តើ​នរណា​ជា​ស្ថាបនិក​ហាង​លក់​រាយ​សំលៀកបំពាក់​យីហោ​ល្បីល្បាញ​ទូទាំង​ពិភពលោក H&M?

ក្រុមហ៊ុន​ H&M ជា​ក្រុមហ៊ុន​លក់​រាយ​សំលៀក​បំពាក់​បុរស នារី កូន​ក្មេង​ដ៏​ល្បី​នៅ​ជុំវិញ​ពិភពលោក ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស ស្វីស។ បច្ចុប្បន្ន​ក្រុមហ៊ុន H&M មាន​សាខា​នៅ​ក្នុង​ប្រទេស ចំនួន ៦១ ជុំវិញ​ពិភពលោក​ជាមួយ​ហាង​ច្រើន​ជាង ៣ ៧០០ កន្លែង ដែល​មាន​បុគ្គលិក​បម្រើ​ការងារ​ប្រមាណ​ជា ១៣២ ០០០ នាក់។ ក្រុមហ៊ុន​ H&M បាន​ឈរ​នៅ​លេខ ២ ជា​ក្រុមហ៊ុន​លក់​រាយ​សំលៀកបំពាក់​ធំ​ជាង​គេ​ទៅ​កាន់​ពិភពលោក​ដោយ​តាម​ពី​ក្រោយ​ក្រុមហ៊ុន Zara របស់​អេស្ប៉ាញ។តើ​ក្រុមហ៊ុន​លក់​រាយ​សំលៀកបំពាក់​យីហោ H&M បង្កើត​នៅ​តាំង​ពី​ពេល​ណា និង ដោយ​នរណា?

 

ក្រុមហ៊ុន H&M បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៤៧ នៅ​ក្នុង​ទីក្រុង Vasteras ប្រទេស ស៊ុយអែត ដោយ​លោក Erling Persson។ លោក Erling Persson បាន​ទទួល​គំនិត​ចង់​បង្កើត​ហាង​លក់​សំលៀកបំពាក់​នេះ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ពេល​លោក​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក។ នៅ​ពេល​បង្កើត​ហាង H&M ដំបូង​លោក Erling Persson លក់​តែ​សំលៀកបំពាក់​នារី​ប៉ុណ្ណោះ ដោយ​បាន​ដាក់​ឈ្មោះ​ហាង​ថា Hennes ជា​ភាសា​ស៊ុយអែត មាន​ន័យ​ថា "នាង” (Hers)។

 

នៅ​ឆ្នាំ ១៩៦៨ លោក Erling Persson បាន​ទិញ​យក​ហាង​លក់​រាយ​សំលៀកបំពាក់ Mauritz Widforss ក្នុង​ទីក្រុង Stockholm ដែល​ជា​ហាង​នាំ​មុខ​គេ​ផ្នែក​សំលៀកបំពាក់​បុរស ក្រោយ​មក​លោក​បាន​បាន​ច្របាច់​ហាង​ទាំង​ពី​បញ្ចូល​គ្នា​ដោយ​ដាក់​ឈ្មោះ​ថា Hennes & Mauritz (H&M)មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ លោក Erling Persson កើត​នៅ​ថ្ងៃ​ទី ២១ មករា ឆ្នាំ ១៩១៧ ក្នុង​ទីក្រុង Borlange ប្រទេស ស៊ុយអែត និង ទទួល​មរណភាព​នៅ​ថ្ងៃ ២៨ តុលា ឆ្នាំ ២០០២ ក្នុង​វ័យ ៨៥ ឆ្នាំ។

 

លោក Erling Persson បាន​ផ្ទេរ​កម្មសិទ្ធិ​ឲ្យ​ទៅ​កូន​ប្រុស​របស់​លោក Stefan Persson នៅ ក្នុង​ឆ្នាំ ១៩៨២ ឲ្យ​ធ្វើ​ជា​នាយក​គ្រប់គ្រង និង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល។ បច្ចុប្បន្ន គ្រួសារ​របស់​លោក Stefan Persson កាន់​កាប់​ភាគ​ហ៊ុន​ផ្ទាល់​ខ្លួន​ចំនួន ៣៣%។ មក​ជិត​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៦ នេះ​លោក Stefan Persson ដែល​ជា​កូន​របស់​ស្ថាបនិក​ក្រុមហ៊ុន H&M ត្រូវ​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​មហាសេដ្ឋី​មាន​ជាង​គេ​លើ​លោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣២ ពិភពលោក​ជាមួយ​ទ្រព្យសម្បត្តិ ២០,៨ ពាន់​លាន​ដុល្លារ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com