គណៈ​បញ្ជាការ​យោធា​ខេត្ត​កាកបាទក្រហម​ខេត្ត​បិ​ញ​ភឿ​ក​ពិនិត្យ​ ព្យាបាល​ផ្តល់​ថ្នាំ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ឃុំ​បន្ទាយ​ស្ទោង

គណៈ​បញ្ជាការ​យោធា​ខេត្ត​កាកបាទក្រហម​ខេត្ត​បិ​ញ​ភឿ​ក​ពិនិត្យ​ ព្យាបាល​ផ្តល់​ថ្នាំ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ឃុំ​បន្ទាយ​ស្ទោង



កំពង់ធំ ​៖ ​គណៈ​បញ្ជាការ​យោធា​ខេត្ត​កាកបាទក្រហម​ខេត្ត​បិ​ញ​ភឿ​ក កងទ័ព​ប្រជាជន​វៀតណាម​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​១៥០​នាក់ ​ដែល​ជា​អតីត​យុទ្ធជន​ពលី​ពិការ និង​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រូវ​បាន​ទទួល​ការពិនិត្យ​សុខភាព និង​ការ​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ​ ព្រមទាំង​បាន​ទទួល​អំណោយ​ មាន​គ្រឿង​ឧបភោគ​បរិភោគ ពី​កាកបាទក្រហម​យោធា ខេត្ត​បិ​ញ​ភឿ​ក​ កងទ័ព​ប្រជាជន​វៀតណាម​ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៦។

ការ​ពិនិត្យ​សុខភាព និង​ការ​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ​ជូន​ដល់​ប្រជាពលរដ្ឋ​នេះ ​​​ត្រូវ​បាន​ដឹកនាំ​ដោយ លោក​មេបញ្ជាការ​យោធា​ខេត្ត​បិ​ញ​ភឿ​ក ប្រជាជន​វៀតណាម និង​លោក​សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​ស្នើរ​សុំ ឲ្យ​ក្រុមគ្រូពេទ្យ​ចុះ​មក​ពិនិត្យ ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ក្រោម​ការ​ឯកភាព ពី​លោក​អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ ដែល​បាន​យកចិត្តទុកដាក់ ពី​សុខភាព​របស់​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ខ្វះខាត ក្នុង​ការ​រក​ថវិកា​ព្យាបាល​ជំងឺ។

លោក​សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មានប្រសាសន៍​ថា​ នេះ​គឺជា​សប្បុរសធម៌​ កាកបាទក្រហម​ខេត្ត​បិ​ញ​ភឿ​ក ដើម្បី​ផ្សារភ្ជាប់​ចំណង​សាមគ្គី ​ និង​ធ្វើការ​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​កងទ័ព​ខេត្ត​បិ​ញ​ភឿ​ក និង​កង​យោធពល​ខេមរភូមិន្ទ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក្នុង​វិស័យ​យោធា ដើម្បី​បង្កើត​សមត្ថភាព​ និង​ចែករំលែក​នូវ​បទពិសោធន៍​នានា មិនតែប៉ុណ្ណោះ ការ​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង​នេះ បាន​បំផុស​នូវ​វិស័យ​មនុស្សធម៌ ដើម្បី​ស្មើ​សុំ​ឲ្យ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មាន ការ​ចូលរួម​ចំណែក ផ្នែក សេវាកម្ម រក្សា​ព្យាបាល សុខភាព ដោយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​គិត​ថ្លៃ ដើម្បី​ជា​ការ​ជូនពរ​នូវ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​កំពុងតែ​រំកិល​ខិត​មក​នា​ពេល​ខាងមុខនេះ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​បន្ទាយ​ស្ទោង ចំនួន​១៥​ភូមិ ស្មើ​​នឹង​១៥០​នាក់ បាន​មក​ប្រើប្រាស់​សេវាកម្ម​ពិនិត្យ និង​ព្យាបាល​ជំងឺ រួម​ទាំង​បាន​ទទួល​អំណោយ​មាន​ប្រេងឆា​១​ដប ទឹកត្រី​១​ដប និង​សម្ភារៈ​ជាច្រើន​មុខ​ទៀត៕