ដំណាច់ត្រីមាស​ទី​១ មាន​រោងចក្រ​ថ្មី​ ចំនួន​៤០​បាន​ចុះបញ្ជី​

ដំណាច់ត្រីមាស​ទី​១ មាន​រោងចក្រ​ថ្មី​ ចំនួន​៤០​បាន​ចុះបញ្ជី​



​ភ្នំពេញ​ ៖ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ឆ្នាំនេះ រោងចក្រ​ចំនួន​៤០​បាន​ចុះបញ្ជី ដែល​បញ្ជាក់​ពី​វិស័យ​នេះ​នៅ​តែ​មាន​ភាពរឹងមាំ ក្នុង​ឧស្សាហកម្ម​ដែល​តំណាង​ឲ្យ​ការ​នាំ​ចេញ​៨០​ភាគរយ​របស់​កម្ពុជា​។​

លោក ហ៊​ត ផេង ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ឲ្យ​ដឹង​ថា ចំនួ​ន​រោងចក្រ​ចុះបញ្ជី​ថ្មី កើនឡើង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ លោក​បន្ត​ថា ចំនួន​សរុ​ប​ចុះបញ្ជី​រោងចក្រ​ឆ្នាំ​២០១៥ មាន​១៤៥០ កើន​ជាង​ឆ្នាំ​២០១៤ ដែល​មាន​១៤១។ ចំនួន​រោងចក្រ​ចុះ​ប​ញ្ជី​ថ្មី​ក្នុង​រយៈពេល​បី​ខែ​ដំបូង​ក្នុងឆ្នាំនេះ នៅ​កម្ពុជា​មាន​ចំនួន​៤០​រោងចក្រ ខណៈ​ចំនួន​រោងចក្រ​សុំ​វិញ្ញាបនបត្រ​អនុញ្ញាត​ដំណើរការ​រោងចក្រ​មាន​៥៤។​
​ ​
លោក​បណ្ឌិត​ ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា វិស័យ​កាត់​ដេរ​កម្ពុជា​កាលពី​ប៉ុន្មាន​ឆ្នាំមុន មិន​សូវ​មាន​សង្ឃឹម តែ​ចាប់ពី​ឆ្នាំ​២០១៥​មក​វិស័យ​នេះ​មានរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយសារ​វា​មាន​ភាព​រីកចម្រើន​មិន​គួរ​ឲ្យ​ជឿ ដែល​ធ្វើ​ឲ្យ​វិស័យ​នេះ​ជួយ​សេដ្ឋកិច្ច​កាន់​តែ​ច្រើន ពិសេស​វិស័យ​នេះ​បាន​ធ្វើ​ការផលិត​ផលិតផល​ ដែល​មាន​តម្លៃ​ថ្លៃ​ៗ និង​បាន​ជួយ​ការងារ​ដោយ​ផ្ទាល់​ជាង ៦០ ម៉ឺន​នាក់ និង​ផ្តល់​ការងារ​ដោយ​ប្រយោល​រាប់​លាន​នាក់​បន្ថែម​ទៀត ដូច្នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ជំរុញ​បន្ថែម​ទៀត​។​

​លោក​បន្ត​ថា “​យើង​មាន​បញ្ហា​លើ​សេវាកម្ម​ដឹកជញ្ជូន ប៉ុន្តែ​លោក​ជឿ​ជាក់​ថា រដ្ឋមន្ត្រីក្រសួង​សាធារ​ណ​ការ​ថ្មី លោក សុន ច័ន្ទ​ថុល នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ បាន​ដោយសារ​លោក​ជា​មនុស្ស​កំណែ​ទម្រង់ ដូច្នេះ​ប្រសិនជា​យើង​រៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន​បាន​ល្អ គឺ​កម្ពុជា​នឹង​មាន​ភាពល្អ​មែនទែន​។

បន្ថែម​ពីលើ​នោះ​បើសិនជា​ការរៀបចំ​ប្រព័ន្ធ​ការងារ​ឲ្យ​កាន់តែ​ងាយស្រួល វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​មាន​សក្ដានុពល​បន្ថែម​ទៀត​”។ លោក​បន្ត​ថា “​វា​ជា​វិស័យ​មួយ​នៅ​មាន​កម្លាំង​ខ្លាំង និង​ជួយ​ដល់​សេដ្ឋ​កិច្ច បើ​ទោះ​ជា​ការ​នាំ​ចេញទៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​ទ្រឹង​ក្តី តែ​ការ​នាំ​ចេញទៅ​អឺរ៉ុប​មាន​កំ​ណើន​ល្អ និង​មាន​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​កាន់តែ​សម្បូរ​បែប​នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ទីផ្សារ​កាន់តែ​ច្រើន​”៕