៣​ខែ​ដើម​ឆ្នាំ​២០១៦​កម្ពុជា​នាំ​ចេញ​អង្ករ​មាន​ការ​​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​មុន

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែមួយ បង្ហាញ​ថា ក្នុង​រយៈពេល ៣​ខែ ដើម​ឆ្នាំ​២០១៦ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង ១៦​ម៉ឺន​តោន គឺ​កើន​ឡើង​ជាង ៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ដែរ​ថា ប្រភេទ​អង្ករ​កម្ពុជា ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈពេល ៣​ខែ ដើម​ឆ្នាំ​២០១៦ នេះ ឈរ​លំដាប់​លេខ​១ មាន​ប្រភេទ​អង្ករ​ផ្កា​ម្លិះ និង​អង្ករ​ផ្កា​រំដួល។ របាយការណ៍​នេះ​ក៏​បញ្ជាក់​ទៀត​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​បរទេស​បាន​ជាង ១៦​ម៉ឺន​តោន (១៦២,២២០) កើន​ឡើង​ជាង ៨​ភាគរយ បើ​ធៀប​នឹង ៣​ខែ ដំបូង​ឆ្នាំ​២០១៥ ដែល​មាន​ត្រឹមតែ​ជិត ១៥​ម៉ឺន​តោន (១៤៩,៤៦៤)។

របាយការណ៍​បង្ហាញ​ពី​បរិមាណ​នាំ​ចេញ​អង្ករ​នេះ នៅ​មាន​កំណើន​តិចតួច​នៅ​ឡើយ​បើ​ធៀប​នឹង​ឆ្នាំ​មុន។ ជាង​នេះ​ទៀត ក៏​នៅ​មាន​គម្លាត​ឆ្ងាយ​នៅ​ឡើយ​ពី​ទិសដៅ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។