Dortmund ត្រៀមទទួលលោក Klopp ពេលប៉ះ Liverpool រាត្រីនេះ

លោក Jurgen Klopp នឹងត្រូវធ្វើការវិលត្រឡប់ដ៏រំភើបរបស់លោកទៅកាន់ក្លិប Borussia Dortmund នៅររាត្រីនេះ នៅពេលដែលក្រុម Liverpool របស់លោកជួបជាមួយនឹងក្រុមយក្សរបស់អាល្លឺម៉ង់ក្នុងការប្រកួតជើងទីមួយនៃក្របខ័ណ្ឌ Europa League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។

លោក Klopp បានចំណាយរយៈពេល៧ឆ្នាំនៅឯ Dortmund តាមរយៈការជួយឲ្យពួកគេឈ្នះពានក្របខ័ណ្ឌ Bundesliga ពីរលើក ក៏ដូចជាឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៣ ប៉ុន្តែ លោកកំពុងតែរៀបចំផែនការក្នុងការផ្តល់ការខកចិត្តដល់អតីតកីឡាករក្រុមរបស់លោក ខណៈដែល Liverpool បន្តប្រមាញ់រកការបន្ថែមពានទៅលើពានក្របខ័ណ្ឌអឺរ៉ុបចំនួន១១របស់ពួកគេ។ ក្រុមហង្សក្រហមមួយនេះ បានជួបភាពត្រដាបត្រដួសនៅរដូវកាលនេះ ប៉ុន្តែ បានបង្ហាញពីទម្រង់លេងយ៉ាងល្អនៅពេលប្រកួតជាមួយនឹងក្រុមខ្លាំងៗ ហើយខ្សែបម្រើ James Milner ជឿជាក់ Liverpool អាចធ្វើការប្រជែងជាមួយនឹងក្រុម Dortmund បាន។

Milner បានប្រាប់គេហទំព័រផ្លូវការរបស់ Liverpool ថា៖ «យើងមិនខ្លាចក្រុមណាឡើយ ហើយយើងបានបង្ហាញនៅឆ្នាំនេះថា យើងអាចផ្តួលក្រុមណាក៏បាន។ យើងត្រូវតែធ្វើឲ្យប្រាកដចិត្តថា យើងស្ថិតក្នុងការប្រកួតរបស់យើង ហើយប្រសិនបើយើងធ្វើបាន យើងមានឱកាសឈានទៅប្រកួតនៅវគ្គបន្ត»។ ក្រោយពីបានទម្លាក់ក្រុម Manchester United ក្នុងវគ្គ១៦ក្រុមចុងក្រោយ Liverpool សង្ឃឹមថា នឹងប្រើប្រាស់ទីលាននៃកីឡដ្ឋាន Anfield ដើម្បីដណ្តើមយកប្រៀបរបស់ពួកគេក្នុងការប្រកួតជើងទី២ ប៉ុន្តែ Milner ដឹងថា រាល់អ្វីៗទាំងអស់អាស្រ័យទៅលើលទ្ធផលដ៏កក់ក្តៅមួយនៅកីឡដ្ឋាន Signal Iduna Park។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង២:០៥ទៀបភ្លឺ៕

ប្រភព៖ www.188bet.com