កម្មករ​ជាង​មួយ​រយ​នាក់ នាំគ្នា​ធ្វើ​កូដកម្ម បន្ទាប់ពី​មាន​កម្មករ​ដួលសន្លប់

កម្មករ​ជាង​មួយ​រយ​នាក់ នាំគ្នា​ធ្វើ​កូដកម្ម បន្ទាប់ពី​មាន​កម្មករ​ដួលសន្លប់



បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​កម្មករ​ចំនួន​១១៨​នាក់​ដែរ ក្នុងចំណោម​កម្មករ​​ចំនួន​៣៥០​នាក់ ដែល​បាន​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​ផលិត​ស្បែកជើង​មួយ​កន្លែង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដោយ​ពួកគេ​មិន​ព្រម​ចូល​ទៅ​ធ្វើការ បន្ទាប់ពី​មាន​ករណី​កម្មករ​ដួល​សន្លប់​ប្រមាណ​ជាង​៣០​នាក់ ​កាលពី​ទី៦ ខែមេសា​រួចមក។

គួរ​បញ្ជាក់ដែរ​ថា កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​១០ និង​១០​នាទី​ព្រឹក​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​មួយ​កន្លែង​យីហោ អ៊ែ​រ៉ូ​សហ្វ សាំ​មី​ត ហ្វូ​ត​វែ​រ ដែល​ជា​ក្រុមហ៊ុន​របស់​ជនជាតិ​ថៃ ដែល​បាន​ដំណើរការ​នៅ​ក្នុង​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង គឺ​មាន​កម្មករ​ប្រមាណ​ជាង​៣០​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ ដោយសារតែ​បញ្ហា​ការធ្វើ​លើស​ម៉ោង និង​ការ​ទទួល​ក្លិន​ពី​សារធាតុ​ជ័រកៅស៊ូ​ផង​ដែល​កម្មករ​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក។

លុះ​នៅ​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​៧ ខែមេសា នេះ គឺ​មាន​កម្មករ​ចំនួន​១១៨​នាក់ បាន​​នាំគ្នា​ប្រមូលផ្តុំ​នៅ​ខាងមុខ​រោងចក្រ​ដោយ​ធ្វើ​កូដកម្ម​មិន​ព្រម​ចូលទៅ​បម្រើ​ការងារ​ក្នុង​រោងចក្រ​ឡើយ ដោយ​បាន​ដាក់​លក្ខ​ខណ្ឌ​ចំនួន​៤​ចំណុច ដើម្បី​ឲ្យ​ខាង​ក្រុមហ៊ុន​ឆ្លើយតប​​ដោយ​ទី១ ទាមទារ​អោយ​ថៅកែ​ពិនិត្យ បរិស្ថាន​ក្នុង​រោងចក្រ​ឡើងវិញ​ដែល​បង្ក​ឲ្យ​កម្មករ​ដួល​សន្លប់​ក្នុង​រោងចក្រ​កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៦។ ទី២ ទាមទារ​មិន​ឲ្យ​ថៅកែ​បង្ខំ​កម្មករ​ធ្វើការ​ក្នុង​ថ្ងៃ​សៅរ៍ និង អាទិត្យ បើ​កម្មករ​ទាមទារ​ធ្វើការ​ក្នុង​ថ្ងៃ​សៅរ៍ និង អាទិត្យ​គឺ​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​។ ទី​៣ ទាមទារ​ឲ្យ​ថៅកែ​បើកប្រាក់​ឧបត្ថម្ភ​ដែល​កម្មករ​ធ្វើការ ក្នុង ថ្ងៃ​សៅរ៍ និង អាទិត្យ ស្មើភាព​គ្នា​រវាង​កម្មករ​ចាស់ និង កម្មករ​ថ្មី។ និង​ទី៤ ទាមទារ​មិន​ឲ្យ​ថៅកែ​ប្រើ​កម្មករ​ធ្វើការ​ហួសពេល​កំណត់។

​នៅ​ក្នុង​ពេល​នោះ​ដែរ ​គេ​ស​ង្កេត​ឃើញថា ភាគី​រោងចក្រ​មិនបាន​ឆ្លើយតប​ទៅតាម​សំណើ​របស់​កម្មករ​ឡើយ បែរជា​គេ​បាន​ដាក់​ឱសានវាទ​ដល់​កម្មករ​ទាំងនោះ​ទៅវិញ ដោយ​គេ​បាន​ទុក​រយៈពេល​៣​ថ្ងៃ បើ​កម្មករ​មិន​ព្រម​ចូល​ធ្វើការ​ទេ គេ​នឹង​លុបឈ្មោះ​ចេញពី​បញ្ជី​មិន​ឲ្យ​ធ្វើការ​តទៅទៀត។ ដោយសារតែ​នេះ​គឺជា​បញ្ហា ទើប​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​នៅ​ក្នុង​តំបន់​នោះ​កំពុង​ចុះ​ធ្វើការ​ដោះស្រាយ​ក្នុង​រឿង​នេះ ប៉ុន្តែ​មិនទាន់​ដឹង​អំពី​លទ្ធផល​នៅ​ឡើង​ទេ៕

កម្មករ​ជាង​មួយ​រយ​នាក់ នាំគ្នា​ធ្វើ​កូដកម្ម បន្ទាប់ពី​មាន​កម្មករ​ដួលសន្លប់ កម្មករ​ជាង​មួយ​រយ​នាក់ នាំគ្នា​ធ្វើ​កូដកម្ម បន្ទាប់ពី​មាន​កម្មករ​ដួលសន្លប់