លោក​ស៊ុត ​ឌីណា​ ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ(Update)

លោក​ស៊ុត ​ឌីណា​ ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ(Update)



ភ្នំពេញ ​៖​ លោក​ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់​បញ្ជូន​ខ្លួន​ឡើង​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​០៧ ​ខែ​មេសា​ ឆ្នាំ ២០១៦ ពាក់ព័ន្ធ​បទល្មើស​ រំលោភ​អំណាច​ តាម​មាត្រា ៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​បទ​ការ​កេង​យក​ប្រយោជន៍ ​ដោយ​ខុសច្បាប់​ តាម​មាត្រា​ ៥៩៧ មាត្រា ៥៩៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ពេល​ចុះ​ពី​រថយន្ត​ក្នុង​ឯកសណ្ឋាន​អាវធំ ចង​ក្រវាត់.ក ស្បែកជើង​ប៊ូ ដៃ​ទាំង​ពីរ​ត្រូវ​ដាក់​ខ្នោះ លោក​ស៊ុត ឌី​ណា​ បាន​ងាក​មក​និយាយ​យ៉ាង​ខ្លី ២ ,៣​មាត់​ប្រាប់​អ្នកកាសែត​ថា អយុត្តិធម៌​​ណាស់​សម្រាប់​រូប​ខ្ញុំ!

បន្ទាប់មក​លោក​ឌី​ណា​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើការ​សាកសួរ​តាម​នីតិវិធី។

មាត្រា​៥៩៨​នៃ​ក្រម​ព្រហ្មទណ្ឌ បាន​កំណត់​ឲ្យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល។

សូម​បញ្ជាក់​ថា លោក​ស៊ុត ឌី​ណា ​ត្រូវ​បាន​អង្គភាព​ACU​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៤ ​ខែ​មេសា ឆ្នាំ​២០១៦ ខណៈ​ពេល​លោក​វិលត្រឡប់​មកពី​ប្រទេស​កូរ៉េខាងត្បូង។

គួរ​រំលឹក​ថា​ លោក​ស៊ុត ឌី​ណា ​គឺជា​អតីត​ប្រធាន​គណបក្ស​រណសិរ្ស​ជនជាតិ​ខ្មែរ ដែល​បាន​បង្កើត​ឡើង​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០០៣ ជាមួយ​នឹង​ស្ត្រី​ឈ្មោះ​ស៊ុន សុគន្ធ​មាលា។

ក្រោយមក ​ក្នុង​ឆ្នាំ​២០០៦​ ថ្នាក់ដឹកនាំ​គណបក្ស​នេះ​បាន​ចូលរួម​ជាមួយ ​ព្រះអង្គម្ចាស់​ធម្មកោ បង្កើត​បង្កើត​គណបក្ស​ថ្មី​មួយ​ដែល​មាន​ឈ្មោះថា គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម។

ក្នុង​ខែ​វិច្ឆិកា​,២០០៦ ​៖ ​ថ្នាក់ដឹកនាំ​គណបក្ស​រណសិរ្ស​ជនជាតិ​ខ្មែរ បាន​ប្ដូរ​ឈ្មោះ​គណបក្ស​ពី គណបក្ស​រណសិរ្ស​ជនជាតិ​ខ្មែរ​ទៅជា​គណបក្ស​នរោត្តម​ រណឫទ្ធិ​ ដោយ​យាង​សម្ដេច​ក្រុមព្រះ​មក​ធ្វើជា​ព្រះប្រធាន ​គណបក្ស​នេះ។

នា​ឆ្នាំ​២០០៩​ ជម្លោះផ្ទៃក្នុង​គណបក្ស​នរោត្តម​ រណឫទ្ធិ ​បាន​កើត​ឡើង​រហូតដល់​ការ​ដក​សមាជិក ដែល​ជា​អតីត​របស់​គណបក្ស​សិរ្ស​ជនជាតិ​ខ្មែរ​ចេញពី​បក្ស​ថ្មី​នេះ។

ដើម្បី​ជា​ការ​ឆ្លើយតប​លោក​ស៊ុត ឌី​ណា​ ក៏បាន​បណ្ដេញ​តំណាងរាស្ត្រ​ ដែល​មានតែ​២​រូប​ចេញពី​បក្ស​ផង​ដែរ និង​មានការ​ហែកហួរ​ដណ្តើម គណបក្ស​គ្នា​គ្រប់គ្រង​រឿងៗ​ខ្លួន។

នៅ​ថ្ងៃ​ទី​២៦​,​ មិថុនា​ ឆ្នាំ​២០០៩​ ជម្លោះផ្ទៃក្នុង​គណបក្ស​នរោត្តម រណឫទ្ធិ​ បាន​ធ្វើ​ឲ្យ​ គណបក្ស​នរោត្តម រណឫទ្ធិ​ ប្ដូរ​ទៅ​ជា​គណបក្ស​ជាតិ​និយម ដែល​ដឹកនាំ​ដោយ​លោក​ឈឹម សៀកលេង ​លោក​យូ ហុកគ្រី និង​លោក​សៅ រ៉ានី។

នៅ​ថ្ងៃ​ទី២៩,​ មិថុនា ឆ្នាំ​២០០៩​ លោក​ស៊ុត ឌី​ណា និង​កញ្ញា​ស៊ុន សុគន្ធ​មាលា ​បាន​ចាក​ចេញពី​ គណបក្ស​នរោត្តម រណឫទ្ធិ​ ហើយ​មក​បន្ត​គ្រប់គ្រង​គណបក្ស​រណសិរ្ស​ជនជាតិ​ខ្មែរ​វិញ។

គណបក្ស​នេះ បាន​ប្តូរ​ជំហរ​របស់​ខ្លួន ពី​ការ​ប្រឆាំង បែរ​មក​ជា គាំទ្រ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ ថ្នាក់ដឹកនាំ និង​សមាជិក​ផ្សេងៗ​ទៀត​របស់​អតីត​គណបក្ស​រណសិរ្ស​ជនជាតិ​ខ្មែរ រួម​ទាំង​លោក​ស៊ុត ឌី​ណា​ផង​ដែរ បាន​ទទួល​មុខតំណែង​ជាច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល។ បន្ទាប់មក​លោក ស៊ុត ឌី​ណា​ក៏​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង៕

លោក​ស៊ុត ​ឌីណា​ ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ(Update)

លោក​ស៊ុត ​ឌីណា​ ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ(Update)