សមាគមនិស្សិត​ស​.​វ​.​ស​ ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​ប្រមូល​ថវិកា ​ជួយ​ដល់​និស្សិត​ក្រីក្រ​

សមាគមនិស្សិត​ស​.​វ​.​ស​ ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​ប្រមូល​ថវិកា ​ជួយ​ដល់​និស្សិត​ក្រីក្រ​



ភ្នំពេញ ​៖​ សមាគមនិស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​(​ស​.​វ​.​ស​)​បាន​ប្រារព្ធ​កម្មវិធី​ស​ប្បុរសធម៌​មួយ​កាលពី​ព្រឹក​ថ្ងៃទី​៧​ ខែមេសា ​ឆ្នាំ​២០១៦​ នៅ​បរិវេណ​សាកលវិទ្យាល័យ​ក្រោម​ប្រធាន​បទ​«​យុវជន​ និង​វប្បធម៌​ចែករំលែក​»​ ដើម្បី​ប្រមូល​ថវិកា​យក​ទៅ​ជួយ​ដល់​និស្សិត​ក្រីក្រ ​ដែល​កំពុង​សិ​ក្សា​នៅក្នុង​ស​.​វ​.​ស​។​ ​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មានការ​ចូលរួម​ពី​លោក​វេជ្ជបណ្ឌិត ​ម៉ម ​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត ​ពេ​ជ ​ចន្ទ​មុន្នី​ ហ៊ុន​ ម៉ា​ណែ​ត ​អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ​និង​និស្សិត​យ៉ាងច្រើន​កុះករ​។​

