ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​រតនគិរី​បដិសេធ​ព័ត៌មាន​ខ្វះ​ទឹក​ប្រើប្រាស់

គ្រោះ​រាំង​ស្ងួត​នៅ​ចុង​រដូវ​ប្រាំង​ឆ្នាំ​នេះ​ធ្វើ​ឲ្យ​ទឹក​អណ្ដូង និង​អូរ​ធម្មជាតិ​មួយ​ចំនួន​ក្នុង​ខេត្ត​រតនគិរី រីង​ទឹក​ជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​គ្មាន​ប្រភព​ទឹក​ទន្លេ អូរ អាច​ប្រឈម​មុខ​ទៅ​នឹង​កង្វះ​ទឹក​ប្រើប្រាស់។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​រតនគិរី អះអាង​ថា ក្រុមហ៊ុន​នេះ​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​ទឹក​ស្អាត​ក្រុមហ៊ុន​បាន​គ្រប់គ្រាន់។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​រតនគិរី បដិសេធ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន​នឹង​គ្មាន​ទឹក​លក់​ចែកចាយ​ឲ្យ​អតិថិជន ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បូម​ទឹក​ពី​បឹង​កន្សែង​ជា​តំបន់​ទេសចរណ៍​កណ្ដាល​ក្រុង​បានលុង។

ការ​បដិសេធ​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កាសែត​ក្នុង​ស្រុក​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខេត្ត​រតនគិរី ជួប​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​មិន​ធ្លាប់​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ។

នាយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​តាយសេង លោក លី ហុងស៊ិន បញ្ជាក់​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ថា ទឹក​នៅ​បឹងកំសាន្ត ដែល​ក្រុមហ៊ុន​កំពុង​បូម​មក​អាង​ស្តុក​ទឹក​មាន​គ្រប់គ្រាន់​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ខ្លាច​ទឹក​បឹង​​នេះ​នឹង​ត្រូវ​រីង​អស់​ក្នុង​ពេល​ខាង​មុខ​នោះ​ឡើយ។ លោក​ថា ក្រុមហ៊ុន​កំពុង​ត​បណ្ដាញ​ចែកចាយ​ទឹក​ទៅ​តំបន់​ជាយ​ក្រុង​ដែល​មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់​ដើម្បី​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ​ដែល​ត្រូវ​​​ការ​ទឹក​ស្អាត​ប្រើប្រាស់៖ «ពួក​ហ្នឹង​ចេះតែ​ថា​តែ​ផ្កាស ឥឡូវ​ទឹក​គ្រប់គ្រាន់ ខ្ញុំ​ឲ្យ​គេ​កាយ​ទឹក​គ្រប់គ្រាន់ ប្រើ​ចុះ! ប្រើ​អស់​បន្តិច​តើ មិន​ទាន់​រីង​ទេ!»

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ទឹក​ដោយសារ​តែ​រដូវ​ប្រាំង​ឆ្នាំ​នេះ​អូស​បន្លាយ​រហូត​ដល់​ខែ​មិថុនា។

ទោះជា​យ៉ាងណា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​រតនគិរី មិន​មាន​វិធានការ​អ្វី​ទាក់ទិន​ទៅ​នឹង​ការ​បារម្ភ​នានា ខណៈ​អណ្ដូង និង​ទឹក​អូរ​ធម្មជាតិ​មួយ​ចំនួន​ក្នុង​ខេត្ត​កាន់តែ​រីង​មិន​អាច​ផ្ដល់​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ដូច​ធម្មតា។

អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ទទួល​ស្គាល់​ថា គ្រោះ​រាំង​ស្ងួត​នៅ​ចុង​រដូវ​ប្រាំង​ឆ្នាំ​នេះ​ដែល​អូស​បន្លាយ​ពេល​យូរ​ជាង​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​លោក​ថា ជា​ទូទៅ​កង្វះ​ទឹក​ប្រើប្រាស់​របស់​ពលរដ្ឋ​មិន​ទាន់​ឋិត​ក្នុង​សភាព​អាសន្ន​នៅ​ឡើយ។

លោក​ថា មិន​មាន​ព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន​ណា​មួយ​ក្នុង​ខេត្ត​ថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រឈម​ទៅ​នឹង​ការ​គ្មាន​ទឹក​ប្រើប្រាស់​នោះ​ទេ៖ «ម្សិលម្ង៉ៃ​អគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប គាត់​សួរ​ខ្ញុំ​ដែរ​បញ្ហា​ហ្នឹង ខ្ញុំ​អត់​ទាន់​បាន​ដំណឹង​អ្វី​ផង។ ប្រជាពលរដ្ឋ​យើង​មួយ​ភាគ​គាត់​ប្រើប្រាស់​ទឹក​អណ្ដូង​បុក​ដែល​គាត់​បូម​ជា​លក្ខណៈ​ឯកជន»

