តើ​ក្រុមហ៊ុន ​Mossack Fonseca ​ជា​អ្វី?

តើ​ក្រុមហ៊ុន ​Mossack Fonseca ​ជា​អ្វី?

នេះ​ជា​ស្លាក​ដែល​មាន​ឈ្មោះ​ក្រុមហ៊ុន Mossack Fonseca & Co. (Asia) Limited។

នរណា៖ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ​លោក​ Jurgen Mossack​ ដែល​បាន​កើត​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​នៅ​ក្នុង​ឆ្នាំ១៩៤៨ និង​លោក​ Ramon Fonseca​ ដែល​កើត​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា នៅ​ក្នុង​ឆ្នាំ​១៩៥២។

នៅ​ពេល​ណា៖ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​១៩៧៧ ​ហើយ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា Mossack​ Fonseca​ នៅ​ក្នុង​ឆ្នាំ​១៩៨៦ នៅ​ពេល​ដែល​លោក​ទាំង​ពីរ​សម្រេច​ចិត្ត​បញ្ជូល​ក្រុមហ៊ុន​ច្បាប់​ទាំង​ពីរ​បញ្ចូល​គ្នា។ ​

ជា​អ្វី​ទៅ៖ វា​ជា​ក្រុមហ៊ុន​សាកល​មួយ​ដែល​ផ្តល់​សេវាផ្នែក​ច្បាប់​ ផ្នែក​គ្រប់គ្រង​កិច្ច​សន្យា​និង​ទ្រព្យ​សម្បត្តិ​ ដ៏​ទូលំ​ទូលាយ​មួយ។ ក្រុមហ៊ុន​នេះ​ទទួល​សេវាកម្ម​គ្រប់គ្រង និង​ចុះ​បញ្ជី​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​ដទៃរួម​មាន​ ប្រទេស​ស្វ៊ីស ​ចក្រភព​អង់គ្លេស ​ហុងកុង ​កោះ​ British Virgin​ ប្រទេស​ម៉ាល់ត៍ ព្រម​ទាំង​នៅ​ក្នុង​រដ្ឋ ​Nevada ​និង​រដ្ឋ Wyoming ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

នៅ​ទី​ណា៖ ក្រុមហ៊ុន​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា។

វត្តមាន​លើ​ទីផ្សារ​សាកល៖ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ផ្តល់​សេវាកម្ម​ក្រៅ​ប្រទេស​ធំ​លំដាប់​ទី៤។

ប្រតិកម្ម​ទៅ​នឹង​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Panama ​Papers៖ ​ក្រុមហ៊ុន​នេះ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចោទ​ប្រកាន់​ជាក់​លាក់​ណា​មួយ ដោយ​លើក​ហេតុ​ផល​ថា​ ដើម្បីរក្សា​កិច្ចការ​សម្ងាត់​សម្រាប់​អតិថិជន​របស់​ខ្លួន។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​និយាយ​ថា ខ្លួន​បាន​ប្រតិបត្តិ​ការងារ​នេះ​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​បាន​គោរព​តាម​ពិធីការ​អន្តរជាតិ​ ដោយ​បាន​អះអាង​ថា៖ «ក្រុមហ៊ុន​ដែល​យើង​ជួយ​ចុះ​បញ្ជី​ឲ្យ​មិន​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​គេច​ពន្ធ​ លាង​លុយ​កខ្វក់​ ផ្តល់​ហិរញ្ញប្បទាន​ដល់​ភេរវករ​ ឬ​ក្នុង​គោលបំណង​ខុស​ច្បាប់​អ្វី​មួយ​នោះ​ទេ»។ ទោះ​ជា​យ៉ាង​ណា​ ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ថា៖ «យើង​មាន​ការ​សោកស្តាយ​ចំពោះ​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​យើង​ក្នុង​ផ្លូវ​ខុស ហើយ​យើង​នឹង​ចាត់​វិធានការ​ដើម្បី​កុំ​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