បង្ខំចិត្ត​ចាប់​ឈើ​ជាង​៥០​ដុំ ដោយសារ​តែ​​​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ឆ្កឹះ​ខ្លាំង​ពេក

បង្ខំចិត្ត​ចាប់​ឈើ​ជាង​៥០​ដុំ ដោយសារ​តែ​​​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ឆ្កឹះ​ខ្លាំង​ពេក



កំពង់ស្ពឺ​ ៖​ ​ការ​ឃុបឃិត​គ្នា​បំផ្លិចបំផ្លាញ​ព្រៃឈើ ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​គឺ​បទល្មើស​កើតឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហើយ​សមត្ថកិច្ច​ជំនាញ​ខ្លួនឯង​ធ្វើ​មិន​ដឹង​មិន​ឮ​ ដោយ​មាន​ការ​ត្រូវ​ដង​ត្រូវ​ផ្លែ​ ដោយ​សម្ងាត់​តាមរយៈ​ការ​ណាត់គ្នា​តាម​ទូរស័ព្ទ ឬ​ផ្ដល់​ព័ត៌មាន​ផ្សេងៗ​ដល់​ក្រុម​អ្នក​រក​ស៊ី​បន្ថែម​ពី​លើ​​ការ​មិន​បង្ក្រាប​ទៀត​នោះ។

នៅ​ក្នុង​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ ​ជា​បណ្ដុំ​នៃ​ការ​កើត​មាន​បទល្មើស​ព្រៃ​ឈើ​យ៉ាង​ច្រើន ហើយ​មាន​សមត្ថកិច្ច​​សម្រាប់​ទប់ស្កាត់​ជាច្រើន​ស្ថាប័ន ដូចជា បរិស្ថាន មេព្រៃ ប៉ូលិស​សេដ្ឋកិច្ច ។​ល។ តែ​ជាក់ស្ដែង​សមត្ថកិច្ច​ទាំង​នោះ ​មិនដែល​បាន​ឃើញ​ចេញ​បង្ក្រាប​សោះឡើយ​​ ហើយ​ជា​ញឹកញាប់​ក្រុម​ឡាន​ដឹក​ឈើ និង​គោយន្ត​តែងតែ​បាន​បង់លុយ​ជា​ថ្នូរ​ទៅ​នឹង​ការ​សុំ​បើកផ្លូវ​ទៅវិញ។មិនតែប៉ុណ្ណោះ​ កាលពី​ថ្ងៃ​ទី​០៦ ​ខែ​មេសា ឆ្នាំ​២០១៦​នេះ​ លោក​ជា ហ៊ាន ​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ បាន​រក​ឃើញ​បទ​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ដែល​មាន​គោយន្ត ចំនួន​១០​គ្រឿង​មាន​ផ្ទុក​ឈើ​៥២​ដុំ នៅ​ចំណុច​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ គ្រា​ដែល​ឈើ​ទាំង​នោះ​បាន​បោះ​ជំហាន​ឆ្លង​ផុត​ស្នាក់​ការ របស់​មន្ត្រី​បរិស្ថាន​រួច​រាល់​ហើយ។ គ្រានោះ​លោក​ជា ហ៊ាន បាន​រាយ​ការណ៍​សុំ​អន្តរាគមន៍​បង្ក្រាប តែ​​​សមត្ថកិច្ច​ខ្លះ​ហាក់​អល់អែក​មិន​ចង់​បង្ក្រាប​នោះ​ឡើយ។ ការ​រារែក​មិន​ចង់​បង្ក្រាប​ត្រូវ​បាន​លោក​ជា ហ៊ាន​ប្រាប់​ថា​ម្ចាស់​គោយន្ត​បាន​ប្រាប់​លោក​ថា ពួកគេ​បាន​បង់​លុយ​ជូន​មន្ត្រី​បរិស្ថាន​រួចហើយ​ ដោយ​មួយ​គោយន្ត ៨០០០០ រៀល និង​មេព្រៃ ៧០០០០​រៀល​ក្នុង​មួយ​គោយន្ត​ដូចគ្នា។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា​ក្នុង​នោះ​ក៏​មាន​បង់លុយ​ដល់ ប៉ូលិស​សេដ្ឋកិច្ច និង​ប៉េអឹម​ផង​ដែរ ដែល​ក្នុង​មួយ​គោយន្ត​ម្ចាស់​បាន​ចំណាយ​រាប់​លាន​រៀល ទម្រាំ​ចេញ​មក​ដល់​ទីតាំង​ចុងក្រោយ។ តែ​ទោះជា​បែបណា​គោយន្ត​ទាំង​១០​គ្រឿង​ត្រូវបាន​បង្ក្រាប ដោយ​សរុប​ឈើ ៥២​ដុំ​ស្មើ​នឹង​១៤,៦៤ ម៉ែត្រ​គូប និង​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​ស្នាក់​ការ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់។ តាម​លើកឡើង​ពី​ប្រភព​ដដែល បាន​បញ្ជាក់​ថា ​នៅ​មាន​គោយន្ត​ជាច្រើន​ផ្សេងទៀត​ត្រូវ​បាន​គេ​លួច​ទូរស័ព្ទ​ប្រាប់ ឲ្យ​រត់​ទៅ​លាក់​កន្លែង​ផ្សេង​ការពារ​មន្ត្រី​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​មើល​ឃើញ។

គួរ​រំលឹក​ថា ​មុខ​ជំនួញ​ឈើ​ទាំង​ស្របច្បាប់​ខ្លះ និង​មិន​ស្របច្បាប់​ខ្លះ ​ត្រូវ​បាន​គេ​ដឹង​ថា​ កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​ខាងលើ ដែល​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​មានការ​គិតគូរ​ពី​ចំណុច​អវិជ្ជមាន​ទាំងនេះ​យ៉ាង​ចាំបាច់ ។ យោងតាម​ច្បាប់​ស្តីពី តំបន់​ការពារធម្មជាតិ មាត្រា​៦៤ បាន​ចែងថា មន្ត្រី​រដ្ឋបាល​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ឬ ភ្នាក់ងារ​អធិការ ឬ​មន្ត្រី​បរិស្ថាន​រូប​ណា ដែល​មាន​ការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​បទ​បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល ​​/​ឬ ត្រូវ​ចោទប្រកាន់​ចំពោះ​មុខ​តុលាការ។

មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ឬ ភ្នាក់ងារ​អធិការ ឬ​មន្ត្រី​បរិស្ថាន​រូប​ណា ដែល​សមគំនិត​នឹង​អ្នក​ប្រព្រឹត្ត​បទល្មើស ឬ​ជួយ​សម្រួល​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​នេះ ត្រូវ​ផ្ដន្ទាទោស​ដូច​ចារី​ដែរ៕

បង្ខំចិត្ត​ចាប់​ឈើ​ជាង​៥០​ដុំ ដោយសារ​តែ​​​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ឆ្កឹះ​ខ្លាំង​ពេក

បង្ខំចិត្ត​ចាប់​ឈើ​ជាង​៥០​ដុំ ដោយសារ​តែ​​​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ឆ្កឹះ​ខ្លាំង​ពេក

បង្ខំចិត្ត​ចាប់​ឈើ​ជាង​៥០​ដុំ ដោយសារ​តែ​​​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ឆ្កឹះ​ខ្លាំង​ពេក