រលាក​បំពង់ក មិន​ចង់​លេបថ្នាំ​មែន​ទេ​? សាក​ធ្វើតាម វិធី​ទាំងនេះ​សិន​ទៅ​!!!

រលាក​បំពង់ក មិន​ចង់​លេបថ្នាំ​មែន​ទេ​? សាក​ធ្វើតាម វិធី​ទាំងនេះ​សិន​ទៅ​!!!

​ការ​រលាក​បំពង់ក មានន័យ​ថា ជា​ការឈឺ​រមាស់ៗ ឬ​រលាក​ក្នុង​បំពង់ក ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅពេល​លេបទឹកមាត់​។ ចំពោះ​មូលហេតុ​ចំបង​បំផុត​របស់​ជំងឺ​នេះ​គឺ ការបង្ក​រោគ​ដោយ​វីរុស​ដូចជា ជំងឺ​ផ្តាសាយ​ជាដើម​។ ការ​ឈឺបំពង់ក ដែល​បណ្តាល​មក​ពី​វីរុស នឹង​ជា​វិញ​ដោយ​ខ្លួនឯង ជាមួយនឹង​ការថែទាំ សុខភាព​ដោយ​ខ្លួនឯង​។ ចំពោះ​ការ​រលាក​បំពង់ក ដោយសារ​បាក់តេរី ឬ Streptococcal Infection ច្រើន​តែ​ត្រូវ​ការព្យាបាល ដោយ​ថ្នាំ​ផ្សះ ដើម្បី​បង្ការ​ផលវិបាក​របស់​វា​។
​បើ​យើង​មិន​គិត​អំពី មូលហេតុ​នៃ​ការ​ឈឺបំពង់ក​ទេ វិធីសាស្ត្រ​នៃ​ការថែទាំ សុខភាព​ដោយ​ខ្លួនឯង អាច​ជួយ​បំបាត់ បញ្ហា​បាន​បណ្តោះអាសន្ន​ដែរ ដូចជា ៖

​សម្រាក​
គេង​ឲ្យបាន​ច្រើន និង​ថ្នម​សម្លេង​។​

ញ៉ាំ​ទឹក​
ចូរ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ដើម្បី​រក្សា​សំណើម​នៅ​បំពង់ក និង​បង្កា​រការ​ខ្សោះ​ជាតិ​ទឹក​។​

ព្យាយាម​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ផ្តល់​ផាសុកភាព​
ទឹក​ក្តៅ​ឧណ្ហៗ ទឹក​ស៊ុប​ឆ្អឹង តែ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ទឹកឃ្មុំ​ក្តៅ​ឧ​ណ្ហៗ សុទ្ធ​តែ​អាច​ជួយ​បន្ធូរ អា​ការៈឈឺ​បំពង់​ក​បាន​ទាំងអស់​។

ខ្ពុរ​ទឹកអំបិល​
ការ​ខ្ពុរ​ទឹកអំបិល អាច​ជួយ​បន្ធូរ ឬ​សម្រួល​ដល់ ការឈឺ​បំពង់​ក​បាន​។

ធ្វើឲ្យ​ខ្យល់​មានសំណើម​
ចូរ​ប្រើប្រាស់ ខ្យល់​មាន​សំណើម​ត្រជាក់ ដើម្បី​បំបាត់​ខ្យល់​ដែល​ស្ងួត ហើយក៏​អាច​បង្ការ​ការ​រលាក​បំពង់​ក​បាន​ល្អ​ដែរ​។

ចៀសវាង​សារធាតុ​បង្ក​រលាក​
ចូរ​ធ្វើយ៉ាងណា ឲ្យ​ផ្ទះ​គ្មាន​ផ្សែង​បារី និង​ប្រើ​ផលិតផល​លាង​សម្អាត​ណា ដែល​មិន​អាច​បង្ក​ការ​រលាក​បំពង់ក​។

ព្យាបាល​ការឈឺចាប់ និង​ក្តៅខ្លួន​
ថ្នាំ​ប្រភេទ Ibuprofen (Advil, Motrin IB) ឬ​ថ្នាំ Acetaminophen (Tylenol) អាច​បន្ថយ​ការឈឺ​បំពង់​ក​បាន​។ ថ្នាំ​អាស្ពីរីន មាន​ទំនាក់ទំនង​នឹង​ជំងឺ Reye’s Syndrome ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេង ដែល​ប្រើ​ថ្នាំ​នេះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។