តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​ នឹង​បើក​សម្ពោធ​លក់​ផ្សារ​ហ៊ុន​( IPO) ជា​ផ្លូវការ​ នៅ​ថ្ងៃ​២០​មេសា​ ជាមួយ​មូលធន​ទីផ្សារ​សរុប​ជិត​៦០​លាន​ដុល្លារ​

តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​ នឹង​បើក​សម្ពោធ​លក់​ផ្សារ​ហ៊ុន​( IPO) ជា​ផ្លូវការ​ នៅ​ថ្ងៃ​២០​មេសា​ ជាមួយ​មូលធន​ទីផ្សារ​សរុប​ជិត​៦០​លាន​ដុល្លារ​



ភ្នំពេញ ៖ បន្ទាប់ពី​ទទួល​បាន​ការ​អនុម័ត​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) ក្នុង​ការ​ចុះបញ្ជី​នៅ​លើ​ផ្សារ​ហ៊ុន​កម្ពុជា (CSX) រួចមក​តំបន់​សេដ្ឋកិច្ច​ពិសេស​(Phnom Penh SEZ)​ គ្រោង​នឹង​បើក​សម្ពោធ​លក់​ផ្សារ​ហ៊ុន​( IPO) ជា​ផ្លូវការ​នៅ​ថ្ងៃ​២០ ខែ​មេសា ​ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ Raffles Hotel Le Royal ជា​មួយ​នឹង​ការប្រកាស​មូលធន​ទីផ្សារ​សរុប​ទឹកប្រាក់​ជិត​៦០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧​ ខែ​មេសា​នេះ។

ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី​ឧកញ៉ា លីម ឈី​វ​ហួរ អគ្គនាយក Phnom Penh SEZ PLC និង​លោក Hiroshi Uematsu ជា​នាយក​ប្រតិបត្តិ និង​លោក Fong Nee Wai ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ។

លោកស្រី Carie Phou លេខាធិការ​ក្រុមហ៊ុន និង​ជា​នាយក​បង្ហាញ​របស់ Phnom Penh SEZ PLC បាន​ពន្យល់​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ថា ​«​ការសម្រេចចិត្ត​នេះ មានការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ដំណើរការ​រយៈពេល​យូរ ដើម្បី​ការប្រកាស​ជា​សាធារណៈ​នោះ ឥឡូវនេះ យើង​បាន​បញ្ចប់​ការកំណត់​ពេលវេលា​ជាមួយ SECC ហើយ​យើង​រីករាយ​ក្នុង​ការ​ប្រកាស​រយៈពេល​នៃ​ការ​ប៊ុ​ក​បៀ​ល​ឌី​ង​ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា ​ឆ្នាំ​២០១៦។ វា​គឺជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​សប្បាយរីករាយ​បំផុត​សម្រាប់​ក្រុមហ៊ុន​របស់​យើង និង​ជា​ឱកាស​សម្រាប់​សាធារណៈ​ចូលរួម​ជាមួយ​ពួក​យើង​នៅ​ក្នុង​ការ​សម្ពោធ IPO ជា​ផ្លូវការ​នេះ​»។

Phnom Penh SEZ PLC មាន​គោលបំណង​ដើម្បី​ផ្តល់​ជូន​រហូតដល់​ទៅ​១១,៦​លាន​ហ៊ុន​នៅ​លើ​ផ្សារ​ហ៊ុន​កម្ពុជា (CSX) ដែល​តំណាង​ឲ្យ​២០​ភាគរយ​ នៃ​ភាគហ៊ុន​បាន​ចេញ​ពង្រីក។

លោក Fong Nee Wai ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា «​សម្រាប់​គម្រោង​ដំបូង យើង​រក្សា​បាន​នូវ​ចំនួន​ហ៊ុន​ដែល​យើង​នឹង​ដាក់​បង្ហាញ។ ជួរ​តម្លៃ​ត្រូវ​បាន​កំណត់​សម្រាប់​ប៊ុ​ក​បៀ​ល​ឌី​ង​គឺ​ពី ០,៧០​ដុល្លារ​ ទៅ​១​ដុល្លារ ក្នុង​១​ហ៊ុន​ថ្មី​ ហើយ​មូលធន​ទីផ្សារ​សរុប​របស់ Phnom Penh SEZ PLC នឹង​មាន​ប្រមាណ​៤០,៥ ទៅ​៥៧,៨៨​លាន​ដុល្លារ​អាមេរិក​»។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ​ជា​មួយ​នឹង​ប្រតិបត្តិការ​៧៦ ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ និង​ទីផ្សារ​មាន​លក្ខខណ្ឌ​អំណោយផល ក្រុមហ៊ុន ​គឺ​ស្ថិតនៅ​លើ​ផ្លូវ​កសាង​កិត្តិនាម​បន្ថែម និង​ពង្រីក​ភាពជា​ដៃគូ និង​ម្ចាស់​ភាគហ៊ុន​របស់​ខ្លួន និង​ទំនាក់ទំនង​ភាពជា​ដៃគូ​ទទួល​បាន​ជោគជ័យ។ ជាពិសេស គម្រោង​អភិវឌ្ឍន៍​នៅ​ក្រុង​ប៉ោយប៉ែត​ក្បែរ​ព្រំដែន​ថៃ មានបំណង​ផ្ដល់​ដី​ផលិត​ជី​ដល់​បណ្ដា​ក្រុមហ៊ុន​ដែល​មាន​ការចាប់អារម្មណ៍។ ចំពោះ​សាធារណជន​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ចុះឈ្មោះ​សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​សម្ពោធ IPO នៅ​លើ​គេហទំព័រwww.ppsez.com។

គួរ​បញ្ជាក់​ថា ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ទីតាំង​ងាយស្រួល​មាន​ចម្ងាយ​តែ​៨​គីឡូម៉ែត្រ​ នៅ​ភាគ​ខាងលិច​ នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ និង​១៨​គីឡូម៉ែត្រ​ពី​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ កំពង់ផែ​សមុទ្រ​ធំ​របស់​កម្ពុជា ភ្នំពេញ​អេស អី ហ្សិត មាន​ទីតាំង​ស្ថិតនៅ​ចំណុច​កណ្ដាល​នៃ​ច្រក​របៀង​ភាគ​ខាងកើត ​ភាគ​ខាងលិច​នៅ​តំបន់​នេះ មានការ​ងាយស្រួល​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​តាមរយៈ​ផ្លូវ​សមុទ្រ (​តាមរយៈ​ទីក្រុង​ហូជីមិញ​) និង​ប្រទេស​សិង្ហ​បុរី (​តាមរយៈ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ព្រះសីហនុ​) រួម​នឹង​មធ្យោបាយ​ទៅកាន់​ទីផ្សារ​ពិភពលោក​តាមរយៈ​ផ្លូវ​អាកាស ផ្លូវដែក និង​កំពង់ផែ​សមុទ្រ៕
តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​ នឹង​បើក​សម្ពោធ​លក់​ផ្សារ​ហ៊ុន​( IPO) ជា​ផ្លូវការ​ នៅ​ថ្ងៃ​២០​មេសា​ ជាមួយ​មូលធន​ទីផ្សារ​សរុប​ជិត​៦០​លាន​ដុល្លារ​