ប៉ារីស ស្មើ មែនស៊ីធី ខណៈ រៀល រង​ការ​បំបាក់​ពី វុលស្បួរ

ការភ្ញាក់ផ្អើល នៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់អ៊ឺរ៉ុបឆ្នាំ២០១៦ បានកើតឡើងនៅយប់ ថ្ងៃពុធ​ទី០៦ ខែ​មេសា ឆ្នាំ​២០១៦នេះ ដោយសារក្រុមប៉ារីស (Paris Saint-Germain) ដែល​ធ្លាប់​លេង​បាល់​បាន​ល្អ បែរជា​លេង​«យ៉ាង​សុភាព» ជាមួយនឹងក្រុម មេនស៊ីធី (Manchester City) ខណៈក្រុម​រៀលម៉ាឌ្រីត (Real Madrid) ដែល​ល្បីល្បាញ​ថា​ជា​ក្រុម​បាល់ទាត់​ដ៏ធំ សម្បូរ​ដោយ​កីឡាករ​​ដ៏​ចំណានៗ​នោះ បែរមកចាញ់​ក្រោម​ថ្វីជើង របស់​ក្រុម​អាល្លឺម៉ង់​ដ៏តូច​មួយ ឈ្មោះ វុលស្បួរ (Wolfsburg) ទៅវិញ។
ប៉ារីស ស្មើ មែនស៊ីធី ខណៈ រៀល រង​ការ​បំបាក់​ពី វុលស្បួរ

កីឡាករល្បីៗ តំណាងឲ្យក្រុមរបស់ខ្លួននីមួយ ដែលប្រកួតនៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ។ (រូបថតឯកសារ)

តែអ្វីៗអាចនឹងមានការផ្លាស់ប្ដូរ នៅក្នុងការប្រកួត«ត្រឡប់»​វិញ របស់ក្រុមទាំងនេះ នៅក្នុងសប្ដាហ៍ក្រោយ។ ហើយបើទោះជាក្រុម ប៉ារីស (Paris Saint-Germain) ដែលបានត្រឹមស្មើរ ២-២ ជាមួយក្រុម មេនឆេស្ទើរស៊ីធី (Manchester City) ទទួលការខកចិត្តខ្លាំងយ៉ាងណាក៏ដោយ ក៏ការខកចិត្តនេះ នៅ​គ្រាន់​បើ​ជាង​ក្រុម វៀលម៉ាឌ្រីត (Real Madrid) ដែលត្រូវក្រុមដ៏តូចមួយ ឈ្មោះ វុលស្បួរ (Wolfsburg) វាយ​បំបាក់​ក្នុង​ពិន្ទុ ០-២។

ក្រុម វុលស្បួរ ដែលស្ថិតក្នុងភាគកណ្ដាល នៃប្រទេសអាល្លឺម៉ង់ មិនដែលបានឡើង មកដល់ការប្រកួត ដណ្ដើម​ពាន​អ៊ឺរ៉ុប (Champions League) ដូចនៅឆ្នាំនេះទេ ហើយក៏រឹតតែមិនអាចឡើង មកដល់​វគ្គ១ភាគ៤​នេះ​ទៀត​ផង។ ប៉ុន្តែនៅយប់ថ្ងៃពុធ ទី៦ ខែមេសានេះ ឆ្លៀតឱកាសដែលការប្រកួត បានធ្វើឡើងនៅក្នុងផ្ទះរបស់ខ្លួន ក្រុមនេះបានធ្វើការវាយសម្រុក ទៅលើក្រុមរៀលម៉ាឌ្រីត និងរកពិន្ទុបាន២គ្រាប់ ក្នុងរយៈពេល​តែ២៥នាទី​ដំបូង​ប៉ុណ្ណោះ។

រីឯក្រុមរៀល ដែលកំពុងត្រូវបាននាំមុខ ដោយពិន្ទុនេះរួចហើយ បានរងគ្រោះធ្ងន់ធ្ងរ​បន្ថែម​ទៀត នៅនាទីទី ៤០ ដោយកីឡាករអន្តរជាតិបារាំង ឈ្មោះ ប៊េនហ្សីម៉ា (Karim Benzema) បានរងរបួសនៅត្រង់ជង្គង់ និងត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ ពីការប្រកួតទាំងខ្លោចផ្សារ។

ប៉ារីស ស្មើ មែនស៊ីធី ខណៈ រៀល រង​ការ​បំបាក់​ពី វុលស្បួរ

ចំណែកឯក្រុមប៉ារីស មិនបានឆ្លៀតឱកាសដ៏ល្អ ដែលការប្រកួត«ទៅ»នៅយប់ថ្ងៃពុធនេះ បានធ្វើឡើង ក្នុងផ្ទះ​របស់ខ្លួន ដូចក្រុមវុលស្បួរឡើយ។ បន្ថែមពីលើការទាត់«ដ៏សុភាពជ្រុល»នោះ ក្រុមប៉ារីសថែម​ទាំង​បាន​ប្រព្រឹត្តិ​កំហុស បញ្ជូនបាល់ខុសជើង ធ្វើឲ្យក្រុម មែនស៊ីធី ដណ្ដើមបាល់បាន ហើយបណ្ដើរទៅទាត់បញ្ចូលទី រក​ពិន្ទុ​ឲ្យ​ក្រុម​របស់​ពួកគេ យ៉ាងអស្ចារ្យ។ កីឡាកររបស់ក្រុមប៉ារីស ក្នុងយប់នេះ ធ្វើហាក់ដូចជាគ្មានអារម្មណ៍ នៅក្នុង​ខ្លួន​សោះ ព្រោះកីឡាករ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិច (Zlatan Ibrahimovic) ដែលពូកែខាងរកគ្រាប់បាល់ នៅ​ខ្សែ​ប្រយុទ្ធ​របស់ក្រុមប៉ារីស នាពេលកន្លងមក បែរជាទាល់បាល់ពិន័យ ១១ម៉ែត្រ នៅពេលនេះមិនចូល។

សម្រាប់ការប្រកួត «ត្រឡប់» នៅសប្ដាហ៍ក្រោយ ក្រុមប៉ារីស ត្រូវតែឈ្នះក្រុម មែនស៊ីធី សូម្បីតែ​មួយ​ពិន្ទុ​ក៏​ដោយ (ឬស្មើរ ៣-៣) ដើម្បីអាចឡើងទៅវគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលផ្ទុយពីក្រុម រៀល ដែល​ចាំបាច់​ត្រូវ​ឈ្នះ​ក្រុម វុលស្បួរ ដល់ទៅ៣គ្រាប់៕