រដ្ឋមន្ត្រីក្រសួង​ការងារ​ប្រកាស​តែងតាំង​មន្ត្រី​ថ្មី​ឱ្យចូល​កាន់តំណែង​

6 Videos


​ភ្នំពេញ : លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បានធ្វើការ​ប្រកាស​ដល់​មន្ត្រី​ជាច្រើន​រូប​ដែល​ទើប​តែងតាំង​ថ្មី​ឱ្យចូល​កាន់តំណែង​ព្រម​ជាមួយគ្នានេះ​លោក​បាន​ស្នើសុំ​ដល់​មន្ត្រី​ទាំងអស់​ដែល​នឹងត្រូវចូលកាន់​តំណែង​នា​ថ្ងៃ​ខាងមុខនេះ​ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់​សំដៅ​ពង្រឹង​កិច្ចការងារ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ដើម្បី​បម្រើ​ប្រទេសជាតិ ។​ ​

​ការលើកឡើង​បែបនេះ​របស់លោក​រដ្ឋ​ម​ន្ត្រីក្រសួង​ការងារ​បាន​ធើ្វ​ឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារនិងបណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ ។ មន្ត្រី​ដែល​ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ថ្មី​នៃ​ក្រសួង​ការងារ​រួមមាន​ប្រ​ធា​នាយកដ្ឋាន អគ្គនាយដ្ឋាន​រង​និង​ទីប្រឹក្សា​ផងដែរ ។​

រដ្ឋមន្ត្រីក្រសួង​ការងារ​ប្រកាស​តែងតាំង​មន្ត្រី​ថ្មី​ឱ្យចូល​កាន់តំណែង​


បញ្ជាក់​ក្នុង​ពិធី​នេះ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​មានប្រសាសន៍ថាការទទួលបាន​មុខតំណែង​នេះ អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល​មានការ​យកចិត្តទុកដាក់​ទៅលើ​សមត្ថភាព​របស់​ម​ន្ត្រី​ក្នុងការ​បំពេញការងារ​ជូន​រាជ​រដ្ឋា​​ភិ​បាលនិង​ក្រសួង ។​

​លោក​បានឱ្យដឹងថា«ហេតុនេះ​ខ្ញុំ​សូម​ស្នើ​ឯកឧត្តម អស់លោកយកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់ខ្លួន​ដោយ ​ការ​​ទទួលខុសត្រូវ​ខ្ពស់និង​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​តួនាទី និង​ភារកិច្ច​រៀងៗ​គ្នា​ឱ្យ​បានល្អ ។ ទី​១. បន្ត​ជំរុញ​កំណែទម្រង់​អាទិភាព​ទាំង ៥ នៃ​ផែនការ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ២០១៤-២០១៨ ឱ្យទទួល​លទ្ធផល​ល្អ​ប្រកប​​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ ទី​២. មាន​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យបាន​ទាន់​ពេ​ល​វេលា ។ ទី​៣. យកចិត្តទុកដាក់​ក្នុង​ការងារ​ផ្តល់​សេវា​ឲ្យ​បានល្អ​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ទាន់ពេលវេលាស័ក្តិ​ស​ម​ជាម​ន្ត្រី​ផ្តល់​សេវា​ជូន​កម្មករនិយោជិតនិង​ប្រជាពលរដ្ឋ ។ ទី​៤. ខិតខំ​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជានិង​គោល​ការ​ទាំងឡាយ​របស់​រាជរ​ដ្ឋា​ភិ​បាលក៏​ជា​ថ្នាក់ដឹកនាំ​ក្រសួង​បានដាក់​ចេញ  និង ទី​៥.​ត្រូវមាន​ការគោរព​នូវ​ឋានានុក្រមការងារ​ឱ្យបាន​ខ្ជាប់ខ្ជួន ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា ផ្តើមចេញពី​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈឆ្នាំ​២០១៤-២០១៨ ក្នុង​រយៈពេល​ជិត៣ ឆ្នាំ​កន្លងមកហើយ​ទទួលបាន​នូវ​លទ្ធផល​ តាម​ការរំពឹង​ទុកជាច្រើន​ក្រោម​ការខិតខំ​ប្រឹងប្រែងរ​បស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ក្នុងពេលដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី ៥ បាននិងកំពុង​ធ្វើការ​បោះជំហាន​យ៉ាង​ស្វាហាប់​ក្នុងការ​ធ្វើការ​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​នៅ​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ តាមរយៈ​អភិក្រម​« ឆ្លុះកញ្ចក់ងូតទឹក ដុសក្អែល និង​ព្យាបាល » ។

​នាឱកាស​នេះដែរ​លោក​រដ្ឋមន្ត្រី​ក៏បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​មន្ត្រី​ដែល​ទទួលបាន​នូវ​មុខតំណែង​នាពេល នេះព្រមទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​គ្រប់​ថ្នាក់ក្រោម​ឱវាទ​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ខិតខំបំពេញការងារ​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធិផល​ថ្មីៗ​បន្ថែមទៀត​ជូន​ដល់​ប្រទេសជាតិ ៕ ដេប៉ូ​