ជាង ៥០​ភាគរយ នៃ​ប្រជាពលរដ្ឋ​ជាង ១៦​ម៉ឺន​នាក់​រស់​នៅ​ក្រុង​បានលុង ប្រើប្រាស់​ទឹក​អណ្ដូង​ជីក​​ជម្រៅ​ពី ២០ ទៅ ២៥​ម៉ែត្រ​ខ្លះ​ទៀត ប្រើប្រាស់​អណ្ដូង​ខួង​ជម្រៅ​លើស​ពី ៣០​ម៉ែត្រ។ តួលេខ​របស់​ក្រុមហ៊ុន​ទឹក​ស្អាត​តាយសេង ក្នុង​មួយ​ខែ​ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​ទឹក​ប្រមាណ ៦​ម៉ឺន​ម៉ែត្រ​​គូប បម្រើ​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​ដែល​ប្រើប្រាស់​បណ្ដាញ​ទឹក​ស្អាត​នៅ​ក្នុង​ក្រុង​បានលុង។

អភិបាលរង​ស្រុក​កូនមុំ លោក ពុធ ដានី បញ្ជាក់​ថា ថ្វី​ត្បិត​ប្រជាពលរដ្ឋ​រស់នៅ​ឆ្ងាយ​ពី​ទន្លេ​ស្រែពក ក្នុង​ស្រុក​កូនមុំ ប្រើប្រាស់​ទឹក​ស្រះ ក៏​ប៉ុន្តែ​ទឹកស្រះ​នៅ​មាន​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​របស់​ពលរដ្ឋ។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​ឃុំ ស្រុក បាន​បង្កើន​ការ​ជីក​ស្រះ​តាម​មូលដ្ឋាន​ដើម្បី​រក្សា​ទឹក​បាន​ច្រើន​ទុក​ប្រើប្រាស់​នៅ​រដូវ​ប្រាំង៖ «អណ្ដូង​អត់​ស្អី​ទេ អត់​រីង​ផង។ អ្នក​នៅ​ទន្លេ​ប្រើ​ទឹក​ទន្លេ ជីក​អណ្ដូងស្នប់​បន្ថែម»

​ដូច​គ្នា​នេះ​ដែរ អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ បញ្ជាក់​ដែរ​ថា មិន​មាន​សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​ទាក់ទិន​កង្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ។ លោក​ថា ប្រជាពលរដ្ឋ​ខ្លះ​ប្រើប្រាស់​ទឹក​ទន្លេ​សេសាន ពលរដ្ឋ​ខ្លះ​ទៀត​ជីក​អណ្ដូង​ក្បែរ​ទី​ទំនាប​យក​ទឹក​ប្រើប្រាស់​បាន​ដូច​ធម្មតា៖ «ទៅ​ថ្ងៃ​មុខ​ទៀត​ខ្ញុំ​មិន​ដឹង​ថា ម៉េច​ទេ ប៉ុន្តែ​បច្ចុប្បន្ន​ដូចជា​អត់​មាន​អ្វី​ទេ។ ទឹក​អណ្ដូង​គាត់​អត់​មាន​រីង​ទេ ដោយសារ​គាត់​ជីក​អណ្ដូង​តូច កាល​ណា​ប្រើ គាត់​ស្តារ ចេញ​ទឹក​គាត់​ប្រើ។ បើ​ទឹក​ទន្លេ​សេសាន ដូចជា​មិន​មាន​បញ្ហា​អ្វី​ទេ»

​នៅ​ខេត្ត​រតនគិរី ប្រជាពលរដ្ឋ​មួយ​ផ្នែក​ធំ​រស់​នៅ​តាម​ដង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ដែល​ជា​ប្រភព​​ទឹក​ប្រើប្រាស់​ដ៏​សំខាន់។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​រស់​នៅ​ជិត​មាត់​អូរ​ធម្មជាតិ​ប្រើប្រាស់​ទឹក​អូរ​​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ ក្រៅ​ពី​នេះ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ស្រុក​ឆ្ងាយ​ពី​ទន្លេ និង​មិន​​អាច​ជីក​អណ្ដូង​បាន គឺ​ប្រជាពលរដ្ឋ​ជីក​ស្រះ​ធំៗ​ដើម្បី​ស្តុក​ទឹក​ប្រើប្រាស់​នៅ​រដូវ​ប្រាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។