អ្នក​ចម្រៀង​ម្នាក់​ត្រូវ​តុលាការ​ខេត្ត​កណ្តាល​ឃុំខ្លួន​ពី​បទ​ប្រើប្រាស់​លិខិត​ក្លែង​និង​ក្លែង​បន្លំ​ឯកសារ​សា​ធារ​ណៈ

អ្នក​ចម្រៀង​ម្នាក់​ត្រូវ​តុលាការ​ខេត្ត​កណ្តាល​ឃុំខ្លួន​ពី​បទ​ប្រើប្រាស់​លិខិត​ក្លែង​និង​ក្លែង​បន្លំ​ឯកសារ​សា​ធារ​ណៈ



កណ្ដាល ៖ បុរស​ម្នាក់​ដែល​មាន​មុខរបរ​ច្រៀង​តាម​អក្តង់​ និង ​គូក​ជេរ​រថយន្ត​បាន​ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្ត​កណ្តាល​កាលពី​រសៀល​ថ្ងៃ​ទី​៦ ​ខែ​មីនា​ ឆ្នាំ​២០១៦​ សម្រេច​ធ្វើការ​ឃុំខ្លួន​ក្រោម​បទចោទប្រកាន់​ប្រើប្រាស់​លិខិត​ក្លែង​និង​ក្លែងបន្លុំ​ឯកសារ​សា​ធា​រណៈ។

លោក​វរសេនីយ៍ ទួ​ច អ៊ីណាន​ មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហ​ត្ថ​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ប៉ាវ សំអាត​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​អ្នកចម្រៀង​តាម​អ​ក្ត​ង់​និង​ជា​អ្នក​គូកជេរ​រថយន្ត​មាន​ទីលំនៅ​ក្នុង​មណ្ឌល​សុខភាព​ទូល​គោក ​សង្កាត់​បឹងកក់​១ ​ខណ្ឌទួលគោក​ ត្រូវ​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​ហ​ត្ថ​ខេត្តកណ្តាល ​សហការ​ជាមួយ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៦ នៅផ្ទះ​ជួល​ ឯខ​ណ្ឌ​ទួលគោក​ បន្ទាប់ពី​បាន​ចម្លើយ​របស់​ជនសង្ស័យ​ម្នាក់​ដែល​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​នៅផ្ទះ​ទទួល​បញ្ចាំ​របស់​មួ​យ​កន្លែង​នៅ​របស់​តាខ្មៅ។

លោក​មេបញ្ជាការ​រង​បាន​បញ្ជាក់​ថា ជនសង្ស័យ​បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​បញ្ជូន​ខ្លួន​ដល់​សាលាដំបូង​ខេត្ត​ត្រូវ​បាន​លោក​ងួន វុទ្ធី​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្ត​កណ្តាល​សម្រេច​ធ្វើការ​ចោទប្រកាន់​បទ​ប្រើប្រាស់​លិខិត​ក្លែង​ និង ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​តាម​បញ្ញត្តិ​មាត្រា​៦២៨​និង​មាត្រា ៦២៩​នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក​មេបញ្ជាការ​រង​បាន​ឲ្យ​ដឹង​ថា ក្រោយពី​មាន​ករណី​ឆបោក​ដោយ​ប្រើ​ឯកសារ​ក្លែង កើតមានឡើង​នៅ​សេវា​បញ្ចាំ​មួយ​កន្លែង​នៅ​ក្រុង​តាខ្មៅ កាលពី​វេលា​ម៉ោង​១០និង៤០​នាទី ថ្ងៃទី​១ ខែមេសា ឆ្នាំ២០១៦ កម្លាំង​ជំនាញ មន្ទីរ​យុត្តិធម៌ អាវុធហត្ថ​ខេត្ត​កណ្តាល បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស័យ​ម្នាក់​ ដែល​កំពុង​ធ្វើ​សកម្មភាព​យក​ឯកសារ​ក្លែង​ និង​រថយន្ត​មួយ​គ្រឿង ម៉ាក LEXUS RX-330 ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-7492 ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០៥ យក​មក​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ធ្វើការ​សាកសួរ​និង​ស្រាវជ្រាវ។ ជា​លទ្ធផល​តាម​ចម្លើយ​សារភាពរ​បស់ជនស​ង្ស័​យ​និង​តាម​ការ​បញ្ជាក់​ពី​ជំនាញ​ពាក់​ព័ន្ធ​ឃើញ​ថា រថយន្ត​នេះ​ជា​រថយន្ត​គ្មាន​ពន្ធ​នាំចូល ឯកសារ​ពាក់​ព័ន្ធ​រថយ​ន្ត​(​ប័ណ្ណ​សំគាល់​)​ក្លែងក្លាយ។

ក្រោយពី​ជំនាញ​ស្រាវជ្រាវ​ និង ​ពិនិត្យ​ឃើញ​ថា ​មានការ​ពាក់​ព័​ន្ធ​ទៅ​នឹង​បុគ្គល​មួយ​ចំនួន​ទៀត ទើប​ជំនាញ​សុំ​គោល​ការណ៍​ពី​លោក​ព្រះរាជអាជ្ញា​សុំ​ធ្វើការ​ពន្លាត​ដែនដី​សមត្ថកិច្ច​ដោយមាន​ការ​សហការ​យ៉ាង​ល្អ​ពី​សំណាក់ អាវុធហត្ថ រាជធានី​ភ្នំពេញ ព្រមទាំង​ជំនាញ​ពាក់​ព័ន្ធ នៅ​វេលា​ម៉ោង​១៣និង៤០នាទី ថ្ងៃ​ទី២ ខែមេសា ឆ្នាំ២០១៦ ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​ស​ង្ស័​យ​ម្នាក់ទៀត​ឈ្មោះ ប៉ាវ សំអាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នក​ចម្រៀង​អក្តង់​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ (​ជា​អ្នកលក់​រថយន្ត និង​រត់ការ​ធ្វើ​ឯកសារ​ក្លែងក្លាយ​) នៅ​ចំណុច​ម្តុំ​ស្តា​ត​ចាស់ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ដោយ​ធ្វើការ​ដកហូត​រថយន្ត​អត់​ពន្ធ​មួយ​គ្រឿង​ម៉ាក LEXUS RX-330 ពាក់​ស្លាក​លេខ ភ្នំពេញ 2U-1571 ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០៥ (​គ្មាន​ពន្ធ​នាំចូល​) និង​ឯកសារ​ក្លែងបន្លំ មួយ​ចំនួន​៕