សម្តេច​តេ​ជោ សំណូមពរ​ប្រជាពលរដ្ឋ កុំ​ឲ្យ​ពេល​សប្បាយ​ក្នុង​ពិធី​ចូលឆ្នាំថ្មី ក្លាយជា​ទុក្ខ​

ភ្នំពេញ:
​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​មុខ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន សំណូមពរ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​នៃ​គ្រោះថ្នាក់​ចរាចរ សូមកុំ​ពិសា​រគ្រឿង​ស្រវឹង ក្នុងពេល​បើកបរ ហើយ​ត្រូវគោរព​ច្បាប់​ចរាចរ​ទាំងអស់គ្នា កុំ​ឲ្យ​ពេល​សប្បាយ​ក្នុង​ពិធី​ចូលឆ្នាំថ្មី​ក្លាយជា​ទុក្ខ​។​

​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមេសា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​សម្ពោធ​មហា​កុដិ​តេ​ជោ​រ៉ានី​រតនៈ​វត្ត​ប្រជុំ​នទី (​ហៅ​វត្ត​ក្រពើ​ហា​) នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលមាន​ព្រះសង្ឃ យា​ជី​តាជី មន្ត្រីរាជការ សិ​ស្សា​នុស​សិស្ស និង​យុវជន​ជាច្រើន​ពាន់​នាក់​។​

​មហា​កុដិ​តេ​ជោ​រ៉ានី​រតនៈ នេះ​បាន​សាងសង់​គិត​ជា​ទឹកប្រាក់ ចំនួន ៥៤៣.៧៨៩​ដុល្លារ ក្នុងនោះ​បច្ច័យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុមគ្រួសារ​ចំនួន ៣២៤.៨២១​ដុល្លារ​។ មហា​កុដិ​នេះ​មាន​ទំហំ​៣១,៤៥ ម៉ែត្រ x១៧,៦៤​ម៉ែត្រ កម្ពស់​២​ជាន់ ដំបូល​ប្រក់​ក្បឿង ស្របតាមរ​ច​នប​ថ​ខ្មែរ​។​

​ចាប់តាំងពី​សម័យ​សង្គ្រាម លន់ នល់ ជាពិសេស​គឺ​សម័យ ប៉ុលពត ដែល​បានធ្វើអោយ​វិស័យ​ព្រះពុទ្ធសាសនា ស្ទើ​តែ​រលាយ​សាបសូន្យ​។ ប៉ុន្តែ​ពេល​បច្ចុប្បន្ននេះ គឺ​ទាំង​វិស័យ​អាណាចក្រ​និង​ពុ​ទ្ឋ​ចក្រ​មានការ​រីកចម្រើន​ព្រម​គ្នា ហើយ​សព្វថ្ងៃនេះ​ព្រះពុទ្ធសាសនា បាន​ចូលរួមចំណែក​និង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​សុខសន្តិភាព​នៅក្នុង​ប្រទេស​។ សមិទ្ធផល​ដែលមាន​ក្នុង​ទី​អារាម​នេះ គឺ​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការបំរើ​ផ្នែក​ព្រះពុទ្ធសាសនា និង​ជា​ប្រយោជន៍​សំរាប់​ព្រះសង្ឃ និង​សិស្ស​និស្សិត​ក្រីក្រ ស្នាក់នៅ​រៀនសូត្រ និង​សំរាប់​ប្រជា​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ​ផងដែរ​។​

​ទន្ទឹម​និង​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន សូម​អំពាវនាវ​ទៅដល់​ម្ចាស់​រថយន្តឈ្នួល​ទាំងអស់ សូមកុំ​ឆ្លៀត​ដំឡើងថ្លៃ​នៅក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី ព្រោះ​ភាគច្រើន​គឺ​កម្មករ កម្មការិនី​របស់​យើង​ត្រូវ​ទៅលេង​ស្រុក កំណើត ហើយ​ត្រូវ​វិល​ពី​ស្រុកកំណើត​មកកាន់​ទីក្រុង​ដើម្បី​ធ្វើការ​វិញ​។ សូម​ម្ចាស់​រថយន្ត​ទាំង​រថយន្តឈ្នួល​ធំៗ​ទាំង​តាក់ស៊ី (Taxi) សូមមេត្តា​យោគយល់​អំពី​បញ្ហា​នេះ​ផង ហើយ​តម្លៃ​ប្រេងសាំង​ក៏បាន​បញ្ចុះ​ថ្លៃ​រួចហើយ​ដែរ​។ ចំពោះ​យុវជន យុវនារី​ខ្មែរ សូម​ចៀសវាង​ការលេង​ល្បែង គប់​ទឹក និង ប៉ាត​ម្សៅ នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំថ្មី​ដើម្បី​បង្កា​គ្រោះថ្នាក់​ផ្សេងៗ​។ ពីព្រោះ​ការ​គប់​ទឹក​ទៅលើ​អ្នកជិះ​កង់​ម៉ូតូ​អាច​បង្ក​ឲ្យ​ដួល​មាន​គ្រោះថ្នាក់​។ ដោយឡែក ការលេង​ប៉ាត​ម្សៅ អាចធ្វើឱ្យ​ប៉ះពាល់​ដល់​កូនក្រមុំ​-​ប្រពន្ធ​គេ បាត់បង់​ក្រវិល ខ្សែក​របស់គេ ដែល​អាច​បណ្តាល​ឲ្យ​មានរឿង​រ៉ាវ​កើតឡើង​។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ប្រុងប្រយ័ត្ន​គ្រោះ​អគ្គីភ័យ​ដែល​អាច​កើតមាន​ដោយ​យថាហេតុ​ណាមួយ តាម​ការអុជ​ទៀនធូប​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។ ចំពោះ​សមត្ថកិច្ច សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ដល់​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ការពារ​សន្តិសុខ​សុ​វត្តិភាព ជូន​ប្រ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ឲ្យ​បាន​សប្បាយរីករាយ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ​។​

​មុននឹង​បញ្ចប់​កម្មវិធី សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ បាន​ប្រគេន និង​ផ្តល់​បច្ច័យ​មួយចំនួន​ដល់ ព្រះសង្ឃ យាយជី តាជី ព្រមទាំង​បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មហា​កុដិ​តេ​ជោ​រ៉ានី​រតនៈ ចាប់ពីពេលនេះ​តទៅ និង​ជួប​សំណេះសំណាល និង​ថតរូប​ជា​អនុ​ស្សាវ​រី​យ៍​ជាមួយ​ប្រជាពលរដ្ឋ​ប្រកបដោយ​បរិ​យា​ក​សា​រីករាយ​ក្រៃលែង​៕​

សម្តេច​តេ​ជោ សំណូមពរ​ប្រជាពលរដ្ឋ កុំ​ឲ្យ​ពេល​សប្បាយ​ក្នុង​ពិធី​ចូលឆ្នាំថ្មី ក្លាយជា​ទុក្ខ​

សម្តេច​តេ​ជោ សំណូមពរ​ប្រជាពលរដ្ឋ កុំ​ឲ្យ​ពេល​សប្បាយ​ក្នុង​ពិធី​ចូលឆ្នាំថ្មី ក្លាយជា​ទុក្ខ​

សម្តេច​តេ​ជោ សំណូមពរ​ប្រជាពលរដ្ឋ កុំ​ឲ្យ​ពេល​សប្បាយ​ក្នុង​ពិធី​ចូលឆ្នាំថ្មី ក្លាយជា​ទុក្ខ​