អគ្គស្នងការ​នគរបាល​ជាតិ​ ជំរុញ​ឲ្យ​ការិយាល័យ​ទាំង​៣​ពង្រឹង​សុវត្ថិភាព ​សន្តិសុខ

អគ្គស្នងការ​នគរបាល​ជាតិ​ ជំរុញ​ឲ្យ​ការិយាល័យ​ទាំង​៣​ពង្រឹង​សុវត្ថិភាព ​សន្តិសុខ



ព្រះសីហនុ ​៖​ មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍​ សួស អង្គារ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​បន្ត​ជំរុញ​ឲ្យ​មន្ដ្រី​ក្រោម​ឱវាទ បន្ដ​ការ​ផ្សព្វផ្សាយ​ធ្វើ​រដ្ឋបាល​ពង្រឹង​សុវត្ថិភាព ​សន្តិសុខ​ ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ ការគ្រប់គ្រង​ជនបរទេស និង​ផ្ដល់​ជំនឿ​ទុកចិត្ត​លើ​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ស្រប​តាម​គោលនយោបាយ​ភូមិ​ ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ការ​ថ្លែង​បែប​នេះ ​លោក​ឧត្ដមសេនីយ៍​​សួស​ អង្គារ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍ នៅ​ក្នុង​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឆ្នាំ​២០១៥ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ ឆ្នាំ​២០១៦​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​០៦​ ខែ​មេសា ឆ្នាំ​២០១៦ ​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដោយ​លោក​ឧត្ដមសេនីយ៍​បាន​សង្កត់​​ធ្ងន់​ទៅ​លើ ​ការិយាល័យ​ចំនួន​​៣​រួមមាន សណ្ដាប់ធ្នាប់​ចរាចរណ៍ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ការិយាល័យ​អន្តោប្រវេសន៍​ ត្រូវ​កញ្ជ្រៀប​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ទូលំទូលាយ​ ដែល​អាច​ធ្វើ​ទៅ​បាន និង​បន្ត​ធ្វើ​រដ្ឋបាល​គ្រប់​ទីកន្លែង​ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ​ព្រោះ​មន្ត្រី​នគរបាលគឺ​ជា​ឆ្អឹងខ្នង​ ដ៏​រឹងមាំ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ និង​សម្រាប់​សង្គមជាតិ​ទាំងមូល​ផង​ដែរ។ ដោយ​ឡែក​លើ​បញ្ហា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​បង្កើន​ល្បឿន​ជូន​ពួកគាត់​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដាច់ខាត​មិន​ត្រូវ​បង្អាក់​បង្ខូច ក្នុង​ការ​ចុះឈ្មោះ​ធ្វើ​អត្តសញ្ញាណ​ ដោយ​កៀរគរ​រក​លាភសក្ការៈ​អំពី​ពួកគាត់​ជាដាច់ខាត។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្ដមសេនីយ៍ ​បាន​មានប្រសាសន៍​បន្ត​ថា ​នៅ​ឆ្នាំ​២០១៥​កន្លង​មក​នេះ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​បង្ក្រាប​បទល្មើស​ជាច្រើន​ ទាំង​បទល្មើស​ព្រហ្មទណ្ឌ​បទល្មើស ​ការ​ជួញដូរ​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​ជាដើម ​គឺ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បង្ក្រាប បាន​ទាន់​ពេល​វេលា​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​អ្នក​វិនិយោគិន​ ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ ​ដែល​បាន​មកលេង​កម្សាន្ត និង ធ្វើការ​បណ្ដាក់​ទុក​រកស៊ី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​និង​រួមចំណែក​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ​ដែល​ថ្នាក់លើ​ប្រគល់​ជូន។
លោក​ឧត្ដមសេនីយ៍​បាន​មាន​ប្រសាសន៍​បន្ថែម​ទៅ​ដល់​មន្ត្រី​នគរបាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ទាំង​អស់ ​សូម​ជូនពរ​ឆ្នាំ​ថ្មី ​សេរី​សួស្ដី​ជ័យ​មង្គល​ និង​ត្រូវ​ចេះ​គោរព​ស្រឡាញ់​រួបរួម​គ្នា​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ជូន​ជាតិ​មាតុភូមិ ​និង​ប្រជាពលរដ្ឋ​យើង។ លោក​ឧត្ដមសេនីយ៍​ក៏បាន​មាន​ប្រសាសន៍​បន្ថែម​ថា បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ចប់​ នឹង​កាត់​ខ្សែបូ​ ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អាគារ​ថ្មី ​ការិយាល័យ​នគរបាល​ការពារ​និង​អន្តរាគមន៍ ហើយ​ពិសា​អាហារ​សាមគ្គី រាំ​កម្សាន្ត ដើម្បី​អបអរសាទរ​ និង​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំវក ​ដែល​នឹង​ឈាន​ចូល​មកដល់​ឆាប់​ៗ​នេះ៕

អគ្គស្នងការ​នគរបាល​ជាតិ​ ជំរុញ​ឲ្យ​ការិយាល័យ​ទាំង​៣​ពង្រឹង​សុវត្ថិភាព ​សន្តិសុខ

អគ្គស្នងការ​នគរបាល​ជាតិ​ ជំរុញ​ឲ្យ​ការិយាល័យ​ទាំង​៣​ពង្រឹង​សុវត្ថិភាព ​សន្តិសុខ