​ចំណូល​ពី​ការ​ផ្ទេរកម្មសិទ្ធិ ​លើ​ប័ណ្ណ​ដីធ្លី​នៅ​ឆ្នាំ​២០១៥​​ មាន​ប្រមាណ​៨១​លាន​ដុល្លារ​អាមេរិក​

​ចំណូល​ពី​ការ​ផ្ទេរកម្មសិទ្ធិ ​លើ​ប័ណ្ណ​ដីធ្លី​នៅ​ឆ្នាំ​២០១៥​​ មាន​ប្រមាណ​៨១​លាន​ដុល្លារ​អាមេរិក​



ភ្នំពេញ​ ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​បាន​ប្រមូ​ល​ចំណូល ពី​ការ​ផ្ទេរ​កម្មសិទ្ធិ លើ​ប័ណ្ណ​ដីធ្លី​ប្រមាណ ៨១​លាន​ដុល្លារ​អាមេរិក លើ​ប័ណ្ណ​ចំនួន​ជាង ៤​លាន​ប័ណ្ណ។ នេះ​បើ​តាម លោក អ៊ឹម ឈុនលឹម បាន​ថ្លែង​នៅក្នុង​ពិធី​ផ្ទេរតំណែង​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់​ថ្មី កាលពី​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នេះ​ថា ចំណូល​ពន្ធ​ប្រថា​ប់​ត្រា​ បាន​មក​ពី​ការ​ផ្ទេរ​កម្មសិទ្ធិ មានការ​កើន​ឡើងជា​លំដាប់​ស្របតាម​កំណើន​នៃ​ចំនួន​ប័ណ្ណ​ដីធ្លី ដែល​បានសម្រេច។​

លោក​លើកឡើង​ទៀត​ថា មកដល់​ឆ្នាំ​២០១៥ ចំណូល​បាន​មក​ពី​ការ​ផ្ទេរ​កម្មសិទ្ធិ​លើ​ចំនួន​ប័ណ្ណ ដែល​សម្រេច​បាន​ជាង ៤​លាន​ប័ណ្ណ ប្រមូល​ពន្ធ​បាន ៨១ លាន​ដុល្លារ គឺ​ស្មើនឹង​ថវិកា​ទិញ លក់​ប្រមាណ ២ ពាន់​លាន​ដុល្លារ។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៥ ការ​ចុះ​បញ្ជី​បន្ទុក​ដាក់បញ្ចាំ និង​អ៊ីប៉ូតែក​លើ​ប័ណ្ណ​ដី​ចំនួន​ជាង ១៧​ពាន់​ប័ណ្ណ មាន​ទឹកប្រាក់​សរុប​ជាង ៣.៦០០​លាន​ដុល្លារ​”។​

លោក​បាន​បន្ថែម​ថា ការ​ផ្ដល់​លិខិតអនុញ្ញាត​សាងសង់​ទូទាំង​ប្រទេស ទាំង​ក្នុង​សមត្ថកិច្ច រដ្ឋបាល​ថ្នាក់​កណ្ដាល តាំង​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​មាន​ចំនួន ២.៣០៥​គម្រោង ក្នុង​នោះ​មាន​គម្រោង​ធំៗ ១៨៤​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង ៧,៦​លាន​ម៉ែត្រ​កាឡា មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោ​គ​សរុប​ប្រមាណ ៣.៣៣៨​លាន​ដុល្លារ ប្រៀប​នឹង​ឆ្នាំ​២០០០ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៣២៧​លាន​ដុល្លារ គឺ​មាន​ការ​កើន​ឡើង​ជា​ង ១០​ដង។

ជាក់ស្តែង បច្ចុប្បន្ន​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លន់ និង​សាងសង់ បាន​ចុះបញ្ជី ​និង​នៅ​មាន​សុពលភាព​នៅ​ក្រសួង​រៀបចំ​ដែនដី មាន​ចំនួន ២៣៥​ក្រុមហ៊ុន។ វិស័យ​សំណង់​ បាន​បង្កើត​ការងារ​ជាច្រើន​ប្រភេ​ទ​ជូន​ប្រជាពលរដ្ឋ គិត​ជា​មធ្យម​មាន​ប្រមាណ ពី​២០ ទៅ​២៥​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ។​

តាមរយៈ​ការសិក្សា​ស្រាវជ្រាវ តម្លៃ​ពលកម្ម សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង​មួយថ្ងៃ​ទទួល​បាន​ពី ២៤​ពាន់​រៀល ដល់​៣០​ពាន់​រៀល​, កម្មករ​មាន​ជំនាញ និង​មេជាង ក្នុង​មួយថ្ងៃ​ទទួល​បាន​ពី ៥០​ពាន់​រៀល ដល់​៦០​ពាន់​រៀល​, ចំពោះ​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេងទៀត​ទទួល​បាន​បៀវត្ស​ពី ៣៥០​ដុល្លារ ដល់​២.០០០​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ៕