដល់​ទៀត​ហើយ !

វ៉ា​ន់​គ្រវីក្បាល់ អស់សំណើច
វ៉ា​ន់​៖ ស្អី​ទៀត​ហើយ​អា​រ៉េ​ត ! ព​ត៌​មាន​ទាន់​ហេតុការណ៍​ឯង​នេះ ត្រូវ​សូកចិត្ត​កាហ្វេ​ទឹកដោះ​គោមួយ​កែវ​ទៀត​ហើយ​មែន​ទេ !

(​នៅ​មាន​ត​)