នគរបាល​និង​អាវុធហត្ថ​បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុមចោរប្លន់​បាញ់សម្លាប់​៣​នាក់​

ក្រចេះ:
 ក្រុមចោរប្លន់ ប្រដាប់អាវុធ​បាញ់សម្លាប់​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​ដើម្បីប្លន់​យកលុយ​មួយចំនួន​នោះ ត្រូវបាន​​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​២ និងកងរាជអាវុធហត្ថ​ឃាត់ខ្លួន​ម្នាក់ នៅ​ល្ងាច​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ ។​

​ក្នុង​ប្រតិបត្តិការ តាម​ចាប់​ក្រុមចោរប្លន់​ខាងលើនេះ កម្លាំង​នគរបាល​ខេត្តក្រចេះ បានទៅ​ចាប់ខ្លួន​ពួកគេ​ទាំង​២​នាក់ ដល់​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ទីកន្លែង​ដែលពួកគេ​រស់នៅ ខណៈ​កម្លាំង​អាវុធហត្ថ បាន​ចាប់ខ្លួន​ជនសង្ស័យ ម្នាក់​នៅ​ស្រុកស្នួល​។​

​ស្នងការ​នគរបាល​ខេត្តក្រចេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត បាន​ឲ្យ​ដឹងថាកម្លាំង​នគរបាល​របស់លោក​ក្រោម​ការ ដឹកនាំ​ផ្ទាល់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុំភី ស្នងការរង​ទទួល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ឯក កង សុ​វ​ណ្ណី អនុប្រធានការិយាល័យ​កណ្តាល​នគរបាល ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ អធិការដ្ឋានស្រុក​ស្នួល បាន​សហការ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីម៉ា​ខេត្តមណ្ឌលគិរី បាន​ចុះទៅ​ចំណុច​ភូមិ​ពូ​ចារ ឃុំ​ស្រែ​ព្រះ​ស្រុក​កែវ​សីមា ហើយឈានទៅ ឃាត់ខ្លួន​ជនសង្ស័យ ជា​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​នៅ​ស្រុក​ស្នួល​​បាន​ចំនួន​២​នាក់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា ជនសង្ស័យ​ទី​១​ឈ្មោះ ឡេង វី អាយុ​៣៧ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ពូ​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​។ និង​ទី​២ឈ្មោះ អឿន ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​ដោយឡែក​ជនសង្ស័យ ដែល​ត្រូវបាន​កម្លាំង​អាវុធហត្ថ ចាប់ខ្លួន​នោះ​មានឈ្មោះ ស្រេន ឡាង អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​។ បើតាម​លោកស្នងការក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​ទាំងនេះ​រួចមក កម្លាំង​របស់លោក​បានដកហូត​កាំភ្លើង​អាការ​កាត់​ស្វាយ ចំនួន​១​ដើម និង​គ្រាប់​ចំនួន​១២​គ្រាប់​ផងដែរដែល​ពួកគេ​បាន​ប្រើ​ទៅ​បាញ់ ប្លន់​ពី​ជនរងគ្រោះ​នោះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត បាន​បញ្ជាក់ថា ជាការ​លើកទឹកចិត្ត ដល់​កងកម្លាំងនគរបាល​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិបាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​រៀល និង​អភិបាល​ខេត្តក្រចេះ លោក ស ចំ​រ៉ុង​បានឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​​រៀល​ផងដែរ​។​

 សូមបញ្ជាក់ថា បុរស​ម្នា​ក់បាន ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​នៅពេលបញ្ជូន ទៅដល់​មន្ទីរពេទ្យ​បន្ទាប់ពី​ក្រុមចោរប្លន់​ប្រដាប់​​ដោយ​កាំភ្លើង​វែង បានបាញ់ប្រហារ​ទៅលើ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី​៥ ខែមេសាឆ្នាំ​២០១៦​ម្សិលមិញ​នេះ​នៅ​ចំណុច​អូរ​ខ្មោះ​ស្ថិតក្នុង​ភូម​មាក់​កណ្ដាល ឃុំ​ស្រែចារ ស្រុក​ស្នួល ខេត្តក្រចេះ​។ ក្រុមចោរ​មាន​គ្នា​២​នាក់ ប្រដាប់​ដោយ​អាវុធ​វែងបានធ្វើ​សកម្មភាព​ប្លន់ និង​បាញ់សម្លាប់​ជនរងគ្រោះ ជា​ម្ចាស់ផ្ទះ​ចំនួន​២​គ្រាប់ ចំ​-ពោះ និង​ឆ្អឹងជំនី បណ្ដាល​ឲ្យ​ស្លាប់​ហើយ​ប្រមូលយក​ប្រាក់​អស់​ចំនួន​២
លាន​រៀល រត់គេចខ្លួន​បាត់អស់​ទៅ​។​

​ជនរងគ្រោះ​មានឈ្មោះ​សឿន រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុខាងលើ​។ ដោយឡែក​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​​ត្រូវបាន​កម្លាំង​ជំនាញបាន​កំពុង​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាមនិតិ​វិធី​៕​

នគរបាល​និង​អាវុធហត្ថ​បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុមចោរប្លន់​បាញ់សម្លាប់​៣​នាក់​

នគរបាល​និង​អាវុធហត្ថ​បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុមចោរប្លន់​បាញ់សម្លាប់​៣​នាក់​