កំណាត់​ផ្លូវ​ប្រប​មាត់​សមុទ្រ​ចុង​ឆ្នេរ​អូ​ឈើទាល​ចាប់ផ្ដើម​ធ្វើការ​ឈូស​ឆាយ

កំណាត់​ផ្លូវ​ប្រប​មាត់​សមុទ្រ​ចុង​ឆ្នេរ​អូ​ឈើទាល​ចាប់ផ្ដើម​ធ្វើការ​ឈូស​ឆាយ



ព្រះសីហនុ​ ៖​ កំណាត់​ផ្លូវ​មួយ​ខ្សែ​តំបន់​ឆ្នេរ​អូ​ឈើទាល​(​ឆ្នេរ​អារីស្តុន​)​ប៉ុន្មាន​ថ្ងៃ​នេះ​ ត្រូវ​បាន​មន្ត្រី ជំនាញ​របស់​អាជ្ញាធរ​ក្រុង​ ខេត្ត​ព្រះសីហនុ​ចាប់ផ្ដើម​ធ្វើការ​ឈូស​ឆាយ​ និង​​​បើក​ផ្លូវ​ជា​បណ្ដើរ​ៗ​ហើយ ដើម្បី​ឲ្យ​មហាជន​ទូទៅ​អាច​ចេញចូល​លេង​កម្សាន្ត ឆ្នេរសមុទ្រ​តំបន់​នេះ​ជា​សាធារណៈ​ ស្រប​ពេល​ដែល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ជិត​ឈាន​មកដល់​នា​ពេល​ខាង​មុខ។ ប៉ុន្តែ​ការ​ធ្វើ​ផ្លូវ​ខាង​លើ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ថា​ អនុវត្តន៍​ផ្ទុយ​ពីរ​ខ្លឹមសារ​ចរាចរណ៍​ណែនាំ​លេខ​០១​ របស់​រាជរដ្ឋាភិបាល​ ស្ដីពី​ការ​គ្រប់គ្រង ​គម្រោង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ទាំង​ស្រុង​ហើយ។

លោក​លី វណ្ណដា ​អភិបាល​រង​ក្រុង​ព្រះសីហនុ ​ដែល​បាន​ចុះ​សម្របសម្រួល​ នា​ឧកាស​នោះ បាន​ថ្លែង​ថា ​ក្រោយពី​មានការ​សម្រេច​របស់​រាជរដ្ឋាភិបាល​មក​ លោក​អភិបាលខេត្ត​ បាន​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ធ្វើ​ការជា​​បន្ទាន់​ ដោយ​​ជំហាន​ទី​មួយ​គឺ​ធ្វើការ​ឈូស​ឆាយ​ផ្លូវ​មួយ​ខ្សែ​ប្រប​មាត់សមុទ្រ ចម្ងាយ​១០១៥​ម៉ែត្រ ត​ភ្ជាប់​ពី​វិថី​ឆ្នេរ​អូ​ឈើទាល​ទៅកាន់​ឆ្នេរ​ដំណាក់​ស្តេច ឲ្យ​ហើយ​រួចរាល់​នៅមុន​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឈាន​ចូល​មកដល់ នា​ពេល​ខាង​មុខ ប៉ុន្តែ​ត្រង់​ថា ផ្លូវ​នេះ​មាន​ទំហំ​ប៉ុន្មាន ហើយ​ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ ឬបេតុង លោក​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ គឺ​សំខាន់​ធ្វើ​យ៉ាង​ណា ឲ្យ​តែ​មាន​ផ្លូវ​ចេញ​ចូល​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ក៏ដូចជា​មហាជន​ទូទៅ​ក្នុង​ឧកាស បុណ្យចូលឆ្នាំ ប្រពៃណី​ខ្មែរ​ខាង​មុខជា​មុខ​សិន ហើយ​រឿង​កែ​លម្អ​យ៉ាង​ណា​នោះ​ ជា​ដំណាក់កាល​ ក្រោយៗ​បន្ត។ សម្រាប់​ផ្លូវ​ឆ្នេរ​ឯករាជ្យ​ក៏​ដូចគ្នា ដោយ​ផ្លូវ​តំបន់​នោះ​កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ ខាង​ផ្នែក ធ្វើ​ផ្លូវថ្នល់ ធ្វើការ​ឈូស​ឆាយ​ពង្រីក និង​កែ​លម្អ​​សោភណភាព​ឆ្នេរ ឲ្យ​បាន​ល្អ​ប្រសើរ ផងដែរ។

