ដោយសារ​ប្តី​មាន​ស្រី​ថ្មី​វាយ​ជាំភ្នែក​ម្ខាង​តែ​នាង​មិន​ដាច់ចិត្ត​ប្តឹង​ព្រោះ​នៅ​ស្រលាញ់​ប្តី​ពេក​

ដោយសារ​ប្តី​មាន​ស្រី​ថ្មី​វាយ​ជាំភ្នែក​ម្ខាង​តែ​នាង​មិន​ដាច់ចិត្ត​ប្តឹង​ព្រោះ​នៅ​ស្រលាញ់​ប្តី​ពេក​



ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រង​របួស​ជាំភ្នែក​ម្ខាង​យ៉ាង​ដំណំ​បន្ទាប់ពី​បាត់​ប្តី​ពី​ផ្ទះ​ជាង​មួយ​ខែ​ទៅ​មាន​ស្រី​ថ្មី បន្ទាប់ពី​ដើរ​រក​ឃើញ​ហៅ​មក​ផ្ទះ​វិញ​ពេលនោះ​ប្តី​ទិញ​ស្រា​ផឹក​ស្រវឹង​វាយ​ប្រពន្ធ​ខៀវ​ភ្នែក​ម្ខាង តែ​ដោយសារ​ស្រលាញ់​ប្តី​ពេក​មិន​ដាច់ចិត្ត​ប្តឹង​ប៉ូលិស​ឡើយ។

ហេតុការណ៍​នេះ ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣​ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​ផ្លូវ​៩៣​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សី​កែវ។

ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ ស៊ុំ ឡាយ អាយុ​៤៧ ឆ្នាំ​មាន​មុខរបរ​ធ្វើ​អនាម័យ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​មាន​កូន​ជាមួយ​ប្តី​មុន​ចំនួន​៣​នាក់​ស្រី​២​ប្រុស​១​និង​ប្តី​កំហូច​ក្រោយនេះ​មាន​កូន​ស្រី​១​អាយុ​៨​ឆ្នាំ​ហើយ។ ប្តី​ក្រោយ​នោះ​មាន​ឈ្មោះ​ព្រាម សុ​វណ្ណា ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំមាន​ មុខរបរ​ជា​គ្រូបង្រៀន​សិល្បៈ។

ស្ត្រី​រងគ្រោះ​បាន​អះអាង​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​មាន​កូន​ប្រុស​ស្រី​ចំនួន​៣​នាក់​ បាន​លែងលះ​គ្នា​ជា​មួយ​ប្តី​មុន​ចំនួន​៧​ឆ្នាំ​មក​ហើយ​ក្រោយមក​បាន​ស្គាល់​គ្នា​និង​បុរស​ប្តី​ក្រោយនេះ​តាមរយៈ​មិត្ត​ភក្តិ​រាប់អាន​គ្នា​ហើយ​រូប​គាត់​និង​ប្តី​ក្រោយ​នោះ​មិនបាន​រៀបការ​ត្រឹមត្រូវ​នោះ​ទេ ហើយ​បាន​រស់​នៅ​ជា​មួយ​គ្នា​បាន​ចំ​នួន​៩​ឆ្នាំ​ មក​ហើយ​ដោយ​បង្កើ​ត​បាន​កូនស្រី​ម្នាក់​អាយុ​៨​ឆ្នាំ។

ស្ត្រី​រងគ្រោះ​បាន​បន្ត​ថា​ នៅ​រយៈ​ពេល​មួយ​ខែ​កន្លះ​ចុង​ក្រោយនេះ​បាន​បាត់​ប្តី​ពី​ផ្ទះ​គ្មាន​ដំណឹង​សោះ​មិន​ដឹង​ទៅ​ណា​ហើយ​រូប​គាត់​បាន​ដើរ​រក​គ្រប់​ច្រកល្ហក​តែ​ពុំ​ឃើញ​ ឬ ​លេច​ដំណឹង​មិន​ដឹង​ទៅ​រស់នៅ​ទីណា​ហើយ​នៅ​ទី​២​ ខែមេសា​ ឆ្នាំ​ដដែល​រូប​គាត់​បាន​ជិះ​កង់​ដឹក​កូនស្រី​ម្នាក់​បាន​ជួប​និង​មិត្តភក្តិ​ប្រាប់​ថា គាត់​បាន​ឃើញ​ប្តី​គាត់​កំពុង​រស់នៅ​ផ្ទះ​ជួល​ជាមួយ​ស្រី​ថ្មី​នៅ​ខណ្ឌ​សែន​សុខ​
​ពេល​ឮ​បែបនេះ​រូប​គាត់​បាន​ទៅ​ហៅ​ប្តី​គាត់​ពី​បន្ទប់​ស្នាក់នៅ​អោយ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ជិះ​ម៉ូតូ​កង់​បី​ត្រឡប់មក​ផ្ទះ​ជួល​ទាំងអស់​គ្នា​វិញ។

បន្ទាប់ពី​ត្រឡប់​មកដល់​ផ្ទះ​ជួល​បាន​មួយ​យប់​មួយថ្ងៃ​បុរស​ជា​ប្តី​បាន​ដើរ​ទៅ​ទិញ​ស្រា​ថ្នាំ​មួយ​ដប​និង​ស្រា​បៀរ​ខ្លា​ខ្មៅ​ចំនួន​៨​កំប៉ុង​យក​មក​ផឹក​តែ​ម្នាក់​ឯង​។ លុះ​ផឹក​ស្រា​អស់ ស្រវឹង​ជោកជាំ​ហើយក៏​រករឿង​វាយ​ខ្លួន​ជាច្រើន​ដៃ បណ្តាល​ឲ្យ​ជាំភ្នែក​ម្ខាង​តែម្តង។

បន្ទាប់​វាយ​គ្នា​រួច​ស្ត្រី​រងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ​ព្រោះ​ដោយសារ​នាង​នៅ​ស្រលាញ់​ប្តី​ខ្លាំងពេក ដកចិត្ត​មិន​រួច ប៉ុន្តែ​បាន​នាំ​គ្នា​មកដល់​ប៉ុន្តែ​ដែរ​តែ​មិន​ដាច់ចិត្ត​ប្តឹង។

ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​បន្ត​ថា ស្អែក​ឡើង​ប្តី​ហេងស៊យ​របស់​ក៏បាន​រត់​ទៅតាម​ស្រី​ថ្មី​បាត់ស្រមោល​តែ​ម្តង៕