លោក​ ប៉ូ​ សំណាង ​ចុះ​ចែក​ចំណីអាហារ​ដល់​កុមារ​ក្នុង​តំបន់​ងាយ​រងគ្រោះ ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

លោក​ ប៉ូ​ សំណាង ​ចុះ​ចែក​ចំណីអាហារ​ដល់​កុមារ​ក្នុង​តំបន់​ងាយ​រងគ្រោះ ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ



ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ខិត​ជិត​ចូល​មកដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខនេះ​ លោក​ ប៉ូ សំណាង ​ប្រធាន​អង្គការ​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​ និង​សីលធម៌​សង្គម​ កាលពី​ថ្ងៃ​ទី​០៧ ​ខែ​មេសា​ ឆ្នាំ​២០១៦ ​បាន​ចុះ​ចែក​ចំណីអាហារ​ និង​ផ្សព្វផ្សាយ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស​ និង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តំបន់​ភូមិ​ផ្អេ​រ​ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ។

លោក ប៉ូ សំណាង បាន​មាន​ប្រសាសន៍​ថា ​ការ​ចុះ​ចែក​ចំណីអាហារ​ដល់​កុមារ​ និង​គ្រួសារ​នៅ​ក្នុង​តំបន់​ភូមិ​ផ្អេ​រ​ជា​តំបន់​មិន​រៀបរយ​នា​ពេល​នេះ​ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​យើង​ផង​ និង​ផ្សព្វផ្សាយ​ការ​ជួញដូរ​មនុស្ស​ការ​ប្រើប្រាស់​គ្រឿងញៀន ​និង​បញ្ហា​ច្បាប់​ចរាចរណ៍​ដល់​កុមារ​ទាំងនោះ​ ដោយសារ​បញ្ហា​ទាំង​៣​នេះ ​រមែង​កើតឡើង​តាមរយៈ​ប្រជាជន​ក្រីក្រ​ និង​កុមារ​តូចៗ​ណាស់​ ព្រោះថា​ជន​អគតិ​មួយ​ចំនួន​ប្រើ​ក្មេងៗ​ឲ្យ​ជួញដូរ​គ្រឿងញៀន ងាយស្រួល​លួងលោម​ ហើយ​ថែមទាំង​ហ៊ាន​ជួញដូរ​កុមារ​ទៀត​ផង​។​ អ៊ីចឹង​ហើយ ​លោក​តែងតែ​ចុះ​ផ្សព្វផ្សាយ​បញ្ហា​ខាងលើ​គ្រប់​ទីកន្លែង​ដែល​ជា​តំបន់​មិន​រៀបរយ​ធ្វើការ​ពន្យល់​ណែនាំ​ ដើម្បី​បញ្ចៀស​ការ​ខកចិត្ត​ខក​បំណង​ពី​កត្តា​អូសទាញ​ ដែល​យើង​មិន​អាច​កំណត់​បាន​។​ ក្រៅ​ពី​នេះ ​បាន​ផ្សាយ​ជូន​នូវ​បញ្ហា​ចរាចរណ៍​ដល់​កុមារ​ទាំងអស់​ឲ្យ​ចេះ​ប្រុងប្រយ័ត្ន​ពេល​ទៅ​សាលារៀន​ហើយ​គោរព​ច្បាប់​ចរាចរណ៍​ផង​ដែរ។

លោក​បាន​បន្ត​ថា​ ចំណីអាហារ​ដែល​ចែក​ដល់​កុមារ ​និង​គ្រួសារ​នៅ​តំបន់​ភូមិ​ផ្អេ​រ​ គឺ​បាន​មកពី​ការ​ជួយ​ឧបត្ថម្ភ​ពី​សម្ដេច​ក្រឡាហោម​ ស ខេង​ និង​លោក​ឧបនាយករដ្ឋមន្ត្រី​ ទា​ បាញ់ លោក​ជំទាវ​ លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ និង​លោក​ស្រី ​លោក ​ម៉ឹង​ សំផន​ លោក ​សាម៉ន​ លោក ​ខៀវ​ សុភ​ក្រ័ ​​និង​លោកស្រី​ លោក​ ស៊ុំ​ សំណាង​ លោក​ ឡុង ​កុសល លោក​នាយ​ឧត្ដមសេនីយ៍ ​នេ​ត​ សាវឿន ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ លោក​ ឆាយ​ គឹម​ខឿន​ លោក​ ងួន ​ម៉េង​តិច ​លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ ​និង​សប្បុរសជន​ជាច្រើន​ទៀត​ផង​ដែរ។

លោក ប៉ូ សំណាង​ បាន​បន្ថែម​ថា ក្រៅពី​តំបន់​ភូមិ​ផ្អេ​រ​នេះ ​កន្លង​មក​អង្គការ​របស់​លោក​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី​គ្រឿងញៀន​ និង​ការ​ជួញដូរ​នេះ​ដល់​កុមារ​ និង​គ្រួសារ​នៅ​តំបន់​ងាយ​រងគ្រោះ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​រួមមាន ​តំបន់​មុខ​ពេទ្យ​លោកសង្ឃ តំបន់​ប៊ូ​ឌី​ង តំបន់​ផ្សា​តាប៉ាង​ជាដើម​៕