លោក​សាស្ត្រាចារ្យ ​សា​ផុន ​វឌ្ឍនៈ​ សកលវិទ្យាធិការ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​មាន​ប្រសាសន៍​នៅក្នុង​ពិធី​បើក​កម្ម​វិធិ​សប្បុរសធម៌​នា​ឱកាស​នោះ​ថា​ នេះ​គឺជា​លើក​ទី​២​ហើយ ​ដែល​សមាគមនិស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ បាន​រៀប​ចំ​កម្មវិធី​សប្បុរសធម៌​ ដែល​លើ​ក​ទី​១​ធ្វើឡើង​កាលពី​ថ្ងៃទី​៧​ ខែមេសា ​ឆ្នាំ​២០១៦ ​ក្នុង​គោលបំណង​ប្រមូល​ថវិកា​ជួយ​ដល់​និស្សិត​ក្រី​ក្រ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កុំ​ឲ្យ​បោះបង់​ការសិក្សា​ ដោយសារ​បញ្ហា​ថវិកា​ ពិសេ​ស​កម្មវិធី​នេះ​វា​ក៏​ជា​ឱកាស ​ដើម្បី​ទទួល​ជា​ចំណេះ​គំនិត​ផ្សេងៗ​ពី​និស្សិត​នានា​ ដើម្បី​បំផុស​លើក​ទឹក​ចិត្ត​ និង​ចូលរួម​វប្បធម៌​ចែករំលែក​ដល់​និស្សិត ​និង​សង្គមជាតិ​មុននឹង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នា​ពេល​ខាងមុខនេះ​។​
​ ​
លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា​ កម្មវិធី​សប្បុរសធម៌​កាលពី​ឆ្នាំមុន​សមាគមនិស្សិត​បាន​រ៉ៃ​អង្គាស​ថវិកា​បាន​ចំនួន​១៤៤៨៤៤០០​រៀល​ សម្រាប់​ជួយ​ដល់​និស្សិត​ក្រីក្រ​ខ្វះខាត​ថវិកា​ក្នុង​ការ​បន្ត​ការសិក្សា​រប​ស់​ខ្លួន​ទៅ​មុខ​ទៀត​ ក្នុង​នោះ​មាន​និស្សិត​ចំនួន​៧​រូប​ ទទួល​បាន​ថវិកា​ពី​កម្មវិធី​សប្បុរសធម៌​លើក​ទី​១​ដោយ​ម្នាក់ៗ ​ទទួល​បាន​ថវិកា​ចំនួន​១,៦​លាន​រៀល ​សម្រាប់​បង់ថ្លៃ​ការសិក្សា​របស់​ខ្លួន​។​ ចំណែក​ថ​វិ​កា ​ដែល​នៅសល់​ចំនួន​៣២៨៤៤០០​រៀល​ទៀត​នឹង​ទុក​ប្រើប្រាស់​បន្ត​សម្រាប់​សកម្មភាព​ជួយ​ដល់​និស្សិត​ក្រីក្រ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ថ្មីៗ​ទៀត​ក្នុង​កម្មវិធី​សប្បុរសធម៌​លើក​ទី​២​នេះ​។​
​ ​
លោក​វេជ្ជបណ្ឌិត​ ម៉ម ​ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​នោះ​ថា ​«​សកម្មភាព​មនុស្សធម៌​ក្នុងថ្ងៃនេះ​ពិតជា​ឆ្លើយតប​នឹង​តម្រូវ​ការ​យុវជន​ក្នុង​សង្គម​កម្ពុជា​យើង ​ដោ​យ​សកម្មភាព​នេះ​ បាន​ចូលរួម​បណ្ដុះ​គំនិត​សាមគ្គីភាព​ និង​ក្រុមការងារ​ជា​ក្រុម​ចេះ​ជួយ​រំលែក​គ្នា​សុខ​ទុក្ខ​គ្នា​ទៅវិញទៅមក​ជាពិសេស​គឺ​ការ​ផ្តល់​តម្លៃ​ឲ្យ​គ្នា​ទៅវិញទៅមក​ ដោយ​មិន​រើសអើង​ពណ៌​សម្បុរ ពូជសាសន៍ វណ្ណៈ សាសនា​ និង​និន្នាការ​នយោបាយ​»​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ កិច្ចការ​ទាំងនេះ​នឹង​ផ្តល់​ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិ​បាល​ទាំងអស់​ ក្រោយពី​បញ្ចប់​ការសិក្សា​មាន​នូវ​មោទនភាព​ជា​អ្នក​ផ្តល់​សេវា​សុខាភិបាល​ប្រកប​ដោ​យ​ចំណេះដឹង​ជំនាញ​ទេពកោសល្យ​ពិតប្រាកដ​មាន​ឥរិយាបថ​ល្អ​គួរ​ជា​ទី​ទុកចិត្ត ​និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន​។​
​ ​
លោក​សាស្ត្រាចារ្យ​ សា​ផុន ​វឌ្ឍនៈ ​បាន​បញ្ជាក់​ថា ​នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ​ដែរ​ មានការ​ដាក់​លក់ដូរ​ទំនិញ​ផ្សេងៗ ពិព័រណ៍​សម្ភារៈ​នានា​ និង​អាហារ ​ដែល​ជា​ស្នាដៃ​របស់​សមាគមនិស្សិត​ស​.​វ​.​ស​សរុប​ចំនួន​៣០​បញ្ជរ​ទំនិញ ការ​ប្រគំ​តន្ត្រី​ដោយ​ក្រុម​និស្សិត ការ​លេង​ល្បែង​ប្រជាប្រិយ​នានា​ជាពិសេ​ស​ក៏​មាន​ការចូលរួម​ពី​សិល្បករ​ល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជា​ចំនួន​១៣​រូប ​និង​ការ​រាំ​កម្សាន្ត​ផង​ដែរ​។​

លោក​សកលវិទ្យាធិការ​សង្ឃឹមថា​ កម្មវិធី​ឆ្នាំនេះ​នឹង​នាំមក​នូវ​ការ​សប្បាយ​រីករាយ​ការបង្កើត​អនុស្សា​វរីយ៍​មិនអាច​បំភ្លេច​បាន​ និង​ជាពិសេស​ទទួល​បាន​ថវិកា​លើស​ពី​ឆ្នាំមុន​ ដើម្បី​ជួយ​ដល់​និស្សិត​ក្រី​ក្រ​ស​.​វ​.​ស ​និង​ជា​សកម្មភាព​តូច​មួយ​ ដែល​ជា​ការចូលរួម​កាត់​បន្ថយ​បន្ទុក​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ​៕​

សមាគមនិស្សិត​ស​.​វ​.​ស​ ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​ប្រមូល​ថវិកា ​ជួយ​ដល់​និស្សិត​ក្រីក្រ​

សមាគមនិស្សិត​ស​.​វ​.​ស​ ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​ប្រមូល​ថវិកា ​ជួយ​ដល់​និស្សិត​ក្រីក្រ​