ដោយឡែក លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ គូស​បញ្ជាក់​ថា កំណាត់​ផ្លូវ​តំបន់​ចុង​អូរ​ឈើទាល​នេះ​ មាន​ប្រវែង​១០១៥​ម៉ែត្រ ទំហំ​៨​ម៉ែត្រ ចំណី​ផ្លូវ​ម្ខាង​៣​ម៉ែត្រ ​សម្រាប់​ថ្មើរ​ជើង ស្ថាបនា​ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ។ ផ្លូវ​នេះ ធ្វើការ​សាងសង់​ថ្មី ខាង ក្រោម​ផ្លូវ​ចាស់ ​ដែល​មាន​ស្រាប់​បន្តិច គឺ​ធ្វើ​ទៅ​តាមតែ​ការ​វាស់វែង​របស់​មន្ត្រី​ជំនាញ​សុរិយោដី ប៉ុណ្ណោះ។ ចំពោះ​ថវិកា​​ក្នុង​ការ​ចំណាយ​ស្ថាបនា​ផ្លូវ​នេះ គឺជា​បន្ទុក​របស់​អាជ្ញាធរ ឬ​ជា​បន្ទុក របស់​ក្រុមហ៊ុន សុខាអូតែល​យ៉ាងណា​នោះ លោក​មិន​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ។ ការ​ស្ថាបនា​នេះ​ ក៏​ពុំ ទាន់ ដឹង​ថា​អស់​ទឹកប្រាក់​ប៉ុន្មាន​ទេ គឺ​រង់ចាំ​ពិភាក្សា​ឡើងវិញ​ម្តងទៀត​ជាមួយ​ស្ថាប័ន​​ពាក់ព័ន្ធ។

មន្ត្រី​ជំនាញ​សុរិយោដី​ខេត្ត​ព្រះសីហនុ ដែល​ចុះ​ធ្វើការ​វាស់វែង ដី​ផ្លូវ​ និង​ដី​ចំណី​ឆ្នេរ​តំបន់​អូរ ឈើទាល​(​ខាងមុខ​ក្រុមហ៊ុន សុខា​)​ខាង​លើ​នេះ​បាន​ធ្វើការ​បញ្ជាក់​ថា ​ដី​ឆ្នេរ​នេះ​តាម​បទបញ្ជា​​របស់​ថ្នាក់ ដឹកនាំ​ខេត្ត​ តម្រូវ​ឲ្យ​ធ្វើការ​វាស់វែង ដី​ចំណី​ឆ្នេរ ប្រវែង​៥០​ម៉ែត្រ​ ហើយ​ផ្លូវ​ប្រប​មាត់​សមុទ្រ​ ដែល​មន្ត្រី ជំនាញ​សាធារណការ​កំពុង​ធ្វើ​នេះ​ គឺ​ធ្វើ​លើ​ដី​ចំណី​ឆ្នេរ​តែ​ម្តង ​គឺ​ទទឹង​ទំហំ​១៤​ម៉ែត្រ ដូចនេះ ដី ចំណី​ឆ្នេរ នៅ​សល់​ពិតប្រាកដ ប្រវែង​តែ​ជាង​៣០​ម៉ែត្រ​ប៉ុណ្ណោះ មិនមែន​៥០​ម៉ែត្រ​នោះ​ទេ។

ជាមួយគ្នា​នឹង​ការ​បើកផ្លូវ​នឹង​ការ​កែ​លម្អ​ឆ្នេរ​ខាង​លើ​នេះ ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​​​បាន​ធ្វើ​ការ​រិះគន់​ថា ការ​ឈូស​ឆាយ បើកផ្លូវ​ស្រប​​មាត់​សមុទ្រ​តំបន់​ខាង​លើ​នេះ​គួរតែ​ធ្វើ​លើ​ផ្លូវ​ចាស់ ដែល​មាន​ស្រាប់​តាំងពី​​សង្គម​រាជនិយម គឺ​មិន​គួរ​ធ្វើ​ផ្លូវ​ថ្មី​បង្ក​ផល​ប៉ះពាល់​លើ​ដី ចំណី​ឆ្នេរ​នោះ​ទេ ​ ពីព្រោះ​ការ​ធ្វើ​បែប​នេះ​ជា​ទង្វើ​ផ្ទុយ ពី​​ខ្លឹមសារ​នៃ​សារចរ​ណែនាំ​លេខ​០១​របស់ រាជរដ្ឋាភិបាល​ស្ដីពី​​ការ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​បាន​កំណត់​ថា ដី​ឆ្នេរ​ខ្សាច់ ត្រូវ​ទុក​គម្លាត​ពី​​ទឹកសមុទ្រ (​គិត​ទឹកនាច​)​ចាប់ពី​២០​ទៅ​៣០​ម៉ែត្រ និង​ដី​ចំណី​ឆ្នេរ​៥០​ម៉ែត្រ បន្ទាប់​មក​ដី​ផ្លូវ​១៥​ម៉ែត្រ សងខាង​សរុប​៣០​ម៉ែត្រ។ ប៉ុន្តែ​សម្រាប់​ ដី​ឆ្នេរសមុទ្រ​តំបន់​អូរ​ឈើទាល​ខាង​លើ​នេះ ​មាន​ប្រវែង​តែ​ប្រមាណ​៣០​ជា​ម៉ែត្រ​តែប៉ុណ្ណោះ។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​សង្ឃឹមថា ថ្នាក់ដឹកនាំ អាជ្ញាធរ​ខេត្ត នឹង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ផ្លូវ​ខាង​លើ​នេះ បើ​មិន​​អញ្ចឹង​ទេ​យ៉ាប់​ហើយ គ្មាន​វាចា​​នឹង​ថ្លែង នោះ​ទេ៕