សម្តេច​តេ​ជោ ហ៊ុន សែន ទុក​ពេល​១០០​ថ្ងៃ​ ​ឲ្យ​លោក​ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា បញ្ហា​លើ​វិ​ស័យ​សាធារណការ និង​ដឹកជញ្ជូន​នេះ ធ្វើ​ឲ្យ​សម្តេច​ឈឺក្បាល​ខ្លាំង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក៏បាន​បញ្ជា​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កែទម្រង់​សេវា​សា​ធារ ណ​ការ និង​ដឹកជញ្ជូន​ឲ្យ​បាន​លេចធ្លោ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល ១០០​ថ្ងៃ​។

 

នៅក្នុង​ពិធី​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦​នេះ លោក​ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា រូបលោក​ទទួលបាន​អនុសាសន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ធ្វើការ​កែទម្រង់​លើ​ការផ្តល់សេវា សាធារណការ និង​ដឹកជញ្ជូន ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លេចធ្លោ ដើម្បី​បង្ហាញ​ពី​ប្រសិទ្ធភាព នៃ​ការរុះរើ​គណរដ្ឋមន្ត្រី​របស់​សម្តេច​។ 

 

​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ដូច្នេះ «​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អនុសាសន៍​ម​ក​ខ្ញុំ ថា​ឲ្យ​ខ្ញុំ​រៀបចំ​កម្មវិធី ១០០​ថ្ងៃ សូម ជម្រាប​ថា ១០០​ថ្ងៃ​គត់ ដើម្បី​ធ្វើ​ការងារ​នេះ ការកែទម្រង់​សេវាសាធារណៈ​ជូនទៅ​ប្រជាពលរដ្ឋ​ឲ្យ​លេចធ្លោ​ឡើង ដើម្បី​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ទទួលស្គាល់ថា ការរៀបចំ​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​នេះ ជាការ​រៀបចំ ដ៏​ត្រឹមត្រូវ​»​។

 

​លោក រដ្ឋមន្ត្រី បាន​ថ្លែង​បន្តទៀតថា ការធ្វើកំណែទម្រង់​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មាន​ប្រសិទ្ធភាព​មិនអាច​ពឹង​លើ​រូប​តែម្នាក់ឯង​បាន​នោះឡើយ ត្រូវ​មានការ ចូលរួម​សហការគ្នា​សាមគ្គី​គ្នា​រវាង​មន្ត្រី​ក្នុង​ក្រសួង​ទាំងអស់ ទើប​សម្រេចបាន​នូវ​ជោគជ័យ​ជូន​ជាតិ ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​។ បើទោះបី​ការធ្វើ​កំណែ ទម្រង់​នេះ​មាន​ភាពលំបាក​យ៉ាងណាក្តី លោក ស៊ុន ចាន់ថុល បាន​ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន បាន​កាន់តែ​ល្អប្រសើរ​៕

Author: សម្រួល​អត្ថបទ៖ សារពេជ្រSource: