វគ្គ Play-off AFC Asian Cup ជុំ​ទី​បី​៖ កម្ពុជា​ប៉ះ​ជាមួយ​ចិន-តៃប៉ិ

​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ប៉ះ​ជាមួយ​ចិន-តៃប៉ិ សម្រាប់​ការប្រកួត Play-off វគ្គ​ជម្រុះ​ជុំ​ទី​បី​នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩  ។​នេះ​បើ​យោងតាម​លទ្ធផល​ចាប់ឆ្នោត​ផ្លូវការ​នា​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែមេសា​នេះ នៅ​ទីស្នាក់ការ AFC House ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួរ​។

​កម្ពុជា​ស្ថិត​ក្នុងចំណោម​ក្រុម​ទាំង​១១ ដែល​ត្រូវ​ប្រជែង​ក្នុង នេះ ដើម្បី​ទទួលបាន​កៅអី​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​បី​នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ។ ក្រុម​ទាំង​១១ ដែលមាន​ចំណាត់​ថ្នាក់ទាប​បំផុត​ពី​ការប្រកួត​វគ្គ​ជម្រុះ​ទី​ពីរ FIFA World Cup ឆ្នាំ​២០១៨ នោះ រួមមាន តា​ហ្ស៊ី​គី​ស្ថាន ចិន​-​តៃប៉ិ ម៉ា​ល់​ឌី​វ និង​ម៉ាឡេស៊ី ដែលមាន​ចំណាត់​ថ្នាក់ទាប​ជាងគេ​ក្នុងចំណោម​ក្រុម​ចំណាត់ថ្នាក់​លេខ​៤​ពី​ការប្រកួត​ជម្រុះ World Cup និង​ក្រុម​បាត​តារាង​នៃ​ពូ​ល​នីមួយៗ រួមមាន ឡាវ ឥណ្ឌា យ៉េ​មែន ទី​ម័​រ​ខាងកើត បង់​ក្លា​ដែ​ស កម្ពុជា និង​ប៊ូ​តង់​។​
 
ការប្រកួត​វគ្គ Play-off នឹង​ឡើងជា​ពី​ដំណាក់កាល ដោយ​តាម​លទ្ធផល និង​ចំណាត់ថ្នាក់​របស់​ក្រុម​ជម្រើសជាតិ​ទាំង​១១​ពី​ការប្រកួត​ជម្រុះ World Cup កន្លងមក​។ ក្រុម​ចំនួន​៨ នឹង​ទទួលបាន​កៅអី​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​បី​នៃ AFC Asian Cup​។​
វគ្គ Play-off AFC Asian Cup ជុំ​ទី​បី​៖ កម្ពុជា​ប៉ះ​ជាមួយ​ចិន-តៃប៉ិ 
​ក្រុម​ដែលមាន​ចំណាត់ថ្នាក់​ពី​២៩ ទៅ​៣៨ រួមមាន តា​ហ្ស៊ី​គី​ស្ថាន ចិន​-​តៃប៉ិ ម៉ា​ល់​ឌី​វ ម៉ាឡេស៊ី ឡាវ ឥណ្ឌា យ៉េ​មែន ទី​ម័​រ​ខាងកើត បង់​ក្លា​ដែ​ស និង​កម្ពុជា នឹងត្រូវ​ប៉ះគ្នា​មួយគូៗ (៥​គូ​) សម្រាប់​ការប្រកួត Play-off I ។ ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ (៥​ក្រុម​) នឹង​ទទួលបាន​កៅអី​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​បី AFC Asian Cup ឆ្នាំ​២០១៩ ។​
 
​សម្រាប់​៥​ក្រុម​ដែល​ចាញ់ ពួកគេ​នៅមាន​ឱកាស​លើក​ទី​ពីរ សម្រាប់​ការប្រកួត Play-off II ដែលមាន​ប៊ូ​តង់ (​ក្រុម​ពិន្ទុ​ទាប​ជាងគេ​ពី​ការប្រកួត​ជម្រុះ World Cup) រង់ចាំ​។ ក្រុម​ជម្រើសជាតិ​ទាំង​៦ នឹងមាន​ការបែងចែក​ជា​៣​គូ ហើយ​ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ (៣​ក្រុម​) នឹងចូលរួម​ជាមួយ​៥​ក្រុម​ទៀត សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​បី AFC Asian Cup ឆ្នាំ​២០១៩ ។​
 
​យោងតាម​កាលវិភាគរ​បស់ AFC ការប្រកួត Play-off I នឹង​រៀបចំឡើង​ចំនួន​២​ជើង ដោយ​ប្រព្រឹត្តទៅ​ចន្លោះ​ថ្ងៃទី​២ និង​ថ្ងៃទី​៧ ខែមិថុនា ខណៈ​ការប្រកួត Play-off II នឹងមាន​២​ជើង​ដូចគ្នា ដោយ​ដំណើរការ​ចន្លោះ​ថ្ងៃទី​៦ ខែកញ្ញា និង​ថ្ងៃទី​១១ ខែតុលា​៕