អ្នកវិទ្យាសាស្ត្រ៖ បរិភោគត្រីសាម៉ុង អាចជួយការពារ ទារកក្នុងផ្ទៃ របស់អ្នក ពីជំងឺហឺត

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របាន បញ្ចេញរបាយការណ៍ថ្មីមួយ ទាក់ទងទៅនឹងផលប្រយោជន៍ របស់ត្រីសាម៉ុង សម្រាប់ទារកនៅក្នុងផ្ទៃ។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ ចេញពីរបាយការណ៍ របស់ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Southampton របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា នារីដែលកំពុងមានផ្ទៃពោះ ដែលបានបរិភោគ សាច់ត្រីសាម៉ុង គឺអាចការពារទារកនៅក្នុងផ្ទៃ របស់គេពី ជំងឺហឺត បានយ៉ាងល្អប្រសើរ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា សារជាតិដ៏ល្អដែល ស្ថិតនៅក្នុងសាច់ត្រីសាម៉ុង បានជួយទៅដល់ទារក ដែលកំពុងនៅក្នុងស្បួន ឲ្យមានការលូតលាស់ ទៅលើប្រព័ន្ធស៊ាំ រឹតតែប្រសើរ និងព្រមទាំងអាចការពារ រាល់ការប៉ះពាល់ពី រោមសត្វ លំអង និងមេរោគផ្សេងទៀត ដែលអាចបង្កជាជំងឺហឺត នៅពេលពួកគេ ធំពេញវ័យទៀតផង។ ក្រៅពីនេះ សារជាតិវីតាមីន D ដែលមានច្រើន នៅក្នុងសាច់ត្រីប្រភេទនោះ ក៏មានអត្ថប្រយោជន៍ ខ្លាំងផងដែរ។

លោកសាស្ត្រាចារ្យ Philip Calder អ្នកដឹកនាំក្នុងការ ស្រាវជ្រាវមួយនេះ បានបញ្ជាក់ថា “ការរកឃើញរបស់ពួកយើង គឺសំដៅទៅលើ ផលប្រយោជន៍របស់ អាហារដែលមានជីវជាតិ ចំពោះទារកដែលនៅក្នុងផ្ទៃ ហើយឥទ្ធិពលរបស់វា ក៏នៅតែមាន នៅពេលដែលទារក មានវ័យកាន់តែធំផងដែរ។ ម្យ៉ាងវិញទៀត ក្រោយពីការពិសោធន៍រួចមក យើងអាចដឹងបានថា សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលបរិភោគ សាច់ត្រីសាម៉ុង ត្រឹម២ដងក្នុង១សប្តាហ៍ គឺអាចបញ្ចៀស ទារកក្នុងផ្ទៃរបស់គេ ពីជំងឺហឺត បានយ៉ាងមានប្រសិទ្ធិភាព”។

គូសបញ្ជាក់ផងដែរថា ក្រៅពីសាច់ត្រីសាម៉ុងហើយនោះ នៅមានសាច់ត្រីផ្សេងទៀត ដែលមានផលប្រយោជន៍ ចំពោះសុខភាពទារក និងម្តាយ ដូចជាត្រីសាឌីន ត្រីប្រភេទ Mackerel, Trout, និង Herring ជាដើម៕ 

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត