ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​បុណ្យ​ចូល​ឆ្នាំថ្មី​និង​សកម្មភាព​មុខងារ​ប៉ុស្តិ៍

ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​បុណ្យ​ចូល​ឆ្នាំថ្មី​និង​សកម្មភាព​មុខងារ​ប៉ុស្តិ៍



កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែមេសា ឆ្នាំ២០១៦ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​បាន​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ និង ​ត្រួតពិនិត្យ​សកម្មភាព​ការងារ​នគរបាល​ប៉ុស្តិ៍​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍ទោ​ ជួង ​សេង​ហាក់ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​​ និង​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បែន​ រ័ត្ន ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​ស្នងការ​រង​នាយការិយាល័យ​កណ្តាល​នាយ​-​នាយរង​ការិយាល័យ​អធិការ​អធិការរង​និង​នាយរង​នគរបាល​ប៉ុស្តិ៍​ទាំងអស់។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ បែន ​រ័ត្ន ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បាន​លើក​ឡើង​ពី​ផែនការ​ការពារ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​២០១៦​នេះ​ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​ រហូតដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ២០១៦ ដើម្បី​ធានា​ស្ថេរ​ភាព​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ថ្នាក់ដឹកនាំ​ភ្ញៀវ​ជាតិ​អន្តរជាតិ​និង​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​ និង ​ដើរលេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន តាម​វត្ត​អារាម​ទីប្រជុំជន​និង​កន្លែង​កម្សាន្ត​នានា​ដោយ​ឲ្យ​កម្លាំង​នគរបាល​យាម​២៤​ម៉ោង​លើ​២៤​ម៉ោង។

ក្នុងនោះ​លោកស្នងការ​បាន​រៀប​ចំ​ដាក់​កម្លាំង​នគរបាល​ចរាចរ​ជួយ​សម្រួល​ក្នុង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅតាម​ដង​ផ្លូវ​ជាតិ​ផ្លូវលំ​សំខាន់ៗ​ព្រមទាំង​ដាក់​កម្លាំង​នគរបាល​យាមល្បាត​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​តាម​ទីប្រជុំជន​ឆែកឆេរ​ត្រួតពិនិត្យ​ធ្វើ​រដ្ឋបាល​ចំហ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​មុខសញ្ញា​ឧក្រិដ្ឋ​មាន​ដីកា​របស់​តុលាការ​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​ជួយ​អន្តរា​គម​ន៍​ឲ្យ​ទាន់ពេល​វេ​លា​នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង។

លោកស្នងការ​បែន​ រ័ត្ន ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​នគរបា​ល​រដ្ឋបាល​ប៉ុស្តិ៍​រាល់​ការអនុវត្ត​សេចក្តី​ណែនាំ​លេខ​០០៣​និង​លេខ​០០៦​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ដោយ​វាយ​តម្លៃ​រក​បទ​ពិសោធ​ន៍​ចំណុច​ខ្លាំង​ខ្សោយ​ និង ​ចំណុច​ប្រឈម​ដែល​ត្រូវ​កែលំអ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួង​សេង​ហាក់​បាន​ធ្វើ​ការណែនាំ​ដល់​នគរបាល​ប៉ុស្តិ៍​ទាំងអស់​ថា ការចុះបញ្ជី​គ្រប់គ្រង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចំនួន​គ្រួសារ​អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍ បណ្តោះអាសន្ន​ហើយ​ត្រួត​គ្រប់គ្រង​មុខរបរ​ផង។ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​មនុស្ស​ដែល​ចេញចូល​ក្នុង​មូលដ្ឋាន​ហើយ​គ្មាន​មុខរបរ​ពិតប្រាកដ​ទេ​តែ​មាន​លុយ​ដើរ​ស៊ីចាយ​តាម​ទំនើងចិត្ត​-​គ្រប់គ្រង​ផ្ទះសំណាក់​សណ្ឋាគារ​ផ្ទះ​ជួល​ខា​រ៉ា​អូ​ខេ​ក្លិប​កំសាន្ត​នាៗ​លំនៅ​ដ្ឋាន​បរទេស​ដើម្បី​ធានា​ដល់​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ បាន​គូស​បញ្ជាក់​ថា នេះ​ជា​លើក​ទី១​ហើយ​ក្នុង​ចំនោម​​ខេត្ត​ទូទាំង​ប្រទេស​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ធ្វើការ​ផ្សព្វផ្សាយ​​សេចក្តី​ណែនាំ​លេខ​០០៣​ស.ណ.ន៕