អាជ្ញាធរ​ស្រុក​ព្រៃឈរ ​ជួយ​មើលផ្លូវ​ជុំវិញ​ផ្សារ​ព្រៃទទឹង​ដែល​អាជីវករ​យក​ដាក់​លក់​បន្លែ​ត្រី​សាច់​

អាជ្ញាធរ​ស្រុក​ព្រៃឈរ ​ជួយ​មើលផ្លូវ​ជុំវិញ​ផ្សារ​ព្រៃទទឹង​ដែល​អាជីវករ​យក​ដាក់​លក់​បន្លែ​ត្រី​សាច់​



កំពង់ចាម ៖ ការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវបំបែក​ផ្សា​ព្រៃទទឹង​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម ​បាន​កើតមាន​ជារឿយៗ​ពិសេស​ក្នុង​រដូវ​ធ្វើ​បុណ្យជាតិ​ប្រពៃណី​ខ្មែរ​-​ចិន​ជាដើម​ ទោះបី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខិតខំ​សម្រួល​ចរាចរណ៍​យ៉ាងណាក៏ដោយ ​ក៏​នៅ​តែ​មាន​ការ​កកស្ទះ​ចរាចរណ៍​ដដែល​ ដូចជា​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៦ មាន​រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៧(​កំពង់ចាម​-​ភ្នំពេញ​)​ ពេល​មក​ដល់​ផ្លូវបំបែក​ផ្សារ​ព្រៃទទឹង​ ក៏​ត្រូវ​ជាប់​កកស្ទះ​មិន​អាច​ធ្វើ​ដំណើរ​ទៅមុខ​បាន​គឺ​ត្រូវ​ចំណាយ​ពេល​ចាំ​យ៉ាង​យូរ។

នៅ​ក្នុង​ពេល​នោះ​ដែរ គេ​ឃើញ​កម្លាំង​នគរបាល​ចរាចរណ៍​ជាច្រើន​បាន​ដាក់​ពង្រាយ​គ្នា​ជួយ​ធ្វើ​ចរាចរណ៍​ ដោយ​ម្នាក់ៗ​ហូរ​ញើស​ជោក​ខ្លួន​ ទម្រាំ​សម្រួល​ចរាចរណ៍​បាន​ធ្វើ​ដំណើរ​ធម្មតា​វិញ។ លោក កែវ ស៊ា​ង​ហ័ន អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ថា​ រូបលោក​ក៏បាន​ចុះ​ផ្ទាល់​ដល់​ចំណុច​ផ្លូវបំបែក​ផ្សារ​ព្រៃទទឹង​នេះ​ដែរ​ ហើយ​ខិតខំ​ដឹកនាំ​កម្លាំង​នគរបាល​បញ្ជា​ការ​ធ្វើ​ចរាចរណ៍​នេះ​ ដោយ​ឲ្យ​រថយន្ត​ខ្លះ​ត្រូវ​វាង​តាម​ផ្លូវ​ជុំវិញ​ផ្សារ តែ​នៅ​តាម​ផ្លូវ​នោះ​មាន​ប្រជាពលរដ្ឋ​បាន​លក់ដូរ​នំ​ចំណី​ ផ្លែឈើ ​គឺ​យក​ផ្លូវ​ធ្វើ​កន្លែង​លក់ដូរ​ទៅ​ហើយ​ ទើប​ពិបាក​ឲ្យ​រថយន្ត​ផ្សេង​បញ្ចៀស​ការ​កកស្ទះ​បាន។

ការ​ដាក់​លក់ទំនិញ​នៅ​តាម​ផ្លូវ​ជុំវិញ​ផ្សារ​ព្រៃទទឹង​នេះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​រិះគន់​យ៉ាង​ខ្លាំង​ទៅលើ​លោក​ ជា ​ឆេង​ និង​ប្រពន្ធ​ឈ្មោះ​ ភួង​ បុប្ផា​ ដែល​ជា​អ្នក​វិនិយោគ​ និង​យក​ភាស៊ី​ផ្សារ​ព្រៃទទឹង​មិនបាន​គិតគូរ​ការ​ធ្វើ​ចរាចរណ៍​នៅ​ជុំវិញ​ផ្សារ​ព្រៃទទឹង​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​អាជីវករ​លក់ដូរ​តាម​ផ្លូវ​បែបនេះ ហើយ​កូនចៅ​ខ្លួន​ចាំតែ​យក​ថ្លៃ​ភាស៊ី​ចំណេញ​ផ្ទាល់​ខ្លួនឯង។​

លោក​ឧត្ដមសេនីយ៍​ទោ​ បែន ​រ័ត្ន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ករណី​នេះ​ លោក​ និង​មន្ត្រី​ជំនាញ​បាន​សិក្សា​ពី​ភូមិសាស្ត្រ​រក​ដំណោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ​ក្នុង​នោះ​លោកស្នងការ​សង្កេត​ឃើញ​ថា ​ផ្លូវ​ជុំវិញ​ផ្សារ ត្រូវ​គេ​រំលោភបំពាន​យក​ធ្វើ​ចំណត​ជា​កន្លែង​លក់​បន្លែ​ត្រី​សាច់​ស្ទើរតែ​អស់​នៅ​លើ​ផ្លូវជាតិ​លេខ​៦០ ​និង​នៅ​លើ​ជ្រុង​ខាងកើត ​និង​ជ្រុង​ខាងក្រោយ​អស់​១០០%។

លោកស្នងការ​បញ្ជាក់​ថា ​នៅ​ផ្លូវ​ទាំង​៤​ជុំវិញ​ផ្សារ​ ត្រូវ​បាន​យក​ធ្វើ​អាជីវកម្ម​បែបនេះ​តើ​ឲ្យ​សមត្ថកិច្ច​សម្រួល​បញ្ចៀស​ផ្លូវ​ចរាចរណ៍​បាន​ដូចម្ដេច​?​ ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នក​យក​ភាស៊ី​ឈប់​យក​ថ្លៃ​ភាស៊ី​នៅ​តាម​ផ្លូវ​ជុំវិញ​ ហើយ​សហការ​គ្នា​ជួយ​រៀប​សណ្ដាប់ធ្នាប់​នោះ​ ការ​ស្ទះ​ចរាចរណ៍ នឹង​លែង​មាន​ហើយ​។ លោកស្នងការ​ បាន​សុំ​ឲ្យ​បងប្អូន​ធ្វើ​ចរាចរណ៍​ដែល​កកស្ទះ​ មេត្តា​អធ្យាស្រ័យ​ដល់​សមត្ថកិច្ច​ផង៕

អាជ្ញាធរ​ស្រុក​ព្រៃឈរ ​ជួយ​មើលផ្លូវ​ជុំវិញ​ផ្សារ​ព្រៃទទឹង​ដែល​អាជីវករ​យក​ដាក់​លក់​បន្លែ​ត្រី​សាច់​

អាជ្ញាធរ​ស្រុក​ព្រៃឈរ ​ជួយ​មើលផ្លូវ​ជុំវិញ​ផ្សារ​ព្រៃទទឹង​ដែល​អាជីវករ​យក​ដាក់​លក់​បន្លែ​ត្រី​សាច់​

អាជ្ញាធរ​ស្រុក​ព្រៃឈរ ​ជួយ​មើលផ្លូវ​ជុំវិញ​ផ្សារ​ព្រៃទទឹង​ដែល​អាជីវករ​យក​ដាក់​លក់​បន្លែ​ត្រី​សាច់​