ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង​បណ្តាល​មាន​អ្នក​របួសធ្ងន់​ស្រាល​៣​នាក់​នៅ​នឹង​កន្លែង​

ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង​បណ្តាល​មាន​អ្នក​របួសធ្ងន់​ស្រាល​៣​នាក់​នៅ​នឹង​កន្លែង​



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​២​នាក់​និង​របួសស្រាល​១​នាក់ នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៦​ ខែមេសា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្លូវ​លេខ​268A​ ស្ថិតនៅ​ភូមិ​ប៉ោ​យ​ស្នួល ឃុំ​ប៉ោយ​ចារ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ភ្នំស្រុក​ម្នាក់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស​ គ្មាន​ស្លាក​លេខ​ បើក​បញ្ច្រាស​ទិស​គ្នា ពី​ត្បូង​ទៅ​ជើង ​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ទ្រី​ម C១២៥​ផលិត​នៅ​ឆ្នាំ​២០១៦​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1M-9231 ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​ដល់​ទៅ​៣​នាក់​នៅ​នឹង​កន្លែង​។ មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា ជន​រងគ្រោះ​មានឈ្មោះ រ​ង៉ ស៊ុយ ភេទ​ប្រុស ​អាយុ៣២​ឆ្នាំ​ រស់នៅ​ភូមិ​យាង ​ឃុំ​អូ​បី​ជាន់ ស្រុក​អូជ្រៅ​ ខេត្តបន្ទាយមានជ័យ​បណ្តាល​ឲ្យ​របួសធ្ងន់​បែក​ក្បាល​ជង្គង់​ខាង​ស្តាំ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មង្គល​បូរី​អ្នក​បើក ២​អ្នករួម​ដំណើរ​មានឈ្មោះ រ៉​ន សា​ខន ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយសរ​ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ របួសស្រាល ចំណែក​ភាគ​គី​ម្ខាង​ទៀត​មានឈ្មោះ ឃ្លាំង ឃ្លឿ​ម​ ភេទ​ប្រុស ​អាយុ៣២​ឆ្នាំ​ រស់នៅ​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយ​ចា ស្រុក​ភ្នំស្រុក ​ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​រងរបួស​ក្បាល​ខាងឆ្វេង​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរ​ស្រុក​មង្គល​បូរី​។

ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​នោះ​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុសិ៍្ត​ឃុំ​ប៉ោយ​ចារ​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